តាមការចុះផ្សាយរបស់គេហទំព័របរទេសមួយ បានឲ្យដឹងថាការបង្ហោះសារ Status លើបណ្តាញសង្គមច្រើនពេកជារៀងរាល់ថ្ងៃ គឺជារោគសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមនឹងកើតរោគផ្លូវចិត្ត។
ទម្លាប់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនចូលចិត្តការបង្ហោះ Status ជាអក្សរសុទ្ធឬលាយឡំនូវរូបភាព Selfie ណាមួយ ដោយពួកគេគិតថាអាចកាត់បន្ថយភាពតានតឹងពីក្នុងខ្លួន ព្រោះអាចចែករំលែកទៅកាន់មនុស្សឯទៀត។
ប៉ុន្តែការធ្វើបែបនេះប្រសិនស្ថិតក្នុងសកម្មភាពញឹកញាប់ខ្លាំងពេក វាត្រូវបានរាប់បញ្ចូលជារោគសញ្ញាមិនល្អទៅវិញ ព្រោះអាចថាអ្នកជាមនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ហើយឆាប់បង្ហាញទៅកាន់ពិភពខាងក្រៅឆាប់រហ័សពេក។
ទម្លាប់បែបនេះនឹងធ្វើឲ្យអ្នកឆាប់មានអារម្មណ៍មួម៉ៅ ហើយកើតមានបញ្ហាអ្វីបន្តិច នឹងប្រញាប់ចែកចាយលើបណ្តាញសង្គមភ្លាម ទោះពេលខ្លះជាអារម្មណ៍បែបរីករាយ សប្បាយ ឬពេលខ្លះមានបង្កប់ភាពសោកសៅណាមួយក៏ដោយ។
ហេតុផលតែម្យ៉ាងគត់ដែលមនុស្សចូលចិត្តធ្វើបែបនេះ ព្រោះពួកគេចង់បាន Attention ពីមិត្តភក្តិឬមនុស្សដែលស្គាល់ឲ្យបានច្រើន ដោយជាទូទៅនៅខាងក្រៅយើងអាចប្រាប់ទៅត្រចៀកមនុស្ស ៥ ឬ ១០ នាក់ តែលើបណ្តាញសង្គមមានមិត្តភក្តិរាប់រយរាប់ពាននាក់ឯណោះអាចបានដឹង៕
រក្សាសិទ្ធប្រែសម្រួល៖ KnongSrok