ដឹងថាមិនសម ដឹងថាមិនគប្បី តែក្ដីស្រឡាញ់ គ្មាននរណាម្នាក់អាចហាមឃាត់ ឬបញ្ឈប់បានងាយៗនោះឡើយ ដឹងហើយថា ខ្លួនឯងនៅមានកម្រិត តែចិត្តចង្រៃ នៅតែស្រឡាញ់គេ ហ៊ានប្រាថ្នាចង់បានគេ តែក៏បានត្រឹមតែគិត និងផ្ដល់ក្ដីសង្ឃឹមឆ្កួតឡប់តែម្នាក់ឯង។
គ្រប់គ្នានិយាយត្រូវ គេនៅខ្ពស់ណាស់ គេស្អាត គេឡូយ ហើយគេក៏ជាកូនអ្នកមានទៀត យើងមិនសមនឹងគេទេ ទោះគ្រប់គ្នាមិននិយាយ ក៏ខ្ញុំដឹងខ្លួនឯងដែរ តែដឹងទេថា ខ្ញុំស្រឡាញ់គេខ្លាំងប៉ុនណា គេមិនមែនជាមនុស្សដំបូងដែលខ្ញុំស្រឡាញ់ទេ តែគេជាមនុស្សចុងក្រោយ ហើយក៏ជាមនុស្សដែលខ្ញុំស្រឡាញ់ខ្លាំងជាងអ្នកមុនៗទៅទៀត។
អារម្មណ៍ខ្ញុំក្នុងពេលនេះ មិនសុំ ឬទាមទារអ្វីច្រើននោះឡើយ គឺសុំត្រឹមតែបានស្រឡាញ់គេតែប៉ុណ្ណោះ។ ពិតមែន ខ្ញុំខុស ខុសដែលមិនប្រមាណខ្លួនឯង ហ៊ានទៅដាក់ចិត្តស្រឡាញ់គេ តែវាក៏មិនមែនជាទោសនោះដែរ ព្រោះការស្រឡាញ់មនុស្សម្នាក់ គ្មានច្បាប់ណាមកហាមនោះឡើយ។
ជាការពិត មនុស្សដែលខ្ញុំស្រឡាញ់គាត់ស្អាតមែន មិនចាញ់តារា តែយ៉ាងណា ក័ខ្ញុំមិនបានស្រឡាញ់ព្រោះតែគាត់ស្អាតនោះដែរ។ តែភាពសំខាន់នោះគឺ គេជាមនុស្សល្អ គេជាមនុស្សមានហេតុផល ដឹងខុស ស្គាល់ត្រូវ ឆ្លាត ពូកែ ចិត្តល្អ ចេះជួយអ្នកដទៃ មិនដែលមើលងាយ ឬមើលស្រាលអ្នកណា ភាពល្អរបស់គាត់ ទាំងការនិយាយស្ដី ទាំងអត្តចរិត គឺគាត់ល្អទាំងអស់ ហើយក៏ជាកូនល្អថែមទៀត រកមិនបានទេ មនុស្សដែលល្អ ក៏អាចនិយាយបានថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អក៏បានដែរ តែមនុស្សជាច្រើនគឺ សុទ្ធតែស្រឡាញ់គាត់ ដូច្នេះខ្ញុំស្រឡាញ់គាត់ក៏មិនចម្លែកដែរ។
ត្រូវដឹងថា ស្រឡាញ់មនុស្សម្នាក់មិនខុសទេ សុំត្រឹមតែបានស្រឡាញ់គេ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ