សង្គមសព្វថ្ងៃមនុស្សភាគច្រើនឲ្យតម្លៃលើការកាន់ប្រើប្រាស់សម្ភារៈនិយមជាធំ។ ចំណុចនេះហើយដែលញាំងឲ្យបរិបទនៃការគិតឃើញរបស់យុវវ័យដែលកំពុងបម្រើការហើយទទួលបានប្រាក់ខែតិចតួចត្រឹម ១៥០ ដុល្លារឬលើសនោះបន្តិចបន្តួច ចូលចិត្តសម្លឹងចង់ប្រើតែរបស់ថ្លៃ ហើយលោតឆ័ត្រដូចកូនសេដ្ឋីឬអ្នកមានទ្រព្យដែលគេចាយធូរស្រាប់នោះ។
ជាអត្ថបទអប់រំមួយដែលប្រែសម្រួលចេញពីប្រភពគេហទំព័រវៀតណាម ដែលមិនថាតែក្នុងស្រុកយើងនោះទេ គឺយុគសម័យសម្ភារៈនិយមសព្វថ្ងៃទូទាំងសកលលលោក ពិបាកនឹងទាញឲ្យយុវវ័យអាចដកចិត្តចេញពីការប្រើប្រាស់របស់ថ្លៃខ្លាំងណាស់។
ត្រូវចាំថា បើមិនទាន់ឲ្យម្តាយឪពុកអាចរស់ស្រួលបួលនោះទេ សុំកុំទាន់ចំណាយថវិកាច្រើនខ្លាំងពេកលើរបស់ប្រើប្រាស់ ព្រោះរបស់ទាំងនោះជារបស់ក្រៅខ្លួនអាចមកបានតាមក្រោយ ប្រសិនអ្នកមានរបររកស៊ីឬអាជីវកម្មច្បាស់លាស់ណាមួយក្នុងដៃ។
យុវវ័យខ្លះខំធ្វើការទាំងយប់ទាំងថ្ងៃ បើកប្រាក់ខែមិនទាន់ ខំសម្រុកយកលុយទៅទិញរបស់លំអខ្លួន ដោយរឿងពិតធ្លាប់បានជួបផ្ទាល់ ខ្លះប្រាក់ខែតែ ១៥០ ដុល្លារ ហាឡើងសួរអ្នកលក់ចង់បង់រំលោះទិញសុទ្ធ iPhone 11 Pro Max ដែលតម្លៃដល់ខ្ទង់ជាង ១ ពាន់ដុល្លារ។
របស់ទាំងនេះអាចធ្វើឲ្យយើងមើលទៅមានភាពហុឺហារ ប៉ុន្តែធាតុពិតក្នុងខ្លួនគឺគ្មានអ្វីទាំងអស់ ហើយណាមួយម្តាយឪពុកក៏មិនទាន់បានរស់នៅក្នុងជីវភាពស្រួលបួលមួយថែមទៀត។ នេះមិនទាន់គិតដល់ខ្លួនឯងពេញលេញផង ព្រោះមិនដឹងថាថ្ងៃណាយើងមានបញ្ហានេះនោះ យើងជួបជំងឺឈឺថ្កាត់ ឬចាំបាច់ត្រូវប្រើប្រាស់លុយក្នុងករណីអាសន្នណាមួយ។
ជាសារអប់រំចង់បញ្ជាក់ថាប្រសិនយើងមិនទាន់នឹងនមានអ្វីមួយក្នុងដៃច្បាស់លាស់ទេ ត្រឹមប្រាក់ខែបន្តិចបន្តួចសុំកុំស្រវាគិតដល់របស់របរប្រើប្រាស់ថ្លៃខ្លាំងពេក ត្រឹមទូរសព្ទតម្លៃធូរក៏អាចហៅចេញចូលបានដូចគេ ណាមួយទាន់យើងនៅមានកម្លាំង ខួរក្បាលល្អត្រូវខំរកលុយសន្សំទុក ឬមើលគោលដៅយកលុយបង្កើតលុយទើបប្រសើរជាង៕
រក្សាសិទ្ធ៖ Knongsrok