ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សម្នាក់ ដែលអាចជាចំណែកក្នុងជីវិតអ្នក អាចរួមសុខ រួមទុក្ខ ជាមនុស្សដែលអ្នកនឹកដល់ ទោះត្រឹមតែពេលដែលអ្នកត្រូវការ ពេលអ្នកមានបញ្ហា ឬពេលអ្នកមានទុក្ខក៏ដោយ សុំត្រឹមតែឱ្យខ្ញុំបាននៅក្បែរអ្នក សុំត្រឹមតែបានស្រឡាញ់អ្នក ទោះស្រឡាញ់តែម្ខាងក៏ខ្ញុំសុខចិត្ត។
ក្ដីស្រឡាញ់មួយនេះ ជាក្ដីស្រឡាញ់មួយដ៏ពិតប្រាកដ ខ្ញុំព្រមលះបង់គ្រប់យ៉ាងដើម្បីអ្នក ដោយមិនខ្វល់ទេថា អ្នកតបការស្រឡាញ់មកវិញឬអត់ សំខាន់គឺសុំបាននៅក្បែរអ្នក មិនខ្វល់ថា ក្នុងឋានៈជាអ្វីក៏ដោយ សុំត្រឹមតែកុំស្អប់ កុំទើសទាល់ ការស្រឡាញ់របស់ខ្ញុំ គឺស្រឡាញ់ម្នាក់ឯង អាចឃើញអ្នកមានក្ដីសុខ ខ្ញុំមិនរំខាន ឬធ្វើឱ្យអ្នកលំបាកនោះឡើយ។
កុំទើសទាល់អី ក៏កុំបាច់ខ្លាចខ្ញុំខឹង ឬអន់ចិត្ត តូចចិត្ត ព្រោះចិត្តខ្ញុំមិនថ្វីទេ មុននឹងដាក់ចិត្តស្រឡាញ់អ្នក ខ្ញុំបានត្រៀមចិត្ត និងបានដាក់ចិត្តរួចហើយ ឱ្យតែអ្នកមានក្ដីសុខ មានសុភមង្គល ឱ្យតែបានស្រឡាញ់អ្នក ឱ្យតែបាននៅក្បែរ មើលថែអ្នក ការពារ ជាទីប្រឹក្សា ជាមិត្តកំដរ ខ្ញុំក៏អស់ចិត្តហើយ ... មនុស្សម្នាក់នេះ សុំត្រឹមតែជាមិត្ត គឺមិត្តល្អមួយជីវិតរបស់អ្នកបានហើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ