កំពង់ធំ៖ ថ្មីៗនេះសួនផ្កាថ្មីមួយទៀតហើយនៅក្នុងខេត្តកំពង់ធំ បានធ្វើឱ្យមហាជនមានអារម្មណ៍ប្លែកភ្នែក និងភ្ញាក់ផ្អើលខ្លាំង ដោយសួនផ្កានេះក្រៅពីស្អាតខុសប្លែកម្យ៉ាងពីសួនផ្កាដទៃ សួនផ្កានេះត្រូវបានគេដឹងថា ដាំសុទ្ធតែផ្កាស្រស់ស្អាតពូជប្លែកដែលនាំចូលពីប្រទេសជប៉ុនផ្ទាល់តែម្តង នោះគឺ «សួនផ្កាសំបូរ » ។
សម្រាប់សួនផ្កាសំបូរ ត្រូវបានគេដឹងថាមានទំហំដីដល់ទៅ ១ហិចតា ដែលអាចដាំផ្កា ឈូករ័ត្ន ជប៉ុន ដែលមានកម្ពស់ ចាប់ពី70cm>120cm បាន ចំនួនជាង 100 000ដើម(ដប់ម៉ីនដើម) ពូជឈូករ័ត្នរបស់ ជប៉ុន ផ្សេងៗជាច្រើនទៀតដែលត្រូវរីកបន្ត មានដូចជា ឈូករ័ត្នសសៃ ឈូករ័ត្នក្រហម និង ឈូករ័ត្នខ្មៅ Sun Flower Ginea Cosmos ផ្កាវល្លិ៍ Morning gloly (ពូជជប៉ុន) និងផ្កាជាច្រើនទៀតដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
ក្រៅពីអាចទស្សនាសួនផ្កាចម្រុះពណ៌ស្រស់ស្អាត និងថតរូបកម្សាន្តសប្បាយរីករាយហើយនោះ សួនផ្កាសំបូរ ក៏មានអាហារ ភេសជ្ជៈ ជាច្រើនមុខផងដែរ លក់ក្នុងតម្លៃសរម្យសម្រាប់បម្រើភ្ញៀវដែលមកកម្សាន្តពេលសម្រាកពីការងារទៀតផង។
គួរឱ្យដឹងផងដែរថា សួនផ្កាសំបូរ មានទីតាំងនៅ តាមផ្លូវចូលប្រាសាទសំបូរព្រៃគុក ចំងាយប្រមាណ ៥០០ម៉ែត្រ សួនផ្កានៅខាងឆ្វេងដៃ ឬបើជិះពីខេត្តសៀមរាប មានចម្ងាយប្រវែង១៦៨ គីឡូម៉ែតពីខេត្តសៀមរាប។
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ សួនផ្កាសំបូរ-Sambor Flower Park / Susdey