ជាការពិតណាស់ ថ្មីៗនេះវីរុសថ្មី មានឈ្មោះថា កូរ៉ូណាវីរុស ដែលឆ្លងរាលដាលជាច្រើនប្រទេស មានប្រភពផ្ទុះចេញពីក្រុងវ៉ូហាន ខេត្តហ៊ីប៉ី ប្រទេសចិន បានធ្វើឱ្យពិភពលោកមានការខ្លាចរអារ រហូតដល់អង្គការសុខភាពពិភពលោក WHO ប្រកាសអាសន្ននៃជំងឺឆ្លងមួយនេះទៀតផង។
ជាក់ស្តែងតាមការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការផ្ទុះឆ្លងជំងឺនេះដំបូងពីក្រុងវ៉ូហាន ត្រូវបានគេដឹងថាឆ្លងមកពីផ្សារគ្រឿងសមុទ្រ និងលក់សាច់ព្រៃក្នុងក្រុងនេះផ្ទាល់ ដោយសត្វដែលមានអត្រាចម្លងខ្ពស់បំផុតជាប្រភពនៃជំងឺនេះ បណ្តាលមកពីសត្វប្រចៀវ ដោយសត្វប្រចៀវគឺជាអាហារពេញនិយមមួយនៅក្នុងក្រុងវ៉ូហាន។
តែអ្វីដែលនឹកស្មានមិនដល់់នោះ សត្វប្រចៀវត្រូវបានគេដឹងផងដែរថា វាជាសត្វដែលរមែងជាប្រភពចម្លងមេរោគ និងវីរុសកាចសាហាវជាច្រើនកន្លងមក ដូចជាវីរុស Nipah Hendra Ebola និងជំងឺ SARs ដោយគេរកឃើញថាវាជាសត្វដែលផ្ទុកមេរោគគ្រោះថ្នាក់ច្រើនជាងបណ្តាសត្វដទៃទៀត។
តើលោកអ្នកឆ្ងល់ទេថា បើវាជាសត្វដែលផ្ទុកនូវមេរោគ ឬវីរុសច្រើនជាងគេ ថែមទាំងចម្លងមកមនុស្សទៀតនោះ ហេតុអ្វីប្រចៀវមិនឈឺ មិនស្លាប់ ថែមទាំងអាចរស់នៅបានទៀតនោះ? ទាំងនេះជារឿងរ៉ាវរបស់សត្វប្រចៀវមួយចំនួនពី CNN ដែលវាបានក្លាយជាសត្វដែលមានផ្ទុកមេរោគតែមិនស្លាប់ ហើយអាចចម្លងមេរោគបាន ៖
១. សត្វប្រចៀវ ជាអំបូរសត្វស្លាបតែមួយគត់ដែលអាចចិញ្ចឹមកូនដោយទឹកដោះបាន ថែមទាំងពេលហោះហើរបេះដូងលោតបាន ១០០០ដងក្នុងមួយនាទី ថែមទាំងអាចហោះបានឆ្ងាយដោយប្រើពេលខ្លីទៀត ពោលវាជាសត្វដែលមានសភាពរឹងមាំ។
២. បើទោះបីជាប្រចៀវជាសត្វមានមាឌតូច តែវាបែរជាមានអាយុរស់នៅបានយូរជាងសត្វដទៃពី ៣០ឆ្នាំ ដល់ ៤០ឆ្នាំទៅវិញ ហើយដោយសារតែវាហើរបានឆ្ងាយគ្រប់កន្លែង ការស្រូបយក និងឆ្លងមេរោគពីកន្លែងនានាក៏មានអត្រាខ្ពស់ជាងសត្វដទៃ។
៣. ទោះបីជាសត្វប្រចៀវ មានសត្វប្រភេទ និងច្រើនអម្បូរ តែវាអាចរស់នៅជាក្រុមបាន ព្រោះតែវាជាសត្វដែលចូលចិត្តរស់នៅជាក្រុមបំផុតជាពិសេសគឺនៅក្នុងរូងភ្នំងងឹតតែម្តង។ ហើយដោយសារតែការរស់នៅជាក្រុមនេះហើយ វាអាចចម្លងជំងឺ និងវីរុសគ្នាទៅវិញទៅមកបានដោយងាយ ក្រោយការហោះហើរ និងការមានប្រភពពីកន្លែងផ្សេងៗគ្នា។
៤. ពិតជាពិសេសណាស់ សត្វប្រចៀវត្រូវបានគេដឹងថាជាសត្វពិសេសមួយដែលមានហ្សែន និងសារធាតុប្រឆាំងនឹងជំងឺ ឬមេរោគខ្លាំងជាគេ ដូច្នេះហើយវាជាសត្វដែលផ្សាំនឹងជំងឺ និងមេរោគបាន ដោយមិនប៉ះពាល់ដល់សុខភាព ឬជីវិតរបស់វា។ តែក៏មិនមែនបានន័យថាមេរោគ ឬវីរុសនោះស្លាប់អស់ដែរ ផ្ទុយទៅវិញបែរជាធ្វើឱ្យមេរោគ ឬវីរុសកាន់តែផ្សាំក្នុងខ្លួនប្រចៀវឱ្យកាន់តែខ្លាំង ដោយលុះពេលវាឆ្លងមកកាន់មនុស្ស ឬសត្វ វានឹងបណ្តាលឱ្យមានអាការធ្ងន់ធ្ងរ អាចបណ្តាលឱ្យស្លាប់បានតែម្តង៕
ប្រភព៖ CNN