ជាការពិតណាស់ ខ្មែរយើងមានភាសាជាច្រើនយ៉ាង ច្រើនទម្រង់ ចំណែកឯគ្រៀមភាសាក៏មានច្រើនប្រយោគដែរ ដោយមានឃ្លាឃ្លោងប្រៀបធៀបច្រើនសណ្ឋាន ដោយពាក្យខ្លះយើងថែមទាំងមិនដឹងប្រភពទៀតផង។
ជាក់ស្តែង ពាក្យមួយឃ្លាហៅថា« អាម៉ី អាថោង » ត្រូវបានគេឧស្សាហ៍ហៅសំដោលើមនុស្ស ឬក្រុមមនុស្សដែលពូកែបញ្ជោរ ចាក់រុក លើកជើងក្នុងផ្លូវមិនល្អ ដែលភាសានេះជាភាសាដែលពោលទាំងកំហឹង ឬស្អប់ជននោះតែម្តង។ តែ តើលោកអ្នកឆ្ងល់ទេថា ពាក្យ « អាម៉ី អាថោង » មានន័យដូចម៉េ្តច មានប្រភពមកពីណា ទើបបង្កើតពាក្យនេះឡើង?
ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមធ្វើការបកស្រាយ ពាក្យ « អាម៉ី អាថោង » ដែលមានប្រភពមកពីគណនីហ្វេសប៊ុក Nao Sok ដូចខាងក្រោមនេះដើម្បីឱ្យប្រិយមិត្តបានធ្វើការយល់ដឹងបន្ថែម ៖
នៅក្នុងរឿង ឃុនឆាង ឃុនផែន ឃុនឆាង ជាកូនសេដ្ឋី មាននាយបម្រើពីរនាក់ គឺ នាយ ម៉ី និង នាយថោង។ ឃុនឆាង ដោយសារជាកូនអ្នកមានទ្រព្យ ធ្វើអ្វីៗក៏ឲ្យអ្នកបម្រើធ្វើដែរ ។ ពេលស្អប់ អ្នកណា ឃុនឆាង ឲ្យ អ្នកបម្រើ ទាំងពីរ ធ្វើបាបអ្នកខ្លួនស្អប់នោះជំនួសឲ្យខ្លួន។ អាម៉ី អាថោង អ្ហែង ធ្វើនេះ ឲ្យ អញ អ្ហែងធ្វើនោះ ឲ្យអញ ! អាម៉ី អាថោង អ្ហែង ទៅវាយអាមួយនោះមួយដៃ ឲ្យអញ ពីព្រោះវាព្រហើន ហ៊ាន មើលមុខអញ ។
អ្នកបម្រើទាំងពីរ ជាអ្នកបម្រើដ៏ស្មោះត្រង់ និង ចូលចិត្តអុជអាល នាំរឿងមកប្រាប់ ឃុនឆាងណាស់។ គេបញ្ជាអ្វីក៏ធ្វើតាម ទាំងអស់ ដោយគ្មានប្រើប្រាជ្ញាគិតថារឿងនោះ ខុសឬត្រូវឡើយ ។ គេធ្វើដូចជាគេ ជាមនុស្សយន្ត ធ្វើតែតាមការបញ្ជារបស់ចៅហ្វាយនាយគេ។
ខ្មែរប្រើពាក្យនេះ ចង់សំដៅ ដល់អ្នកធ្វើការឲ្យគេ ទាំងខ្វាក់ភ្នែក ធ្វើតែតាមគេប្រើ មិនគិតខុសត្រូវ គ្រាន់តែដើម្បីលាភសក្ការៈប៉ុណ្ណោះ ហើយពួកនេះចូលចិត្តអុជអាលមកប្រាប់ចៅហ្វាយ ពីព្រោះគដឹងថា ពេលចៅហ្វាយនាយប្រើគេ ឲ្យធ្វើអ្វីវិញនោះ គេនឹងបានរង្វាន់ខ្លះៗមិនខាន។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?