មនុស្សកើតមកក្នុងពិភពតែមួយ ប៉ុន្តែមិនប្រាកដថាសុទ្ធសឹងទទួលបានជីវិតដូចៗគ្នានោះទេ។ ក្មេងខ្លះកើតមកទទួលបានការថ្នាក់ថ្នមដិតដល់ រស់លើគំនរទ្រព្យនិងទទួលបានការអប់រំខ្ពស់ពីអាណាព្យាបាល ប៉ុន្តែក៏មានក្មេងខ្លះកើតក្នុងគ្រួសារហូបព្រឹកខ្វះល្ងាច មិនមានភាពសប្បាយរីករាយនិងកក់ក្តៅដូចក្មេងដទៃ។
យើងម្នាក់ៗក៏មិនអាចជ្រើសរើសយកកន្លែងកើតដ៏ល្អមួយនោះដែរ គ្រប់យ៉ាងគឺធម្មជាតិជាអ្នកកំណត់ ផ្ទុយទៅវិញមានតែការខិតខំរស់នៅទាំងត្រដាបត្រដួស ហើយពឹងផ្អែកលើការតស៊ូរៀនសូត្រប្រឹងប្រែងគួបផ្សំនឹងសំណាង ទើបអាចទាញឲ្យយើងមានជីវិតរស់នៅស្រួលមួយនៅថ្ងៃខាងមុខ។
រូបភាពចាក់ដោតលើបណ្តាញសង្គមបង្ហោះផ្សាយកាលពីថ្ងៃទី ១៩ មករាកន្លងទៅ កើតឡើងនៅប្រទេសថៃ បានបង្ហាញពីក្មេងក្រខ្សត់ខោមិនខោ អាវមិនអាវមួយរូប ដែលចង់ស្គាល់រសជាតិសប្បាយរីករាយជាមួយការទស្សនាតុក្កតាតាមកញ្ចក់ទូរទស្សន៍ បានព្យាយាមអឺតមើលពីខាងក្រៅផ្ទះរបស់គេ ព្រោះផ្ទះរបស់ខ្លួនគ្មានទូរទស្សន៍ដើម្បីកម្សាន្តអារម្មណ៍ដូចគេនោះឡើយ។
រូបភាពនេះក៏ទទួលបានការអាណិតអាសូរជាខ្លាំងនៅលើបណ្តាញសង្គម ហើយម្នាក់ៗបានប្រកាសចង់ស្វែងរកក្មេងនោះ និងខ្លះទៀតបញ្ចេញមតិលើកទឹកចិត្តជំរុញឲ្យក្មេងនោះខិតខំតស៊ូក្នុងជីវិតបន្ថែមទៀត៕
រក្សាសិទ្ធក្នុងស្រុក