បាត់ដំបង៖ ដូចដែលយើងបានដឹងហើយថា ខេត្តបាត់ដំបងគឺជាខេត្តដែលសម្បូរទៅដោយភាគទ្រព្យសម្បត្តិធម្មជាតិ និងសំណង់បែបវប្បធម៌ប្រវត្តិសាស្រ្តជាច្រើនសុទ្ធតែមានតម្លៃយ៉ាងថ្លាថ្លៃ។
នៅក្នុងនោះ ថ្មីៗនេះ កុដិបុរាណមួយកន្លែងត្រូវបានគេរកឃើញថាមានបន្សល់ដល់សព្វថ្ងៃនៅលើទឹកដីខេត្តបាត់ដំបងមួយនេះ ថែមទាំងមានអាយកាលដល់ទៅ ២០៥ឆ្នាំទៀតផង ពោលគឺជាការបន្សល់ដ៏អស្ចារ្យពោរពេញដោយមោទកភាពមួយនៃប្រទេសកម្ពុជា សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់ផងដែរ។
កុដិបូរាណ ដែលមានអាយុ ២០៥ឆ្នាំនេះត្រូវបានគេដឹងថាកសាងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស មាន ដំបូលប្រក់ដោយក្បឿងបុរាណ ជញ្ជាំងបាំងដោយក្តារ ដោយមានផ្នែកខ្លះយកចំបើង ភក់ និងអាចម៍គោ យកមកប៉ាតធ្វើជាស៊ីម៉ង់បិទលើជញ្ជាំង រក្សាភាពស្រស់ស្អាត និងទម្រង់ពីដើមបានយ៉ាងល្អ។
គួរឱ្យដឹងផងដែរថា កុដិបូរាណ មួយនេះមានទីតាំងស្ថិតនៅក្នុង វត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិអាចទៅទស្សនាបាន ជាពិសេសក៏មានមហាជនជាច្រើនបានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយអភិរក្សថែរក្សាឱ្យបានដិតដល់ជាងនេះផងដែ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងជាប្រយោជន៍បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាផងដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ រ៉ាត សូរ៉ា