លោក ស៊ីន-ស៊ីសាមុត (ឬស៊ិន ស៊ីសាមុត) (១៩៣៣-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ លោកមានរហស្សនាមថា ជា អធិរាជសំឡេងមាស ។ លោក ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។ ភាពល្បីល្បាញរបស់លោក ស៊ីន-ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាត លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សា។ល។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។ លោក សុីន-ស៊ីសាមុត គឺជាវីរបុរសស្នេហាជាតិ។
កន្លងទៅថ្មីៗនេះក្រុមគ្រួសាររបស់លោក ទើបតែជួបរឿងរ៉ាវដ៏អាក្រក់មួយ ដោយបាត់បង់នៅចៅប្រុសលោក ស៊ីន សេដ្ឋកុល ដែលជាបុរសស្នងតំណែងត្រកូល 'ស៊ីន' នៃអធិរាជសំឡេងមាសចុងក្រោយបង្អស់។
យ៉ាងណាមិញក្នុងអត្ថបទនេះ យើងនឹងបង្វែរឲ្យប្រិយមិត្តបានស្គាល់នៅទឹកដៃសំណេរផ្ទាល់របស់លោកតា ស៊ីន ស៊ីសាមុត ជាមួយនឹងហត្ថលេខា ហើយក្នុងសំនេរនោះសោតមានអត្ថន័យខ្លឹមសារយ៉ាងដូច្នោះថា៖ "សូមឧទ្ទិសឲ្យចម្រៀងទាំងអស់នេះ បានបំរើអារម្មណ៍អស់លោកអ្នកតរៀងទៅ"៕