នៅអំឡុងពិធីដង្ហែសពលោកឧត្តមសេនីយ៍ Qassem Soleimani នាថ្ងៃទី ៧ មករា ឆ្នាំ ២០២០ នេះ មានមនុស្សដែលចូលរួមយ៉ាងហោចណាស់ប្រមាណ ៣៥ នាក់បានបាត់បង់ជីវិត និង ៤៨ នាក់ផ្សេងទៀតរងរបួស ក្នុងចំណោមមនុស្សចូលរួមកាន់ទុក្ខជាច្រើនពាន់នាក់។ នេះបើតាមសារព័ត៌មាន CBSNews បានចុះផ្សាយ។
ការស្លាប់នេះកើតឡើងដោយសារការរត់ជាន់គ្នា ក្នុងអំឡុងកម្មវិធីដង្ហែសពនោះ ដែលស្ថិតនៅទីក្រុង Kerman ជាស្រុកកំណើតរបស់លោកឧត្តមសេនីយ៍ Qassem Soleimani។
បញ្ជាក់ថានេះជាក្បួនដង្ហែមួយផ្សេងទៀត ដែលកើតឡើងនៅថ្ងៃអង្គារនេះ ខណៈក្បួនដង្ហែធំបំផុតបានធ្វើឡើងនៅរដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់ដែលប្រមូលផ្តុំអ្នកចូលរួមប្រមាណ ១ លាននាក់ឯណោះ។
គួររំឭកថាបញ្ហានៃការប៉ះទង្គិចរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ហាក់ផ្ទុះឡើងកាន់តែខ្លាំង រហូតដល់ថ្នាក់ប្រធានាធិបតីអាមេរិកលោក Donald Trump បានបោះសារព្រមានថែមទៀតថាប្រសិនណាអ៊ីរ៉ង់ចង់ធ្វើការសងសឹកដោយប្រការណាមួយ នោះអាមេរិកអាចនឹងឈានដល់ការវាយប្រហារទៅលើទីតាំងទាំង ៥២ ដែលបានគ្រោងទុកក្នុងប្រទេសអ៊ីរ៉ង់វិញដូចគ្នា៕
ប្រភព៖ CBSNews