អ្នកខ្លះ ជាពិសេសចាស់ៗគាត់តែងយល់ថា ក្មេងៗស្រឡាញ់គ្នា រស់នៅជាមួយគ្នា ដោយមិនរៀបការ វាអាប់ឱនមុខមាត់ ខ្មាសញាតិជិតខាង គេនិយាយមុខក្រោយ ទាល់តែរៀបការ បំពេញមុខគ្រួសារ ទើបថ្លៃថ្នូរ ល្អប្រសើរ មានឈ្មោះជាប្ដីប្រពន្ធត្រឹមត្រូវទៅតាមច្បាប់ ទើបគាត់ពេញចិត្ត គិតថា អាចរួមរស់ជាមួយគ្នាបាន។
វាជាការពិត យើងជាខ្មែរ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ យើងត្រូវតែគោរព ឱ្យតម្លៃ និងមិនអាចរំលងបានទេ តែអ្វីដែលរឹតតែសំខាន់នោះគឺ សេចក្ដីសុខ សុភមង្គលជីវិតគូ ជីវិតប្ដីប្រពន្ធរបស់យើង ព្រោះវាជាបញ្ហា និងអនាគតរបស់យើងខ្លួនឯង។
រៀបការជារឿងសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ តែសុភមង្គល វារឹតតែសំខាន់ យ៉ាងណា អ្នកខ្លះ រៀបការអធិកអធម ធំដុំ ក្អុលក្អាលណាស់ តែការហើយជំពាក់គេជុំទិស ការហើយមិនបានប៉ុន្មានក៏លែងលះគ្នា សួរថា តើវាមានក្ដីសុខអី មានតម្លៃត្រង់ណា យ៉ាងណាក៏នៅតែលែងគ្នាដដែលហ្នឹង។
មូលហេតុនេះហើយ យ៉ាងណា គួរតែគិតគូរឱ្យបានច្បាស់ និងវែងឆ្ងាយ រៀបការ ឬមិនរៀបការ ជារឿងបន្ទាប់បន្សំទេ អ្វីដែលសំខាន់នោះគឺ អាចដឹងចិត្តថ្លើម អាចរួរស់ជាមួយគ្នាបានយូរអង្វែង ជីវិតគូចុះសម្រុង មិនបែកបាក់ មិនប្រេះឆា មិនក្ដៅក្រហាយ អាចរកលុយបានច្រើន រកស៊ីមានបាន មានលុយ មានឡាន មានផ្ទះ មានគ្រប់យ៉ាង ពេលនោះ អ្វីៗនឹងមកតាមក្រោយហើយ។
អត្ថបទនេះដែរ គ្រាន់តែចង់ឱ្យគ្រប់គ្នាគិតគូរ និងឈ្វេងយល់ឱ្យបានច្បាស់មុននឹងសម្រេចចត្តរៀបការ ក៏មិនមែនមានចេតនា ជម្រុញឱ្យអង្ករក្លាយជាបាយ រស់នៅ ឬពង្រាត់គ្នា ដោយរំលងប្រពៃណីនោះឡើយ តែយ៉ាងណាក៏ដោយ វាជាជម្រើសរបស់អ្នក គិតដោយខ្លួនឯង អ្វីដែលអ្នកគិតថាល្អ យល់ថាត្រឹមត្រូវទៅតាមបេះដូងខ្លួនឯង ហើយមិនបានបំផ្លាញ ឬប៉ះពាល់អ្នកដទៃ ក៏ធ្វើទៅ សេចក្ដីសុខ សុភមង្គលខ្លួនយើងវាសំខាន់ជាង៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ