ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្មេង ដែលរៀបនឹងពេញវ័យ ហើយពិធីកោរជុក ជាឈ្មោះផ្លូវការ បើតាមសម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា « កោរសក់ ឬកោរកំប៉ោយ » ដែលក្មេងប្រុសស្រីទុកលើក្បាល ចាប់តាំងពីអាយុ៣ឆ្នាំ រហូតដល់ធំ ទើបកាត់ផ្តាច់ក្នុងពិធីកោរជុកនោះ។
ទំនៀមទម្លាប់នេះ មានឫសគល់តាំងពីសម័យដែលខ្មែរ កាន់ព្រហ្មញ្ញសាសនាមកម្ល៉េះ នៅសម័យមុនទំនៀមទម្លាប់កោរជុក ក្នុងព្រះញាតិវង្ស ធ្វើជាទូទៅពុំអាក់ខានឡើយ ដោយកម្មវិធីមានសភាពឱឡារិកពេកណាស់ ពោលគឺ មានរយៈពេលដល់ទៅ៧ថ្ងៃឯណោះ។ ទោះជាយ៉ាងនេះក្តី ក៏នាពេលបច្ចុប្បន្នពិធីកោរជុក ស្ទើរតែវិនាសបាត់បង់ទៅហើយ ព្រោះគេឃើញមានរៀបចំម្តងម្កាល នៅតាមនិគមជនបទខ្លះៗ ប៉ុណ្ណោះ ដូចជានៅតាមភូមិខ្លះ នៃតំបន់អង្គរ ក្នុងខេត្តសៀមរាប និងនៅភាគខាងជើង ឬ ភាគពាយព្យ នៃប្រទេស ព្រោះតែការចំណាយច្រើនពេក។
កោរជុក ជាពិធីទំនៀមមួយដែលគេប្រារព្ធឡើងសម្រាប់ក្មេងតូច ឬជំទង់ (មានទាំងប្រុស និងស្រី) ដែលពុំទាន់ពេញវ័យនៅឡើយ ពោលគឺ គេត្រូវធ្វើពិធីនេះ នៅមុនពេលដែលក្មេងនោះ ពេញវ័យជាដាច់ខាត។ ម្យ៉ាងទៀត គេនិយមធ្វើពិធីនេះ ទៅតាមខ្សែស្រឡាយ គ្រួសារដែលមានទម្លាប់ទុកសក់ជុក រហូតតកូនតចៅ។
គួរកត់សម្គាល់ថា គេអាចកោរជុក សម្រាប់តែក្មេងម្នាក់ក៏បាន ប៉ុន្តែដោយសារពិធីនេះ តែងមានភាពឱឡារិកហើយត្រូវចំណាយធនធានច្រើនផងនោះ គេក៏និយមធ្វើចូលគ្នា។ បើធ្វើចូលគ្នា បែបនេះចំនួនក្មេងត្រូវជាចំនួនសេស ហើយបើចំនួនជាលេខគត់វិញ គេត្រូវរកក្មេងណាម្នាក់ផ្សេងទៀតមកអង្គុយឧបកិច្ចជាមួយគ្នានៅមុនពេលកោរផ្តាច់ជុក។ ក្មេងដែលត្រូវកោជុករួមគ្នានេះ ជាមធ្យមគេឃើញមានប្រមាណ៥នាក់។
# ប្រវត្តិនៃពិធីកោរជុក
១.និយមន័យ
ជុកគឺជាកំប៉ូតសក់ឬផ្នួងសក់នៃកុមារា-កុមារីដែលគេកោរទុកឲ្យនៅតែត្រង់បង្ហើយ។ តាមទំនៀមបុរាណគេទុកជុកឲ្យក្មេងតាំងតែពីអាយុ៣ឆ្នាំ។ ពិធីកោរជុកឬភាសាសាមញ្ញហៅថា កោរសក់ឬកោរកំប៉ោយ គឺជាពិធីមួយដ៏សំខាន់សម្រាប់ក្មេងដែលរៀបនិងពេញវ័យ។
២.ប្រវត្តិនៃពិធីកោរជុក
ពិធីកោរជុកជាទំនៀមទម្លាប់ខ្មែរដែលមានតាំងពីយូរយាណាស់មកហើយ។ទំនៀមទម្លាប់នេះគឺមានឫសគល់មកពីលទ្ធិព្រហ្មញ្ញសាសនាដែលប្រារព្ធធ្វើឡើងតាំងតែខ្មែរកាន់ព្រហ្មញ្ញសាសនាមកម្ល៉េះ។ព្រះគណេសដែលជាកូនរបស់ព្រះឥសូរដែលដាច់ព្រះកេសហើយត្រូវបានព្រះឥសូរ ត ឡើងវិញដោយយកក្បាលដំរីភ្ជាប់ឡើងវិញនាពេលនោះគឺកើតឡើងក្នុងថ្ងៃកោរជុក ឬតាមទំនៀមព្រាហ្មណ៍ហៅថា « ចម្រើនព្រះកេសា » របស់ព្រះគណេស។សូម្បីតែរូបគំនូរនៅវត្តបូព៌ក្នុងខេត្តសៀមរាប ក៏គេឃើញមានគំនូររឿងរាមកេរ្តិ៍ដែលក្នុងនោះពាលីបាន ព អង្គ ទ ទៅឲ្យតាបសឫសីកោរជុកនៅក្នុងពិធីមួយ។
៣.លក្ខខណ្ឌនៃពិធីកោរជុក
កោរជុកជាទំនៀមមួយដែលគេប្រារព្ធឡើងសម្រាប់ក្មេងតូចឬជំទង់ទាំងប្រុស-ស្រីដែលពុំទាន់ពេញវ័យនៅឡើយពោលគឺគេត្រូវធ្វើពិធីនេះនៅមុនពេលដែលក្មេងនោះពេញវ័យជាដាច់ខាត។គេអាចកោរជុកសម្រាប់ក្មេងតែម្នាក់ក៏បាន តែដោយពិធីនេះតែងមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើនគេក៏និយមធ្វើចូលគ្នា។បើធ្វើចូលគ្នាចំនួនក្មេងត្រូវតែជាចំនួនសេស។ប្រសិនបើទុកជុកមួយគេអាចនិមន្តព្រះសង្ឃវត្ត១ឬ៣ តែបើទុកជុក៣វិញគេត្រូវនិមន្តព្រះសង្ឃចំនួន៧វត្ត មករួមពិធីនេះ។
នៅសម័យមុន ទំនៀមទម្លាប់កោរជុកនៅក្នុងជួរព្រះរាជវង្សខ្មែរត្រូវបានគេអនុវត្តន៍ជាទូទៅនិងពុំដែលអាក់ខាននោះទេ។ជាក់ស្ដែងនៅដើមស.វទី២០ ពិធីកោរជុកនៃព្រះអង្គម្ចាស់ចន្ទលេខាព្រះបុត្រារបស់ព្រះបាទនរោត្តមត្រូវបានគេប្រារព្ធធ្វើមានសភាពយ៉ាងឱឡារិកណាស់រហូតដល់ទី៧ថ្ងៃឯណោះ។ បច្ចុប្បន្ននេះពិធីកោរជុកស្ទើតែវិនាសបាត់បង់ទៅហើយដោយគេឃើញមានប្រារព្ធធ្វើម្តងម្កាលនៅស្រុកសូត្រនិគម ខេត្តសៀមរាប នឹងនៅភាគខាងជើងឬភាគពាយព្យនៃប្រទេសតែប៉ុណ្ណោះ។
៣.លក្ខខណ្ឌនៃពិធីកោរជុក
កោរជុកជាទំនៀមមួយដែលគេប្រារព្ធឡើងសម្រាប់ក្មេងតូចឬជំទង់ទាំងប្រុស-ស្រីដែលពុំទាន់ពេញវ័យនៅឡើយពោលគឺគេត្រូវធ្វើពិធីនេះនៅមុនពេលដែលក្មេងនោះពេញវ័យជាដាច់ខាត។គេអាចកោរជុកសម្រាប់ក្មេងតែម្នាក់ក៏បាន តែដោយពិធីនេះតែងមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើនគេក៏និយមធ្វើចូលគ្នា។បើធ្វើចូលគ្នាចំនួនក្មេងត្រូវតែជាចំនួនសេស។ប្រសិនបើទុកជុកមួយគេអាចនិមន្តព្រះសង្ឃវត្ត១ឬ៣ តែបើទុកជុក៣វិញគេត្រូវនិមន្តព្រះសង្ឃចំនួន៧វត្ត មករួមពិធីនេះ។
៤. គោលបំណងនៃពិធីកោរជុក
ក្រុមគ្រួសារដែលធ្វើពិធីកោរជុុកសម្រាប់បុត្រធីតារបស់ខ្លួនតែងមានគោលបំណងផ្សេងៗគ្នា។ខ្លះគឺដើម្បីប្រសិទ្ធីក្មេង ខ្លះជាការសម្តែងការតបស្នងសងគុណឪពុកម្តាយ ខ្លះដើម្បីលាបំណន់ ខ្លះចាត់ទុកជាពិធីបង្កក់ឆ្មប ខ្លះដើម្បីជាគ្រឿងមង្គលសិរីសួស្តីក្នុងជីវិតរបស់ក្មេងៗ។
៥.ការប្រព្រឹត្តទៅនៃពិធីកោរជុក
ជាទូទៅប្រជាជនខ្មែរនិយមធ្វើពិធីនេះនៅក្នុងខែមាឃ ផល្គុន នឹងពិសាខ។មានរយៈពេលចន្លោះពី២ថ្ងៃដល់១សប្តាហ៍ទៅតាមលទ្ធភាពជាក់ស្ដែង។ រីឯសណ្តាប់វិញមានដូចជា បាយសី(តំណាងសាមីអ្នកកោរជុក) បាយព្រលឹង ស្រូវកញ្ជើ គ្រឿងអង្កររាប(មានបង្កប់ន្វសម្ភារៈផ្សេងៗដូចជា ដូងនាឡិ ដូងតក់ ស្បូវភ្លាំង ត្រល់ដែលចងជាមួយចិញ្ចៀនជាដើម) ពពិល ប្រដាប់ហៅព្រលឹង ប្រដាប់កោរសក់ ព្រះខ័ន(ធ្វើពីស្លឹកត្នោត) គ្រឿងតុបតែងខ្លួន ជមផ្សេងៗ នឹងមានផ្លែឈើនានាទៅតាមលទ្ធភាពគ្រួសារ។
គេផ្តើមពិធីនេះនៅចុងរសៀលដោយរៀបចំពិធីក្រុងពាលី កិច្ចពិធីបួងសួងនៅមុខអាសនៈ អមដោយភ្លេងពិណពាទ្យខ្មែរ។នៅក្បាលព្រលប់គេនិមន្តព្រះសង្ឃ៥ឬ៧អង្គសូត្រមន្តនិងមានការសែនព្រេនរំឭកដល់ព្រលឹងដូនតា។
កិច្ចបន្ទាប់ សាមីកោរជុកត្រូវចូលពិធីមួយទៀតហៅថា ពិធីដេកអង្កររាប ដែលសាមីកោរជុកត្រូវដេកលើអង្ករ១តៅ តម្កល់ចាន៣ ពីលើសំពត់៣ហត្ថ តាមកាតចាត់ចែងរបស់អាចារ្យ តមកមានពិធីមួយទៀតជាពិហៅព្រលឹងសក់ ពិធីបង្វិលពពិលនិងបញ្ចុកទឹកដូងដែលមានរសជូរ ប្រៃ ភ្លាវ ដើម្បីទូន្មានដល់សាមីអ្នកកោរជុក។ក្រោយមកអាចារ្យក៏ឲ្យសាមីខ្លួនទន្ទេញធម៌សុគតោរហូតដល់ដេកលក់លើអង្កររាបនោះ។នៅពេលទៀបភ្លឺពេលដែលសាមីខ្លួនដឹងខ្លួនហើយរាវរកត្រល់ដែលចងភ្ជាប់នឹងចិញ្ចៀនត្បូងរួចហើយ ព្រះសង្ឃក៏ចាប់ផ្តើមសូត្រធម៌ជយន្តោចំនួន១០០ចប់។
ពិធីធ្វើធ្មេញជាកិច្ចសំខាន់មួយទៀតសម្រាប់រំងាប់ឧបទ្រព្យចង្រៃឲ្យចេញពីសាមីកោរជុកនៅមុនពិធីសំពះព្រះអាទិត្យ។នៅព្រឹកជាកិច្ចបង្ហើយបុណ្យគេចាប់ផ្តើមធ្វើពិធីកោរផ្តាច់ជុកដល់សាមីខ្លួនដោយមានព្រះសង្ឃមួយអង្គគង់លើអាសនៈបញ្ចាជាអ្នកកោរកោរភ្តាច់ជុក និងមានសង្ឃាជាច្រើនអង្គទៀតសូត្រជយន្តោនិងស្រោចទឹកឲ្យសាមីអ្នកកោរជុកជាបន្តបន្ទាប់។បន្ទាប់មកគេយកសាមីខ្លួទៅបង្វិលពពិលម្តងទៀត ចុងក្រោយគេរាប់បាត្រ និងវេរចង្ហាន់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ប្រជាជនខ្លះពុំទាន់បញចប់ពិធីត្រឹមនេះទេ គេបន្តមានពិធីចងដៃដល់សាមីខ្លួន និងរៀបចំជបលៀងជូនញាតិមិត្តដែលអញ្ជើញចូលរួមពិធីនេះទៀតផង៕
ប្រភពអត្ថបទ៖ អាជ្ញាធរជាតិអប្សរា / Khsabay
ប្រភពរូបភាព៖ Google/ មួយម៉ឺន រសជាត/ ពិធីកោរជុកក្នុងវាំងថៃ