ជារឿងមួយដ៏រីករាយ និងមោទកភាពក្រៃលែង ដោយកូនខ្មែរយើងមួយរូបមានសមត្ថភាពមិនធម្មតា អាចធ្វើការកែច្នៃសម្រាមផ្លាស្ទិកធ្វើជាម៉ាស៊ូតប្រើប្រាស់បានស្ទើរតែមិនគួរឱ្យជឿ។
កូនខ្មែរមានគំនិតច្នៃប្រតិដ្ឋប្រកបដោយគុណប្រយោជន៍ខ្ពស់ជួយសង្គម និងបរិស្ថានមួយរូបនេះ ត្រូវបានគេដឹងថាមានឈ្មោះ ឃុន ស៊ីវ ដោយលោកបានធ្វើការស្រាវជ្រាវ អាចយកសំរាម ប្លាស្ទីកចំនួន ៦ប្រភេទរួមមាន៖ ដបទឹកសុទ្ធ ដបប្រេងឆា ដបសាប៊ូ គម្របទឹកសុទ្ធ កែវកាហ្វេ និង ប្រអប់ស្នោ មកកែច្នៃធ្វើជាប្រេងម៉ាស៊ូតបាន ដោយជោគជ័យ ដោយចំណាយពេលជាងមួយឆ្នាំឯណោះ តែនៅក្នុងការផលិតត្រូវបានដឹងថាអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតដោយការផ្ទុះអំឡុងពេលកំពុង ចម្រាញ់ទៀតផង។
ដោយក្នុងមួយថ្ងៃលោកយកប្លាស្ទិកទម្ងន់ ៣០ គីឡូក្រាម មកចម្រាញ់ ជា ប្រេងម៉ាស៊ូត បានប្រមាណជា ១៩ លីត្រ ហើយប្រេងម៉ាស៊ូត ដែលច្នៃមកពីសំរាមប្លាស្ទិកនេះ គឺមាន ចំហេះខ្លាំងជាងប្រេងម៉ាស៊ូតធម្មតាទៅទៀត ។ ព្រោះប្រេងម៉ាស៊ូតធម្មតា គឺក្នុង ១ លីត្រ មានចំហេះ ០.៨៣២ ក្រាម ចំណែកប្រេងម៉ាស៊ូត ដែលលោកធ្វើនេះ គឺក្នុង ១ លីត្រ មានចំហេះ ០.៧៧៥ ក្រាម ។ បើគិតតាមក្បូន ប្រេងមួយណាស្រាលជាងគឺប្រេងមួយនោះ មានចំហេះ ខ្លាំងជាង ។ ប៉ុន្តែ នៅក្នុង ឯកសារ ដែល លោកបាន សិក្សាស្រាវជ្រាវ គឺ គេ បាន និយាយថា ប្រេងម៉ាស៊ូត ដែល ចម្រាញ ពី សំរាម ប្លា ស្ទិកនេះ មានជាតិពុល ខ្លាំង ជាង ប្រេងម៉ាស៊ូតធម្មតា ។
តាមលោក ឃុន ស៊ីវ បានឱ្យដឹងថា ប្រេងដែលផលិតបាន នឹងត្រូវយកទៅប្រើប្រាស់នៅក្នុង អង្គការ OBT និងលក់ឱ្យសហគមន៍ជីរោទិ៍ក្នុងតម្លៃមួយដែលអាចជួយកាត់បន្ថយចំណាយរបស់សហគមន៍បាន ឯចំពោះសំណល់ប្លាស្ទិកដែលសល់ពីការចម្រាញ់ជាប្រេងម៉ាស៊ូត គឺលោកគ្រោងនឹងយកទៅច្នៃធ្វើឥដ្ឋបរិស្ថានដែលជួយកាត់បន្ថយការបំពុលបរិស្ថានបានមួយកម្រិតទៀតផង។
គួរឱ្យដឹងផងដែរថា សព្វថ្ងៃជាលោក ឃុន ស៊ីវ គឺជាជំនួយការប្រធានអង្គការ OBT នៅ សហគមន៍ ជីរោទិ៍ក្នុងខេត្តត្បូងឃ្មុំផងដែរ៕