ជំនឿតែងតែមានមិនបាច់រលុបឡើយ ពីអ្នកដែលមានជំនឿស៊ុបទៅលើ ជាពិសេសរឿងខ្មោច ព្រាយ បិសាច ហើយបើទោះបីជាវិទ្យាសាស្រ្តកាន់តែជឿនលឿន និងមិនជឿលើអបិយជំនឿទាំងនេះក្តី តែរឿងរ៉ាវខ្លះអ្នកវិទ្យាសាស្រ្តក៏គ្រវីក្បាលមិនអាចឆ្លើយតបនឹងអភូតហេតុខ្លះដែលនឹកស្មានមិនដល់ដូចគ្នា។
ថ្ងៃនេះដែរ « ក្នុងស្រុក» សូមបង្ហាញពីរឿងរ៉ាវខ្មោចលងពិតមួយកន្លែងនៅក្នុងប្រទេសថៃ ដែលដកស្រង់ទាំងស្រុងចេញពីគណណីហ្វេសប៊ុកផេក The Ghostkh ដូចខាងក្រោមនេះ៖
មានករណីមួយដែលគួរឲ្យសង្វេគ គឺសម្លាប់ខ្លួនទាំងគ្រួសារ ទាំងអស់មានគ្នា ៥ នាក់ ។ ករណីនេះកើតឡើងចំពោះគ្រួសារមួយ ដោយក្នុងនោះមានឳពុកអាយុប្រហែល50ឆ្នាំ និងកូនអាយុ 13ឆ្នាំម្នាក់ 10ឆ្នាំម្នាក់ និងពីនាក់ទៀតជាឳពុកម្តាយដែលរស់នៅក្នុងបន្ទុកជាមួយគ្នា អាយុប្រហែល80ឆ្នាំ ។
តាមការសន្និដ្ឋានរបស់អ្នកជិតខាងបានប្រាប់ថា ប្រហែលជាមានវិបត្តិ បញ្ហាលុយកាក់ព្រោះតែម្តាយនិងឳពុកចំណាស់ មានជម្ងឺប្រចាំខ្លួនមើលមិនជា និងខ្វះលុយកាក់អោយកូនរៀនសូត្រ ទើបសម្រេចចិត្តបបួលគ្នាសម្លាប់ខ្លួនតែម្តង នៅកន្លែងកើតហេតុគេឃើញមាន ថ្នាំកណ្តុរជាច្រើនកញ្ចប់ និងខ្សែរចងក2 ដោយឳពុកម្តាយចាស់ជរា2នាក់ ចងកសម្លាប់ខ្លួន ឳពុកនិងកូនក្មេងផឹកថ្នាំកណ្តុរសម្លាប់ខ្លួន។
បងស្រីម្នាក់ដែលត្រូវប្រពន្ធនិងជាម្តាយ បានរៀបរាប់ប្រាប់ថាគាត់ចែកផ្លូវជាមួយស្វាមី6-7ឆ្នាំហើយ ព្រោះតែរស់នៅមិនត្រូវគ្នាជាមួយម្តាយក្មេកនិងឳពុកក្មេក ដោយគាត់ចុះចេញតែខ្លួនតែគាត់នៅតែផ្តល់លុយកាក់អោយកូនតាមលទ្ធភាពដែលអាចជួយបាន ក្រោយមកគាត់ក៏ទទួលយកសពទាំង5នាក់ទៅធ្វើបុណ្យនៅឯវត្ត។
និយាយពីផ្ទះកើតហេតុខាងលើ លងសាហាវណាស់ ( សូមបញ្ជាក់ថាផ្ទះនេះគឺជាប្រភេទផ្ទះល្វែង នៅម្តុំនោះមានផ្ទះរាប់រយល្វែងតែម្តង ) អ្នកដែលនៅជាប់ផ្ទះគាត់និយាយប្រាប់ថា អោយតែយប់ឡើងចាប់ពីម៉ោង2-3យប់ឡើងទៅ លឺសំឡេងអូសអីវ៉ាន់ទៅវិញទៅមក លឺសំឡេងទឹកហូរដូចបែកសាយ៉ូរទឹកអញ្ចឹង ជួនកាលលឺសំឡេងឆាម្ហូប លឺសំឡេងនិយាយគ្នាងំៗ ហើយអ្នកខ្លះឃើញយាយតាទំាង2នាក់អង្គុយមុខផ្ទះដូចកាលនៅរស់ចឹង រឹតតែគួរឲ្យខ្លាចនោះគឺព្រលប់ឡើង ក្មេងទាំងពីរនាក់តែងតែរត់បណ្តេញគ្នាលេងនៅផ្លូវមុខផ្ទះ ហើយយប់ជ្រៅបន្តិចគេតែងតែលឺសំឡេងគោះទ្វារចង់គ្រប់ផ្ទះតែម្តង រហូតដល់អ្នកនៅម្តុំនោះរើចេញទៅនៅកន្លែងផ្សេងឡើងស្ងាត់ឈឹងតែម្តង។
កន្លងទៅប្រហែល3_4ឆ្នាំក្រោយមក ផ្ទះនេះបានតុបតែងលាបពណ៌ បើកជួលជាថ្មី ដោយមាននិមន្តព្រះសង្ឃមកសូត្រមន្តផងដែរ គាប់ជួនមាន2នាក់ប្តីប្រពន្ធមកពីរតាមខេត្ត ដោយឃើញផ្ទះនោះដាក់ជួលក្នុងតំលៃថោក ក៏សម្រេចចិត្តជួលផ្ទះនេះនៅ ដោយសាររៀបចំអីវ៉ាន់អស់កំលាំងពួកគាត់ហូបបាយរួចចូលបន្ទប់ដេកពីរក្បាលព្រលប់ ពេលនោះប្តីគាត់សំងំបិតភ្នែកស្រាប់តែលឺសំឡេងមនុស្សមុជទឹកក្នុងបន្ទប់ទឹក គាត់ក៏បើកភ្នែកហើយរកមើលប្រពន្ធគាត់ ដំបូងគាត់គិតថាប្រពន្ធគាត់ចូលបន្ទប់ទឹក តែប្រពន្ធគាត់នៅដេកជិតគាត់សោះ គាត់មិនបានគិតអីច្រើនក៏សំងំដេកបន្ត ។
ពេលនោះស្រាប់តែលឺសំឡេងទាញទ្វារបិទមួយទំហឹង ធ្វើអោយប្រពន្ធគាត់ និងគាត់ភ្ញាក់ព្រមគ្នាតែម្តង គាត់នឹងប្រពន្ធសំឡឹងមុខគ្នា ហើយគិតថាគាត់ភ្លេចបិទទ្វារបន្ទប់ហើយខ្យល់បក់ទើបលឺសំលេងខ្លាំង គាត់ក៏ដេកទៅវិញ ស្រាប់តែកែសំឡេងប្រពន្ធគាត់ស្រែកយ៉ាងខ្លាំង គាត់ប្រាប់ប្តីគាត់ថា ឃើញ4_5នាក់ឈ្ងោកក្បាលពីរលើមុខគាត់ មុខឡើងរលួយសុទ្ធតែឈាម ប្តីគាត់ចាប់ផ្ដើមព្រឺក្បាលហើយប្រាប់ប្រពន្ធថា អោយដុតធូបប្រាប់ថាសុំនៅតែមួយយប់នេះទេ ព្រឹកស្អែកគាត់និងរើអីវ៉ាន់ចេញហើយ លុះព្រឹកស្អែកឡើងគាត់នឹងប្រពន្ធក៏ប្រញាប់ប្រញាល់រើអីវ៉ាន់ចេញពីផ្ទះនេះភ្លាម ។ រហូតមកដល់ពេលនេះជាង10ឆ្នាំហើយ ផ្ទះនៅម្តុំនេះគេតែងតែឃើញក្មេងរត់លេងនៅតាមផ្លូវរឿយៗ បើទោះជាផ្ទះនេះត្រូវរុះរើធ្វើថ្មីហើយក៏ដោយ៕
ប្រភព៖The Ghostkh