អ្នកណាៗក៏ចេះឈឺចាប់ ខូចចិត្ត ខកបំណង អស់សង្ឃឹម និងបាក់ទឹកចិត្តដែរ ជាពិសេសមនុស្សដែលពូកែលើកទឹកចិត្ត លួងលោមអ្នកដទៃ ពូកែធ្វើឱ្យគេរីករាយសប្បាយចិត្ត តែតាមការពិត ក្នុងចិត្តខ្លួនឯងកំពុងតែឈឺចាប់ខ្លាំង អស់សង្ឃឹម បាក់ទឹកចិត្ត ជួួបវិបត្តិ មានបញ្ហាច្រើនលើសលប់ តែបែរជាទៅលួងលោមគេ ប្រាប់គេឱ្យរឹងមាំ កុំអស់សង្ឃឹម តែធាតុពិតខ្លួនឯង សឹងតែបោះបង់ចោលម្ដងៗទៅហើយ តើអ្នកណាខ្លះ យល់អារម្មណ៍មួយនេះ។
អ្នកជុំវិញខ្លួន គេមើលមកថាយើងនេះរឹងមាំណាស់ ក្លាហានណាស់ អ្នកខ្លះថែមទាំងច្រណែននឹងជីវិតយើងទៀត ថាយើងនេះមិនដែលមានទុក្ខ មិនដែលពិបាកចិត្ត ឃើញតែសប្បាយ រីករាយ សើចរហូត តែគេមិនមែនយើង គេម្ដេចនឹងដឹងទៅថា ជីវិតយើងជួបបញ្ហាអ្វីខ្លះ កំពុងតែមានវិបត្តិអ្វី។ ភាពរឹងមាំអាចជារូបភាពបំភ័ន្តភ្នែក ដើម្បីកុំឱ្យគេឃើញភាពទន់ជ្រាយតែប៉ុណ្ណោះ មិនមែនជាមនុស្សរឹងមាំអីណាស់ណាទេ តែពេលខ្លះគ្មានជម្រើស ក្រៅតែពីបង្ខំចិត្តខ្លួនឯងឱ្យសម្ដែងធ្វើជារឹងមាំ យើងគ្មានជម្រើស ព្រោះមានតែខ្លួនឯង ទើបជាកម្លាំងចិត្ត និងជំហឱ្យជីវិតខ្លួនឯង។ ពេលខ្លះក៏ចង់ទន់ជ្រាយដែរ ចង់មានអ្នកលួងលោមដូចគេ ចង់មានអ្នកនៅក្បែរផ្ដល់កម្លាំងចិត្ត តែជីវិតនេះវាមើលទៅរឹងមាំពេក ទើបគ្មានអ្នកណាដឹងថា យើងកំពុងតែឈឺចាប់ ខូចចិត្ត ខកបំណង និងអស់សង្ឃឹម។
ព្រោះតែធ្លាប់ឆ្លងកាត់អារម្មណ៍ឯកា ការអស់សង្ឃឹម និងមិនមានអ្នកផ្ដល់កម្លាំងចិត្ត ឬកំពុងតែស្ថិតជាមួយនឹងបញ្ហាច្រើនជំពូក ទើបចេះតែចង់លើកទឹកចិត្តអ្នកដទៃ ចង់ធ្វើអ្វីឱ្យអ្នកដទៃសប្បាយចិត្ត និងមានសង្ឃឹម ព្រោះមិនចង់ឃើញមនុស្សក្បែរខ្លួន ត្រូវទទួលរងនូវអារម្មណ៍ ឈឺចាប់ និងឯកាដូចជាខ្លួនឯង ទើបចេះតែទ្រាំ អត់ធ្មត់ ហើយលើកទឹកចិត្តគេ លួងលោមគេ អ្វីដែលគួរធ្វើខ្ញុំធ្វើហើយ អ្វីដែលអាចធ្វើបាន ខ្ញុំក៏ធ្វើហើយដែរ គ្រាន់តែមិនចង់ឱ្យអ្នកណា ត្រូវមកឯកា ឈឺចាប់ អស់សង្ឃឹម និងរងសម្ពាធដូចជាខ្ញុំតែប៉ុណ្ណោះ តែខ្លួនខ្ញុំផ្ទាល់ ក៏ចង់បានស្នាមញញឹម ក្ដីសង្ឃឹម និងកម្លាំងចិត្តពីអ្នកជុំវិញដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ