សាស្ត្រាស្លឹករឹតខ្មែរ អាចត្រូវបានគេដឹងថា គឺជាក្បួនសម្រាប់សរសេរទុកប្រៀបដូចជាសៀវភៅបច្ចុប្បន្ន ដែលបានប្រើប្រាស់តាំងពីចុងសម័យអង្គរមក ហើយវាត្រូវបានផលិតឡើងដោយដៃ សម្រាប់កត់ត្រានូវបាលី ធម៌ទេសនា ពង្សាវតារាជវង្ស ក្បួនចម្បាំង និងក្បួនច្បាប់តម្រាផ្សេងៗជាច្រើនទៀត។
តែដោយហេតុថា សាស្ត្រាស្លឹករឹត ពិបាកធ្វើ ហើយប្រទេសយើងបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាមច្រើនលើកច្រើនសារហូតធ្វើឱ្យបាត់បង់ក្បួនគម្ពីរផ្សេងៗ ព្រមទាំងមានលំហូរចូលនៃប្រដាប់កត់ត្រាសម៧យថ្មី ដូចជាក្រដាស សៀវភៅ និងឧបករណ៍អេឡិចត្រូនិកទំនើបៗទៀតនោះ សាស្ត្រាស្លឹករឹតក៏ត្រូវបានមជ្ឈដ្ឋានទូទៅមិនសូវ យកចិត្តទុកដាក់ និងប្រើប្រាស់នោះឡើយ តែសម្រាប់អ្នកអភិរក្សាថែរក្សា នៅតែប្រឹងប្រែងផលិតវាដដែលមិនឱ្យបាត់បង់ឡើយ។
នៅក្នុងនោះផងដែរ តាមរយៈគណនីហ្វេសប៊ុក Nathavi Kim បានបង្ហោះវីដេអូមួយដែលមានក្មេងៗអង្គុយចារស្លឹករឹត យ៉ាងយកចិត្តទុកដាក់គួរឱ្យសរសើរខ្លាំង ថែមទាំងសរសេររៀបរាប់ថា៖ « ពួកគេជាអ្នករក្សាទុកនៅមរតកដូនតាខ្មែរដែលហៅថាគម្ពីរស្លឹករឹទ្ធ សរសេដោយដៃនៅលើស្លឹករឹទ្ធជាមួយនឹងកាប្រុងប្រយត្ន័ជាទីបំផុត ពីព្រោះបើមានកំហុសនៅលើពាក្យពេចន៍ណាមួយ គឺពួកគេត្រូវបោះចោលហើយសរសេម្តងទៀត..I am so proud of them as they have done an amazing work and it was my very first time see this on my eye in realities “how they make...#គម្ពីរស្លឹករឹទ្ធ »។
គួរឱ្យដឹងផងដែរថា សាស្រ្តាស្លឹករឹត គឺផលិតពីស្លឹករបស់ដើមទ្រាំង ដោយដើមទ្រាំង មានដើមកំណើតនៅភាគខាងកើត និងខាងជើងប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ នៅទ្វីបអាស៊ីអាគ្នេយ៍វិញ ដើមទ្រាំងនេះមាននៅប្រទេសកម្ពុជា ភូមា និងប្រទេសថៃ។ នៅប្រទេសកម្ពុជា ដើមទ្រាំងភាគច្រើនមាននៅខេត្តក្រចេះ និងខេត្តកំពង់ធំ។ ស្លឹកទ្រាំងនេះពេលគេយកដុត យកកាត់ និងយកចារអក្សររួច គេនឹងប្រែហៅវាថា « ស្លឹករឹត » វិញបែបនេះ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖