សង្គម ៖ មិនថាធ្វើការរដ្ឋរឺឯកជន របត់ការងារវិវាទរវាងមេនិងកូនថៅ , បុគ្គលិកជាមួយមន្ត្រីរាជការតែងតែជួបបញ្ហានៅក្នុងកន្លែងធ្វើការ ដោយពេលខ្លះបុគ្គលិកធ្វើតាមនូវអ្វីមេបញ្ជាដោយមិនគិតថាវាត្រូវរឺខុស ឯពេលខ្លះមេដោយសារតែអំណាចអាងខ្លួនធំជាង បញ្ជាបុគ្គលិកលើសហេតុផល ដែលធ្វើអោយក្រុមហ៊ុននិងស្ថាប័នទាំងមូលមិនរីកចម្រើន ជួបបញ្ហាជាច្រើន ដែលអាចឈានដល់ការប៉ះពាល់នូវហិរញ្ញវត្ថុ។ អត្ថបទខាងក្រោមនេះ សូមអានដោយយកចិត្តទុុកដាក់និងការប្រើត្រិះរិះពិចារណះពីបញ្ហានៃជ្រុងមួយនៅក្នុងសង្គមពិតជាក់ស្តែង រវាងមេនិងកូនចៅ ៖
# ថៅកែនិងអ្នកស្រោចផ្កា
ថ្ងៃមួយថៅកែបានចេញមកក្រៅផ្ទះដោយទឹកមុខសប្បាយរីករាយបំផុតដែលបានឃើញអ្នកស្រោចផ្កាព្យាយាមស្រោចយ៉ាងសកម្មនិងមានវិជ្ជាជីវៈ។មុនចូលទៅក្នុងផ្ទះវិញ ថៅកែបានលើកសរសើរដល់អ្នកស្រោចផ្កាថាល្អ ធ្វើបានល្អ ចាំដំឡើងប្រាក់ខែឲ្យបន្ថែម។
ប៉ុន្តែប៉ុន្មាននាទីក្រោយមក ក៏ស្រាប់តែមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ពេលនោះថៅកែក៏ចេញមកក្រៅផ្ទះ ម្តងទៀត បានឃើញអ្នកស្រោចផ្កាឈប់សម្រាកដោយសារភ្លៀងធ្លាក់ តែសួនផ្កាមិនទាន់ស្រោចរួចរាល់ទេ។ ថៅកែបានខឹងយ៉ាងខ្លាំង ហើយបានស្តីទៅអ្នកស្រោចផ្កាថា ហេតុអ្វីបានជាឈប់ស្រោចផ្កា ហេតុអ្វីមិនស្រោចបន្តទៀត? អ្នកស្រោចផ្កាបានឆ្លើយតបប្រកបដោយសីលធម៌ថា ភ្លៀងធ្លាក់មកហើយលោក មិនចាំបាច់ស្រោចបន្តទៀតទេលោក(មេ)។ ថៅកែខឹង និងបញ្ជាដល់អ្នកស្រោចផ្កាថា យ៉ាងដូចម្តេចបានជាខ្លាចភ្លៀង ហេតុអ្វីបានជាមិនយកឆត្រ័ទៅបាំងទឹកភ្លៀងហើយស្រោចផ្កាបន្តទៀតទៅ? អ្នកស្រោចផ្កាដោយដឹងចិត្តមេ ក៏បន្តស្រោចទៀតទៅ បើទោះជាដឹងថាមិនចាំបាច់ស្រោចក៏បានដែរព្រោះភ្លៀងមកយ៉ាងខ្លាំងហើយ។
បាត់បង់ការគិតជាកត្តាគ្រោះថ្នាក់ដល់ជាតិបំផុត ដូចគ្នានោះដែល របបស៊ីឆាងឈុនឬរបបអនានិគម បានបញ្ជាតុលាការឲ្យកាត់ក្តីតាមរយៈស្តាប់ខ្យល់ មើលមាត្រា ចំណារសាលក្រមតែម្តងទៅ (បន្លំយកកូនអុកឬ សេះដែលបានស៊ីដាក់ចូលក្នុងកំប៉ុងហើយយកមកអុក និងដាក់អង្គចំពោះដៃគូម្ខាងទៀតដោយមិនបានពិចារណា។
ចំណែកសភាក្នុងរបបអនានិគមដែលគេយល់ថាមានភ្លៀងខ្លាំងណាស់ហើយ មិនចាំបាច់ស្រោចផ្កាទេ ប៉ុន្តែបែជាសុខចិត្តបាំងឆត្រ័ទៅស្រោចបន្តទៅទៀត ថែមទាំងនាំគ្នាសម្រេចដកអាវការពារសមាជិកសភាខ្លួនឯងដោយមិនបានគិតពិចារណា ដោយធ្វើតាមតែបញ្ជារបស់ថៅកែបើទោះជាដឹងថាភ្លៀងខ្លាំងក៏ដោយ។ចំណែកអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធដែលបានបាត់បង់វប្បធម៌ការគិត បាត់វិជ្ជាជីវៈ និងទទួលយកវប្បធម៌ថ្មីមួយគឺ លែងគិត មិនចាំចាច់គិត មិនត្រូវគិត និងកុំខ្វល់ការគិត ចាំតែទទួលបញ្ជាតាមរបៀបមនុស្សយន្ត ឬតុក្កតា TOM & CHERY ។
ប្រាំបួនទាល់ ដប់ទាល់ កុំឲ្យតែទាល់ការគិត(កុំស្មុគស្មាញគំនិតរហូតដល់គិតអ្វីមិនចេញ។ គំនិតថ្លឹងថ្លែងរកហេតុផល កិច្ចការលំបាកៗលើលោកផងទាំងពួងដែលជនទាំងឡាយអាចសម្រេចបាន អាស្រ័យដោយគេមានគំនិត។គេអាចខ្វះចំណេះដឹង ខ្វះបទពិសោធលើកិច្ចការ តែទោះបីយ៉ាងណាគ៏ដោយ ក៏គេពុំអាចខ្វះគំនិត រិះរកមធ្យោបាយ វិធីសាស្រ្ត ដើម្បីសម្រេចបានដែរ។ហេតុនេះហើយ បានជាបូរាណពោលថា ប្រាំបួនទាល់ ដប់ទាល់ កុំឲ្យតែទាល់គំនិត។
លោកអ្នកមានជម្រើសច្រើន ល្អៗ និងផ្លែកៗបានលុះត្រាតែលោកអ្នកស្វែងរកគំនិតពីអ្នកដ៏ទៃឲ្យបានច្រើន (ពិគ្រោះយោបល់)។
ពលរដ្ឋ ធម្មជាតិ និងសត្វលោកជាសកលវិទ្យាល័យបើកទូលាយសម្រាប់ជាទ្រព្យចំណេះដឹងនិងជាមរតកដែលមិនចេះរីងស្ងួត។
បងប្អូនជនរួមជាតិមេត្តាកុំធ្វើគំរូតាមថៅកែ និងអ្នកស្រោចផ្ការបៀបនេះ
គោរពវិជ្ជាជីវៈរបស់ខ្លួនជាការសំខាន់ ៕
អត្ថបទ : Kem Ley