ថ្មីៗខាងរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តបោះពុម្ពក្រដាសប្រាក់រៀលថ្មីមួយសន្លឹកទៀតហើយ នោះគឺក្រដាសប្រាក់តម្លៃ ១៥០០០រៀល។ ដោយក្រដាសប្រាក់មួយសន្លឹកនេះមានមានរូបព្រះឆាយាល័ក្ខណ៍ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺដើម្បីអបអរសាទរខួបគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់១៥ព្រះវស្សា របស់ព្រះមហាក្សត្រកម្ពុជា ដែលនិងឈានមកដល់នាពេលខាងមុខនេះ។
តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះបរមរាជវាំងខ្មែរ Royal du Cambodge បានសរសេរៀបរាប់ថា៖ « រាជរដ្ឋាភិបាលកម្ពុជាបានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ» ៕
សូមជម្រាបផងដែរថា សម្រាប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ៕