ភពព្រះចន្ទ គឺជាភពរណបរបស់ភពផែនដីយើង ហើយក៏ជាភពដែលនៅជិតភពផែនដីជាភពដទៃទៀតផងដែរ។ ហេតុនេះហើយបានជាមានវត្តមានរបស់មនុស្សយើងបានទៅដល់ទីនោះ ក្នុងគោលបំណងស្រាវជ្រាវស្វែងរកលក្ខណៈវិទ្យាសាស្ត្រ។
បើលើកឡើងពីភពព្រះចន្ទ ដែលជាភពរណប និងទទួលពន្លឺជះមកផែនដីរៀងរាល់រាត្រី គេប្រាកដជានឹកឃើញដល់បុរសទី១ ជាន់លើភពមួយនេះគឺ នីល អាមស្ត្រង ដែលជាអ្នកអវកាសដ៏ជំនាញ ហើយទទួលបានឋានៈតែមួយគត់លើលោកថាជាមនុស្សដំបូងគេបានទៅដល់ភពព្រះច័ន្ទ និងបានឈរនៅទីនោះមើលមកភពផែនដីយើងវិញ។ នីល អាមស្ត្រង កើតនៅថ្ងៃទី០៥ ខែសិហា ឆ្នាំ១៩៣០ នៅរដ្ឋ Ohioសហរដ្ឋអាមេរិក។
ក្នុងពេលកុមារភាព កុមារ នីល អាមស្ត្រង ជាសិស្សពូកែម្នាក់ខាងផ្នែកវិទ្យាសាស្ត្រ ហើយក៏មានចំណូលចិត្តខាងផ្នែកអាវកាសផងដែរ។ អាយុមិនទាន់គ្រប់១០ឆ្នាំផង រូបគាត់បានធ្វើឧស្សាហ៍ចំណាយពេលច្រើននៅក្នុងព្រលានយន្តហោះក្នុងរដ្ឋរបស់ខ្លួន ដោយចូលចិត្តស្តាប់ការរៀបរាប់របស់អ្នកមានបទពិសោធន៍។ ពេលចូលពេញវ័យ នីល អាមស្ត្រង បានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យកងទ័ពជើងទឹកអាមេរិក ខាងផ្នែកវិស្វកម្មអាកាសចរវិទ្យា។
ក្នុងការបម្រើកងទ័ពជើងអាកាសពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥២ នីល អាមស្ត្រង បានទទួលបេសកម្មបើកយន្តហោះដល់ទៅ៧៨លើក បើទោះបីជាមានវ័យក្មេងក្នុងជួរកងទ័ពក៏ដោយ។ ក្រោយបញ្ចប់សង្គ្រាម នីល អាមស្ត្រង បានបន្តអាជីពក្នុងការស្រាវជ្រាវខាងផ្នែកផលិតយន្តហោះនៅក្នុងរដ្ឋរបស់ខ្លួន។ ទីបំផុតតាមរយៈស្នាដៃក្នុងអាជីពជាវិស្វករផ្នែកយន្តហោះ ព្រមទាំងទិន្នន័យជោគជ័យក្នុងសម័យសង្គ្រាមកន្លងមកផងនោះ ធ្វើឲ្យមានការចាប់អារម្មណ៍ពីគណៈកម្មាធិការទីប្រឹក្សាជាតិស្តីពី អាកាសចរវិទ្យា ហៅកាត់ NASA បានទាក់ទងរូបគាត់ ឲ្យចូលរួមក្នុងផ្នែកអ្នកជំនាញសាកល្បងយន្តហោះថ្មីៗ រួមទាំងផ្នែកទីអវកាសផង។
ក្នុងឆ្នាំ១៩៦៦ នីល អាមស្ត្រង ក៏បានសម្រេចក្តីបំណងក្លាយជាអវកាសយានិកពេញលេញ ដោយបានធ្វើដំណើរតាមយាន្តអវកាសទៅកាន់លំហរអាកាស និងត្រឡប់មកភពផែនដីវិញដោយជោគជ័យ។ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកម្មយានអវកាស អាប៉ូឡូទី១១ បានហោះឡើងចេញពីមជ្ឈមណ្ឌលអវកាស Kenedy នៅរដ្ឋ Florida ខណៈមានមនុស្សរាប់លាននាក់ជុំវិញពិភពលោក ខ្លះបានមើលផ្ទាល់ពីវាលស្រែជិតមជ្ឈមណ្ឌល ខ្លះទៀតមើលការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍។ នៅថ្ងៃទី១៩កក្កដា ក្រោយពីបានចំណាយពេល ៣ថ្ងៃ ហោះកាត់ទីអវកាស ក្នុងចម្ងាយរហូតដល់ទៅជិត ៤០ម៉ឺនគីឡូម៉ែត្រ អាប៉ូឡូទី១១ ក៏បានធ្វើដំណើរមកដល់ព្រះចន្ទ ដោយពីដំបូងហោះហួសទៅដល់ខាងក្រោយព្រះចន្ទ រួចហើយបន្ថយល្បឿន ដើម្បីអាចហោះចូលទៅក្នុងគន្លងតារាវិថីជុំវិញព្រះចន្ទ។
ក្រោយចំណាយពេលប្រមាណជាង២១ម៉ោង លើភពព្រះចន្ទ ដោយបានចំណាយពេលធ្វើការក្នុងយាន ព្រមទាំងដើររើសកម្ទេចថ្មលើភពនោះដើម្បីពាំនាំមកភពផែនដី នីល អាមស្ត្រង រួមអាកាសយានិក២រូបទៀតដែលជាជំនួយការរបស់លោក បានសម្រេចចិត្តបញ្ឆេះយានត្រឡប់មកភពផែនដីវិញ។
ក្រោយវិលត្រឡប់មកដល់ភពផែនដីវិញ អវកាសយានិកទាំង៣រូបត្រូវបានគេចាត់ទុកជាវីរៈបុរសរបស់ពិភពលោក។ នីល អាមស្ត្រង ត្រូវបានពិភពលោកផ្តល់ពានរង្វាន់កិត្តិយសជាច្រើន ហើយសហរដ្ឋអាមេរិក ក៏បន្តឲ្យរូបគាត់កាន់តំណែងជាច្រើនក្នុងអាជីពរបស់លោកជាមួយអង្គការ NASA ។ នីល អាមស្ត្រង ទើបទទួលអនិច្ចកម្មនៅក្នុងឆ្នាំ២០១២ ក្នុងអាយុ៨២ឆ្នាំ នៅរដ្ឋកំណើតរបស់លោក៕
ក្នុងស្រុករក្សាសិទ្ធ