ធ្វើជាមនុស្សស្រីម្នាក់ បើទន់ជ្រាយ ប្រាកដជាត្រូវគេមើលងាយ ធ្វើបាប តែបើរឹងមាំពេក ក៏ត្រូវគឹស្អប់ មិនចូលចិត្ត ហើយត្រូវឯកាទៀតផង។ ប៉ុន្តែ ធ្វើជាមនុស្សស្រីរឹងមាំ ល្អជាង ធ្វើជាមនុស្សស្រីទន់ជ្រាយ។
ទទួលស្គាល់ថា ធ្វើមនុស្សស្រីរឹងមាំម្នាក់ គឺពិតជាហត់នឿយណាស់ ព្រោះត្រូវគិត ត្រូវខ្វល់ ត្រុវរ៉ាប់រងគ្រប់យ៉ាងក្នុងជីវិតតែម្នាក់ឯង ត្រុវប្រឈមមុខនឹងរឿងជាច្រើន ក៏គ្មានអ្នកណាមកខ្វល់ បារម្ភ យកចិត្តទុកដាក់នឹងយើងដែរ ព្រោះអ្នកដទៃ គេមើលមកថា យើងរឹងមាំ យើងពូកែ ដូច្នេះ គេមិនអើពើនឹងយើងទេ។
មួយវិញទៀត មនុស្សស្រីរឹងមាំ ភាគច្រើនក៏ជាមនុស្សដែលរឹងក្បាល រឹងរូស មានះ មិនសូវស្ដាប់គំនិតអ្នកដទៃទេ ព្រោះជីវិតគេ គឺត្រូវជ្រើសដោយខ្លួនគេ គាស់កកាយ ត្រួសត្រាយផ្លូវដើរដោយខ្លួនឯង ដូច្នេះ ខុស ឬត្រូវ នាងក៏ព្រមប្រឈមមុខទទួលយក សំខាន់ នាងគោរពការសម្រេចចិត្តទាំងស្រុងរបស់នាង។
មនុស្សស្រីរឹងមាំម្នាក់ នាងមិនងាយនឹងចុះញម ជាមួយនឹងរឿងរ៉ាវដែលបានកើតឡើងក្នុងជីវិតឡើយ ហើយនាងក៏មិនងាយឱ្យអ្នកណាចូលមកក្នុងជីវិតនាងងាយៗដែរ ព្រោះនាងគិតថា អ្នកដែលចូលមក គឺចូលមកនាំតែបញ្ហា ឈឺក្បាលឱ្យនាងតែប៉ុណ្ណោះ។
ម្យ៉ាងមនុស្សស្រីបែបនេះ ច្រើនតែសម្ដីអាក្រក់ តែចិត្តវិញ ល្អរកគ្មានឡើយ ឱ្យតែមាននរណាម្នាក់ ពឹងគេ គឺគេជួយអស់ពីចិត្ត ក៏មិនគិតចង់បានគុណស្រ័យអីមកវិញដែរ សំខាន់ កុំតែបកក្បាលមកខាំនាងវិញទៅបានហើយ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក