បច្ចុប្បន្ននេះគូស្នេហ៍ភាគច្រើនចូលចិត្តប្រកាស និងសម្តែងពីសេចក្តីស្នេហារបស់ពួកគេនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ព្រោះតែពួកគេចង់ចែករំលែកក្តីសុខរបស់ពួកគេឱ្យគ្រប់គ្នាដឹង ហើយក៏ចង់ផ្តល់តម្លៃក្នុងនាមជាដៃគូស្នេហាដោយគ្មានការលាក់លៀមផងដែរ។
ចុះអ្នកដែលមានស្នេហា Private ជាស្នេហាលាក់លៀម មិនស្មោះត្រង់មែនទេ?
ទេ! វាមិនមែនបែបនេះទាំងអស់នោះទេ! ជាក់ស្តែងអ្នកដែលមិនចូលចិត្តបង្ហាញស្នេហាជាសាធារណៈ ព្រោះពួកគេចង់រក្សាជីវិតឯកជនរបស់ពួកគេនៅដោយឡែក មិនចូលចិត្តរញ៉េរញ៉ៃអួតអាង ឬឱ្យអ្នកដទៃវាយតម្លៃស្នេហារបស់ពួកគេឡើយ។ ហើយពេលខ្លះការមានស្នេហា Private អាចដើម្បីជាឱកាសស្វែងយល់ចិត្តគ្នាឱ្យច្បាស់ជាងមុន ដោយមិនបាច់ឱ្យអ្នកដទៃដឹងឮ ឬពាកព័ន្ធជាដើម។
នៅក្នុងនោះ ដូចដែលអ្នកបានដឹងហើយថា ប្រសិនជាអ្នកបង្ហាញស្នេហារបស់អ្នក នោះបានន័យថាអ្នកកំពុងតែបើកចំហរទំនាក់ទំនងរបស់អ្នកឱ្យគ្រប់គ្នាដឹងហើយ ដូច្នេះអ្នកនឹងត្រូវបានគេមើល និងវាយតម្លៃត្រង់ចំណុចអវិជ្ជមានជាច្រើនដូចជា៖
-នឹងមានមនុស្សនិយាយដើម ឬវិនិច្ឆ័យស្នេហារបស់អ្នកដូចជា សម្រស់គូស្នេហ៍អ្នកបែបនេះ ចរិតរបស់ពួកអ្នកបែបនោះ
-នឹងមានមនុស្សច្រណែន និន្ទា និយាយដើមស្នេហារបស់អ្នក
-ស្នេហាខ្លះអាចនឹងប៉ះពាល់ដល់កន្លែងធ្វើការ ឬអង្គភាពដែលខ្លួនរស់នៅក៏មាន
-មិនប្រាកដថាគ្រប់គ្នាមានគំនិតវិជ្ជមានចំពោះស្នេហាបស់អ្នកឡើយ
-អាចនឹងមានក្រុមមនុស្សអគតិ ព្យាយាមបំបែកបំបាក់ស្នេហារបស់អ្នក ដោយការនិយាយរឿងអតីតកាលមិនល្អរបស់អ្នក ចាក់រុកគូស្នេហ៍អ្នកជាដើម ព្រោះអ្នកបានបង្ហាញគូស្នេហ៍ជាផ្លូវការទៅហើយ (អាចនឹងមានអ្នកស្គាល់ ឬស្គាល់ឈ្មោះក៏ថាបាន)
-ពេលអ្នកតែងតែបង្ហាញរាល់សកម្មភាពទាក់ទងនឹងទំនាក់ទំនងរបស់អ្នក ឬរាល់ពេលធ្វើអី អាចនឹងមានពេបជ្រាយ និយាយដើម ជាពិសេសនិយាយអាក្រក់ពីអ្នករាល់ពេលអ្នកមានបញ្ហា ឬឈ្លោះប្រកែកគ្នា...ល.រួមទាំងមូលហេតុជាច្រើនទៀត។
អ្នកដឹងទេ ការមានទំនាក់ទំនងស្នេហាបែប Private វាក៏អាចជាវិធីការពារគូស្នេហ៍របស់អ្នកពីការដឹងពីចំណុចខ្សោយ និងការពារកេរ្ត៍ឈ្មោះរបស់ភាគម្ខាងទៀតជាពិសេសគឺខាងស្រីតែម្តង ព្រោះចាស់ៗសម័យនេះនៅតែពេបជ្រាយ និយាយដើមក្មេងៗដែលចេះមានស្នេហា ឬសង្សារជាដើមនៅឡើយនោះទេ ជាពិសេសគ្រួសារខ្លះហាមដាច់ខាតមិនឱ្យកូនចៅមានស្នេហាសោះតែម្តងក៏មាន។ ដូច្នេះការលាក់ទំនាក់ស្នេហារបស់អ្នកគឺជាការស្រលាញ់ស្មោះ និងចង់រក្សាមុខមាត់របស់អ្នកទោវិញទេ។
បន្ថែមពីនោះ ការមានស្នេហា Private អ្នកនឹងមិនខ្លាចអ្នកដទៃកកូរកកាយរឿងផ្ទាល់ខ្លួនអ្នក ជាពិសេសអតីតគូស្នេហ៍របស់អ្នកដែលមិនមានបំណងល្អ ហើយពិសេសនោះអ្នកនឹងមិនសូវជាមានសម្ពាធពីអ្នកដទៃមើលមកស្នេហារបស់អ្នកយ៉ាងម៉េចនោះទេ ហើយបើថ្ងៃណាមួយបែបគ្នា ភាគីម្ខាងទៀតអាចនឹងមិនសូវខ្មាសគេដូចជាស្នេហាបើកចំហរឡើយ។
Private Love ស្រលាញ់គ្នាស្ងាត់ៗ ឈ្លោះគ្នាស្ងាត់ៗ ដើរជាមួយគ្នាស្ងាត់ៗ យល់ចិត្តគ្នាស្ងាត់ៗ មិនបាច់ប្រាប់ឱ្យគេដឹង ឱ្យគេអបអរ ឬសើចយំនឹងស្នេហាយើងឡើយ ឱ្យតែយើងពីរនាក់ចេះស្រលាញ់គ្នា យល់ចិត្តគ្នាទៅបានហើយ ជាពិសេសស្រលាញ់គ្នាស្ងាត់ៗ ចាំពេលរៀបការចាំគគ្រឹកគគ្រេងក៏មិនទាន់ហួសពេលដែរមែនអត?
Team: ស្នេហា Private
រក្សាសិទ្ធ៖ កវីលាក់ស្នេហ៍ (កវីលាក់ស្នេហ៍-ប្រលោមលោក)