តំបន់ទេសចេណ៍ថ្មី៣ក្រៅពីការទស្សនាប្រាសាទនានាក្នុងតំបន់អង្គរកំពុងតែទាក់ទាញអ្នកទេសចរណ៍ជាច្រើន បន្ទាប់ពីពួកគេបានទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាបរួចហើយ។
កន្លែងទេសចរណ៍ទាំងនោះមាន តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប ដែលវាបាននឹងកំពុងក្លាយជាផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ ទាញភ្ញៀវទេសចរមកខេត្តសៀមរាបបន្ថែម ដើម្បីរក្សាបាននូវកំណើនទេសចរខ្ពស់ នឹងអាច ឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកើនដល់ ១០លាននាក់ នៅឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានថ្លែងក្នុងធ សន្និសីទបង្ហាញការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប កាលពីសប្ដាហ៍មុន ថា តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេ សាប និងតំបន់ដែលមាន សក្ដានុពល នៅជុំវិញនោះ ត្រូវតែអភិវឌ្ឍន៍ទៅជាផលិតផល ទេស ចរណ៍ថ្មីៗសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាបបន្ថែម។
លោកបានបន្តថា កំណើននេះអាចនឹងថមថយទៅវិញ ប្រសិនបើកម្ពុជាមិនព្រមបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ជាកត្តាទាក់ទាញបន្ថែម ពីព្រោះភ្ញៀវទេសចរមួយចំនួនមិនប្រាកដថា មកមើលតែប្រាសាទអង្គរ និងប្រាសាទដទៃទៀត ដែលស្ថិតនៅក្នុងតំបន់ បេតិកភណ្ឌអង្គរនោះឡើយ ពោលគឺពួកគេប្រាកដជាត្រូវការដើរកម្សាន្តនៅកន្លែងផ្សេងទៀត ដែលនៅមិនឆ្ងាយពីតំបន់អង្គរ។
ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ក្រៅពីសក្ដានុពលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ក៏អាចរៀបចំអភិវឌ្ឍន៍ទៅជាតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ ប្រកបដោយភាពទាក់ទាញបន្ថែមទៀតផងដែរ។ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយសម្រាប់អនុវត្តន៍លើការងារនានា មិនមែនតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺមានវិស័យពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍឱ្យមានផលិតផលទេសចរណ៍ថ្មីៗយ៉ាងណាខ្លះនោះ គឺត្រូវគិតគូរដល់បញ្ហា «ស្អាត និងបៃតង» ធ្វើយ៉ាងណាត្រូវធានាឱ្យបានថា ភ្ញៀវទេសចរដែលមកទស្សនាសៀមរាប-អង្គរហើយ ត្រលប់ទៅវិញនឹងផ្សព្វផ្សាយពីព័ត៌មានល្អៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា។
សៀមរាប-អង្គរ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិយូរមកហើយ ដោយបានធ្វើឱ្យកំណើនទេសចរកាន់តែកើនឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៨ កន្លងទៅ មានភ្ញៀវទេសចរប្រមាណ៥លាននាក់ បានទៅទស្សនាតំបន់សៀមរាប-អង្គរទាំងមូល ក្នុងចំណោមនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាន៥០ម៉ឺននាក់ផងដែរ។ ការរៀបចំផែនការមេនេះ គឺដើម្បីចូលរួមសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ដែលនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០៕