Teresa Teng (邓丽君 Deng Lijun)គឺជារាជនីសំឡេងមាស ជនជាតិតៃវ៉ាន់ ដែលមានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារខ្ទង់ឆ្នាំ 70s និង 80s ។ សំឡេងនាងប្រៀបបីដូចរង្វាន់ទេវត្តាប្រទាន ដែលផ្តល់ឱ្យនាងនូវសំឡេងពិរោះ ក្រអួនក្រអៅពីធម្មជាតិ ដោយកាលពីសម័យនោះគ្មានមេក្រូទំនេីប ឬបច្ចេកទេសសំឡេងណាជំនួយនោះទេ ការច្រៀង ការស្រែកលាន់ចេញពីបំពង់ក ខ្យល់ដង្ហេីម និងពោះ គឺជាសមត្ថភាពពិតៗដែលគ្មានអ្នកចម្រៀងណានៅសម័យនោះប្រៀបបាន ឬសូម្បីតែបច្ចុប្បន្នមានអ្នកចម្រៀងតៃវ៉ាន់ និងចិនជាច្រេីននាក់ប្រឹងពត់សំឡេងយ៉ាងណាក៏បានត្រឹមតែប្រហែលតែប៉ុណ្ណោះ។
សមត្ថភាពដ៏ពិសេសមួយទៀតរបស់ Teresa គឺនាងអាចច្រៀងបានច្រេីនភាសា ទាំងភាសាចិនកុកងឺ ទាជីវ តៃវ៉ាន់ហុកគៀន និងភាសាចិនតាមតំបន់ដទៃទៀត រួមទាំងភាសាបរទេសដូចជា អង់គ្លេស ជប៉ុន ឥណ្ឌូណេស៊ី ហេីយនាងថែមទាំងអាចនិយាយភាសាបារាំងយ៉ាងស្ទាត់ជំនាញផងដែរ។
ដោយសារតែសំឡេងដ៏ពិរោះ និងការច្រៀងបានច្រេីនភាសាបែបនេះ Teresa បានក្តោបក្តាប់អ្នកគាំទ្រស្ទេីរពាសពេញពិភពលោក ជាពិសេសប្រទេសប៉ែកអាស៊ី ហេីយសូម្បីតែប្រទេសកម្ពុជាយេីងក៏មានអ្នកស្គាល់ និងគាំទ្រនាងខ្លាំងដែរក្នុងសម័យនោះ រហូតមានបទចម្រៀងខ្មែរជាច្រេីនបទសុទ្ធតែយកភ្លេង Cover របស់ Teresa ដូចជាបទ ក្រមុំខ្ញុំអ្នកណាសង Goodbye My Love ថ្ងៃនេះបងក្បត់ និងបទចម្រៀងជាច្រេីនទៀតដែលច្រៀងដោយអ្នកនាង សុង សេងហ៊ន។
គួរឱ្យស្តាយ ពាក្យចាស់ពោលថាមនុស្សល្អ និងមនុស្សដែលមានសមត្ថភាពពិតកម្រមានជីវិតរស់នៅលេីលោកបានយូរណាស់ ឬគេអាចថាជាមនុស្សឆាប់ផុតកម្មផុតពៀរ ដោយ Teresa Tang ត្រូវបានគេផ្តល់ដំណឹងថាបានទទួលមរណភាពដោយជំងឺផ្លូវដង្ហេីមហឺត (asthma) ក្នុងអំឡុងពេលសម្រាកលំហែកាយជាមួយមិត្តប្រុសជនជាតិបរទេសនៅខេត្តឈៀងម៉ៃ ប្រទេសថៃក្នុងសណ្ឋាគារមួយកន្លែងឈ្មោះ The Imperial Mae Ping ក្នុងថ្ងៃទី ៨ ខែឧសភា ឆ្នាំ 1995 (អាយុ ៤២ឆ្នាំ)។
នៅក្នុងនោះមានមនុស្សមួយចំនួនបានដាក់ការសង្ស័យថាការស្លាប់របស់ Teresa Teng អាចនឹងនឹងជាប់ពាក់ព័ន្ធជាមួយនឹងមិត្តប្រុសរបស់នាងឈ្មោះ Paul Quilery ដោយសាកសពរបស់នាងមានស្នាមរបួសដូចត្រូវគេទះកំភ្លៀងនៅលើថ្ពាល់ខាងឆ្វេង ជាពិសេសគ្រួសាររបស់ Teresa Teng ក៏បានដាក់បន្ទុក និងទម្លាក់កំហុសទៅលើ Paul ដែរថាមិនបានមើលថែនាងឱ្យបានដិតដល់ ហើយពេលដែលពួកគេមានទំនាក់ទំនងនឹងគ្នា Paul ជាមនុស្សដែលចូលចិត្តជក់បារីណាស់ បើទោះបីជាដឹងថា Teresa Teng មានជំងឺផ្លូវដង្ហើមក៏ដោយក៏គេមិនបញ្ឈប់ការជក់នោះដែរ ដែលធ្វើឱ្យជំងឺរបស់ Teresa មួយថ្ងៃកាត់មួយថ្ងៃកោរ តែ Paul បានបកស្រាយថាមុននឹងធ្វើវិស្សមកាលនៅប្រទេសថៃ Teresa បានជាសះស្បើយពីជំងឺជិតពីខែមកហើយ។
បញ្ហាមួយផ្សេងទៀត មានអ្នកខ្លះបាននិយាយថា ពេលដែល Teresa Teng បញ្ជូនចេញពីសណ្ឋាគារទៅមន្ទីរពេទ្យនាងនៅមានដង្ហើម និងអាចមានសង្ឃឹមរស់រាន តែអាចដោយសារតែខ្វះបច្ចេកទេស ឬការព្យាបាលខុសដែលអាចនាំឱ្យនាងបាត់បង់ជីវិត។
ចំណុចសង្ស័យជាច្រើនត្រូវបានគេរកឃើញ សូម្បីតែក្រុមគ្រួសារនាងក៏បានទាមទារឱ្យបេីកសំណុំរឿងបេីកការស៊េីបអង្កេតឡេីងវិញដែរ តែយ៉ាងណាប៉ូលីសបានបិទសំណុំរឿងនេះដោយដាក់បន្ទុកថាការស្លាប់គឺដោយសារតែជំងឺតែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំថ្ងៃគម្រប់ការស្លាប់របស់ Teresa Teng អ្នកគាំទ្រ និងទូរទស្សន៍ល្បីៗតែងតែរៀបចំកម្មវិធីពិសេសៗស្រាប់នាងយ៉ាងអធិកអធម ដូចជារៀបចំ Concert ប្រជុំដោយតារាដែលមានសំឡេងស្រដៀង Teresa ជាពិសេសក៏មានការបញ្ចាំង Hologram ដែលជាកម្មវិធីរៀបចំកាត់តចេញជារូបភាពដូចជារូប Teresa Teng ពិតៗតែម្តងទៀតផង៕
By: កវីលាក់ស្នេហ៍ (រក្សាសិទ្ធ)