ជឿថាសម័យបច្ចុប្បន្នទំនោរទៅលើការប្រើសម្ភារៈនិយម ស្ទើរតែបានក្លាយទៅជាជំងឺឆ្លងទៅហើយ ដោយម្នាក់ៗយល់ថាពាក្យប្រេនគឺជាពាក្យទាន់សម័យ ប្រើដើម្បីបង្អួតគេ ហើយការប្រើប្រេននឹងធ្វើឱ្យអ្នកឡូយឆាយ High និងធ្វើឱ្យគ្រប់គ្នាកោតសរសើរ ទាំងនេះគឺជាគំនិតអ្នក Fake Brand តែប៉ុណ្ណោះ។
មុននឹងប្រើប្រេនអ្នកត្រូវដឹងថាតើអ្នកមានការងារធ្វើហើយឬនៅ ឬក៏នៅសិក្សា? អ្នកចាយលុយខ្លួនឯង ឬក៏នៅលើកដៃសុំម៉ាក់ប៉ានោះទេ? បើនៅចាយលុយអ្នកផ្ទះទេ ប្រើរបស់ល្មមៗទៅ ចាយឱ្យសមនឹងទឹកប្រាក់ដែលអ្នកមានទៅ កុំឃើញដំរីជុះប្រឹងជុះតាមដំរីនោះ។
តែសម្រាប់មនុស្សមួយចំនួនដែលគេប្រើរបស់ប្រេន ដោយការប្រើសមត្ថភាព និងលុយខ្លួនឯង អ្នកត្រូវដឹងថា គេគឺមានហេតុផល ហើយការចំណាយលើរបស់ប្រេនដោយការពិចារណាគឺជាអ្នកដែលស្គាល់តម្លៃរបស់ប្រេនពិតប្រាកដ។ ការប្រើរបស់ប្រេនដូចជា កាបូប ខោអាវ ទឹកអប់...ល. គឺភាគច្រើនជាតម្រូវការដ៏ចាំបាច់សម្រាប់អ្នកដែលមានកម្រិតធ្វើការថ្នាក់ខ្ពស់ ដែលត្រូវការតុបតែងស្លៀកពាក់ឱ្យបានសមរម្យ និងចូលក្នុងសង្គម កុំឱ្យគេដៀល ឬមើលងាយថា ឋានៈប៉ុណ្ណឹងដែរ ប្រាក់ខែប៉ុណ្ណឹងដែរធ្វើខ្លួនមិនច្រលំនឹងគេ។ ហើយអ្វីដែលសំខាន់ ការប្រើរបស់ប្រេន គឺមានគុណភាពល្អប្រើមួយដឹងមួយ របស់តែមួយតម្លៃរាងថ្លៃក៏ពិតមែនតែអាចឱ្យអ្នកប្រើបានរាប់ឆ្នាំ ពោលការប្រើរបស់ប្រេនក៏ជាកត្តាមួយដែលជួយសន្សំសំចៃប្រាក់ខែរបស់អ្នកផងដែរ។
ដូច្នេះមុននឹងនឹងរិះគន់អ្នកដទៃថាប្រើប្រេនៗ អ្នកត្រូវសម្លឹងទៅលើជីវភាព តំណែងការងារក្នុងក្រុមហ៊ុន និងក្នុងសង្គម ព្រោះការប្រើប្រេនមិនសុទ្ធតែដើម្បីបង្អួតអ្នកដទៃឡើយ នោះគឺជាការសម្របខ្លួននៅក្នុងសង្គមឱ្យស័ក្តិសមតែប៉ុណ្ណោះ ហើយអ្នកដែលរិះគន់គេគឺមានកត្តាតែ២នោះទេ ទី១ គឺច្រណែនគេធ្វើមិនបានដូចគេ ទី២មិនដឹងរឿងពិតថាគេប្រើប្រេនដើម្បីអ្វីតែប៉ុណ្ណោះ អ្វីដែលសំខាន់ប្រេន ឬមិនប្រេនគឺជាលុយរបស់គេ កុំឱ្យតែប្រេនដោយសារតែលុយម៉ាក់ប៉ា ឬអ្នកដទៃនោះប្រេនរបស់អ្នក គឺជាប្រេនដ៏អន់បំផុត៕
(សុំអភ័យទោសចំពោះពាក្យលើសលស់)
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
រូបភាព៖ សុំអភ័យទោស នេះគ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ