បន្ទាប់ពីជីវិតជួបការលំបាក អ្នកក៏គួរត្រៀមខ្លួនសម្រាប់វ័យចំណាស់ផងដែរ។ ក្នុងនោះមានគន្លឹះ៤យ៉ាង ដែលអាចជួយអោយជីវិតចុងក្រោយរបស់អ្នករស់នៅបានសេចក្តីសុខ សុភមង្គលពេញលេញ និងអាចរីករាយរាល់ថ្ងៃ៖
១.ដៃគូជីវិត៖ កាលយើងនៅក្មេង យើងមានប្ដីប្រពន្ធ ហើយពេលចាស់ទៅជាគូជីវិត។ ការរស់នៅជាមួយគ្នារហូតដល់ទីបញ្ចប់នៃជីវិតគឺជាសុភមង្គលដ៏ធំបំផុត។ មានសុភាសិតមួយឃ្លាថា “កូនចិញ្ចឹមឪពុកមិនច្រើនដូចជីដូនមើលថែជីតាទេ” បង្ហាញឱ្យឃើញថា ប្តីប្រពន្ធនៅជាមួយគ្នា ទោះបីគ្រាន់តែហូបបាយ និងផឹកតែជាមួយគ្នាក៏មានក្តីសុខដែរ។ ការមានដៃគូដើម្បីចែករំលែកការលំបាកក្នុងជីវិតនឹងធ្វើឱ្យព្រលឹងយើងកាន់តែមានសន្តិភាព។ នៅពេលដែលកុមារធំឡើង និងក្លាយជាមនុស្សធំ ការជ្រៀតជ្រែកក្នុងជីវិតរបស់ពួកគេធ្វើឱ្យអ្វីៗកាន់តែស្មុគស្មាញ។ ចុងក្រោយ មានតែដៃគូជីវិតមួយគត់ដែលតែងតែនៅក្បែរយើង ថែរក្សា និងកំដរយើងបានជារៀងរហូត។ ដូច្នេះ ចូរប្រព្រឹត្តចំពោះប្តីប្រពន្ធរបស់អ្នកឲ្យបានល្អ ព្រោះគេជាអ្នកដែលអាចកំដរអ្នករហូតដល់ចាស់ជរា។
២.ផ្ទះ៖ ទោះបីជាផ្ទះតូចក៏ដោយ ជញ្ជាំងនីមួយៗផ្ទុកនូវអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឥដ្ឋនីមួយៗ ស្លឹកស្មៅនីមួយៗត្រូវបានដក់ជាប់ក្នុងចិត្តរបស់អ្នក។ នៅក្នុងផ្ទះនោះ យើងតែងតែអាចរកឃើញសញ្ញាសម្គាល់ខ្លួនយើង។ នៅខាងក្នុងផ្ទះ នៅចំកណ្តាលទីធ្លាតូចមួយដែលព័ទ្ធជុំវិញដោយរបង អ្នកអាចគេងសម្រាកកាយយ៉ាងមានក្តីសុខ។ អាស្រ័យហេតុនេះ សូមមេត្តាថែរក្សានិងការពារផ្ទះរបស់លោកអ្នកអោយមានសន្តិភាពដោយកុំសូវបង្កជម្លោះជាមួយសមាជិកដទៃទៀតអី។
៣.ទ្រព្យសម្បត្តិឯកជន៖ មនុស្សវ័យកណ្តាល និងមនុស្សចាស់គួរតែប្រមូលប្រាក់សន្សំខ្លះៗ។ ភាពឯករាជ្យ និងការគ្រប់គ្រងសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់អ្នកគឺមានសារៈសំខាន់ខ្លាំងណាស់។ លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ ប៉ុន្តែបើគ្មានលុយ វាពិបាកណាស់ក្នុងការទទួលបានជោគជ័យ។ ពេញមួយជីវិតរបស់អ្នក អ្នកបានខិតខំប្រឹងប្រែងដើម្បីកូនរបស់អ្នក រីឯពេលចាស់ទៅឆ្លៀតពេលសម្រាប់ក្តីសុបិនតូចៗរបស់ខ្លួន។ កុំលះបង់លុយទាំងអស់ដែលអ្នកមាន ព្រោះនៅពេលដែលអ្នកត្រូវការវា កូនរបស់អ្នកប្រហែលជាមិនបានជួយអ្នកដូចដែលអ្នករំពឹងទុកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលអ្នកមិនត្រឹមតែមានឆន្ទៈក្នុងការចំណាយប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាចំណែកមួយសម្រាប់ខ្លួនអ្នកដើម្បីធានាអនាគតខ្លួនឯងផងដែរ។
៤.សុខភាព៖ សុខភាព និងកាយសម្បទា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងជីវិត។ សម្រាប់មនុស្សចាស់ សុខភាពកាន់តែសំខាន់ជាងពេលណាៗទាំងអស់។ វាជាទ្រព្យសកម្ម និងដើមទុនដ៏មានតម្លៃ។ ទាល់តែយើងចាស់ទើបដឹងថា កេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិគ្មានន័យអ្វីឡើយ ប៉ុន្តែការរួចផុតពីជំងឺ គឺជាពរជ័យដ៏អស្ចារ្យបំផុត។ ពេលចូលដល់ដំណាក់កាលនៃជីវិតនេះ រៀនដើរតាមធម្មជាតិ និងរក្សាផ្នត់គំនិតវិជ្ជមាន ព្រោះនោះជាសំណាងរបស់អ្នក។ ត្រូវចាំថា រឿងដែលអ្នកគិតថាអាក្រក់ថ្ងៃនេះនឹងកន្លងផុតទៅ ហើយអ្វីៗនឹងល្អឡើងវិញ។ ការរក្សាអារម្មណ៍រីករាយគឺល្អសម្រាប់សុខភាពរបស់អ្នក។ មានតែសុខភាពល្អ ទើបយើងអាចមានជីវិតពោរពេញដោយភាពរីករាយ និងសុភមង្គល។ សុខភាពរាងកាយគឺជាមូលដ្ឋានគ្រឹះសម្រាប់អ្វីៗទាំងអស់។ ដូច្នេះហើយ ក្នុងវ័យនេះ អ្នកត្រូវរៀនពីរបៀបរស់នៅ និងបំពេញមុខងារឱ្យមានសុខភាពល្អ ដើម្បីរក្សាបាននូវសុខភាពល្អ និងរីករាយនឹងវ័យចាស់ប្រកបដោយសន្តិភាព៕