មនុស្សស្រីសូមចងចាំថា បើអ្នកចង់បានជីវិតមួយដែលមានគុណភាព និងមានស្តង់ដារ អ្នកត្រូវតែមានដើមទុនទាំង៤ប្រភេទខាងក្រោមនេះសិន ជាពិសេសគឺប្រភេទទី១ ដើម្បីអាចចាប់ផ្តើមផ្លូវជីវិតមួយដែលមានភាពវិជ្ជមាន និងគោលដៅច្បាស់លាស់ ព្រោះបើគ្មានដើមទុនទាំងនេះទេ អ្នកក៏មិនអាចសម្រេចបំណងប្រាថ្នាបានដែរ៖
១.ដើមទុនសុខភាព៖ ក្នុងជីវិតមនុស្សគ្រប់គ្នានឹងដឹងថាសុខភាពគឺជាវត្ថុដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ពួកគេ។ បន្ទាប់មកថ្ងៃណាមួយអ្នកនឹងដឹងថាសម្លៀកបំពាក់ម៉ាកយីហោ ឬ កាបូបតម្លៃរាប់លានគឺគ្មានអ្វីអស្ចារ្យទេ រីឯគ្រែមន្ទីរពេទ្យគឺជារបស់ដែលថ្លៃបំផុត។ ស្ត្រីកើតមកមានកាយសម្បទាទន់ខ្សោយ ហើយឆ្លងកាត់ការសម្រាលកូនកាន់តែប៉ះពាល់ដល់សម្រស់ និងសុខភាពរបស់ពួកគេ។ ដូច្នេះហើយ បើអ្នកមិនយកចិត្តទុកដាក់លើសុខភាពទេ អ្នកប្រាកដជាស្ដាយក្រោយពេលចាស់ទៅ។ មិនថាអ្នករវល់ប៉ុណ្ណាក៏ត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អបំផុត។
២.ដើមទុនសម្រស់៖ នារីម្នាក់ប្រហែលជាមិនស្អាតទេ ប៉ុន្តែក៏មិនគួរទុកសក់ឲ្យមានសភាពរញ៉េរញ៉ៃ ឬ មានសម្លៀកបំពាក់មិនស្អាតឡើយ។ ដល់វ័យនេះ ស្ត្រីនឹងដឹងថាគ្មានមនុស្សស្រីណាដែលអាក្រក់នោះទេ គឺមានតែមនុស្សស្រីដែលមិនចេះមើលថែខ្លួនឯងប៉ុណ្ណោះ។ ទោះបីអ្នកត្រូវមើលថែប្ដី ឬ កូនមមាញឹកប៉ុណ្ណានោះទេ ក៏មិនត្រូវភ្លេចខ្លួនឯងដែរ។
៣.ដើមទុនហិរញ្ញវត្ថុ៖ ស្ត្រីដែលឈានចូលវ័យ៤០ឆ្នាំហើយនៅតែមិនមានប្រាក់សន្សំ មានការព្រួយបារម្ភខ្លាំងណាស់។ ក្នុងជីវិតនេះ យើងមិនអាចទាយទុកមុនបានឡើយ ពេលខ្លះអ្នកប្រហែលជាអកុសល "ឯកា" អ្នកប្រហែលជាមានបញ្ហាសុខភាព ឪពុកម្តាយរបស់អ្នកនឹងជួបការលំបាក... នៅពេលនេះ បើអ្នកគ្មានលុយសូម្បីតែមួយកាក់ អ្នកនឹងស្លាប់ជាមិនខាន។ ស្ត្រីដែលមានប្រាជ្ញាមិនដែលទុកឱ្យខ្លួនឯងពឹងលើអ្នកណាដើម្បីប្រាក់ឡើយ។ ពួកគេនឹងរកប្រាក់ដោយខ្លួនឯង ហើយមានការសន្សំទុកសម្រាប់ខ្លួនឯងជានិច្ច។
៤.ដើមទុនបញ្ញា៖ មិនថាអ្នកស្អាតប៉ុណ្ណាទេ បើអ្នកគ្មានចំណេះដឹង ហើយខ្ជិលក្នុងការរៀនសូត្រ វាប្រៀបដូចជាអ្នកកំពុងរស់នៅក្នុងជីវិតដែលខ្ជះខ្ជាយបំផុត។ ស្ត្រីឈានចូលដល់អាយុ ៤០ឆ្នាំ នឹងជួបប្រទះការឡើងចុះជាច្រើនក្នុងជីវិត បើអ្នកមានជំនាញជីវិតល្អ អ្នកនឹងទទួលបានជីវិតមួយដែលគ្មានហានិភ័យ៕