រាល់បន្លែផ្លែឈើខាងក្រោមនេះគឺសម្បូរទៅដោយវីតាមីន C ច្រើនបំផុត ដែលអាចជួយពង្រឹងភាពធន់របស់រាងកាយយើង ហើយវាក៏អាចជួយដល់សម្រស់ដូចជាស្បែក ក្រចក និងសក់ជាដើម។ បើអ្នកចង់ស្វែងរកវីតាមីន C កុំទទួលទានតែក្រូចអី ព្រោះបន្លែផ្លែឈើទាំងនេះមានផ្ទុកវីតាមីន C ច្រើនជាងក្រូចទៅទៀត ជាពិសេសងាយស្រួលរកទិញនៅតាមទីផ្សារ រីឯតម្លៃវិញក៏សមរម្យ៖
១.ផ្លែត្របែក៖ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ផ្លែត្របែក ១ផ្លែ មានវីតាមីន C ច្រើនជាងផ្លែក្រូច ៤ដង។ ផ្លែត្របែក 100 ក្រាមមានផ្ទុកវីតាមីន C ប្រហែល 200mg។ ទោះបីជាផ្លែត្របែកមិនមានរសជាតិជូរក៏ដោយ វាមានផ្ទុកនូវវីតាមីន C ច្រើនណាស់ ដែលល្អសម្រាប់សុខភាពរបស់អ្នក។ លើសពីនេះ ត្របែកក៏មានផ្ទុកនូវវីតាមីន A អាស៊ីតហ្វូលិក និងសារធាតុរ៉ែផងដែរ។ ទន្ទឹមនឹងនេះ ត្របែកក៏ជាផ្លែឈើដែលមានជាតិសរសៃច្រើនថែមទៀតផង។ បរិមាណសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីននៅក្នុងផ្លែត្របែក រួមចំណែកធ្វើឱ្យសុខភាពសរសៃឈាមបេះដូងប្រសើរឡើង និងពង្រឹងភាពធន់របស់រាងកាយបានយ៉ាងល្អប្រសើរ។
២.ម្ទេសប្លោកលឿង៖ យោងតាមអ្នកជំនាញ ម្ទេសប្លោកពណ៌លឿង គឺជាប្រភពសម្បូរវីតាមីន C។ ម្ទេសប្លោកពណ៌លឿង 100 ក្រាមមានផ្ទុកវីតាមីន C 184 មីលីក្រាម។ ក្នុងពេលជាមួយគ្នានេះ ប្រសិនបើអ្នកញ៉ាំម្ទេសប្លោកពណ៌លឿង 1 ផ្លែ វាអាចផ្តល់ឱ្យអ្នកនូវវីតាមីន C គ្រប់គ្រាន់សម្រាប់មួយថ្ងៃ។
៣.ម្នាស់៖ សមាសធាតុអាហារូបត្ថម្ភរបស់ម្នាស់មានផ្ទុកនូវវីតាមីនជាច្រើន ជាពិសេសវីតាមីន C។ ទន្ទឹមនឹងនោះ បរិមាណវីតាមីន C មានកម្រិតខ្ពស់ ដូច្នេះហើយនេះគឺជាផ្លែឈើដ៏អស្ចារ្យក្នុងការជួយបង្កើនភាពស៊ាំ និងកាត់បន្ថយរោគសញ្ញានៃការក្អក និងផ្តាសាយ ពង្រឹងភាពធន់របស់រាងកាយ។ លើសពីនេះ ម្នាស់ក៏សម្បូរទៅដោយជាតិសរសៃ ដែលមានប្រយោជន៍សម្រាប់ដំណើរការនៃប្រព័ន្ធរំលាយអាហារ ជួយការពារការទល់លាមក និងកាត់បន្ថយការហើមពោះ។
៤.គីវី៖ ផ្លែគីវី 100g ផ្តល់វីតាមីន C 92.7mg។ ផ្លែគីវីមានទំហំមធ្យមផ្តល់វីតាមីន C ដល់ទៅ 97% ដែលរាងកាយគួរស្រូបយកក្នុងមួយថ្ងៃ។ ការទទួលទានផ្លែគីវីជាប្រចាំអាចជួយបំពេញបន្ថែមវីតាមីន C យ៉ាងមានប្រសិទ្ធភាព បង្កើនភាពស៊ាំ មានប្រយោជន៍សម្រាប់ចរន្តឈាម និងជួយប្រឆាំងនឹងការឆ្លងមេរោគ។
៥.ផ្លែស្ត្របឺរី៖ នៅក្នុងសមាសភាពអាហារូបត្ថម្ភនៃផ្លែស្ត្របឺរីមានវីតាមីនជាច្រើនដែលល្អសម្រាប់សុខភាព។ ជាពិសេស ផ្លែស្ត្របឺរី គឺជាប្រភពដ៏ល្អនៃវីតាមីន C។ ក្នុងបរិមាណតិចតួច ផ្លែស្ត្របឺរីប្រហែល ៨ផ្លែ ផ្តល់វីតាមីន C ច្រើនជាងផ្លែក្រូច។ លើសពីនេះ ផ្លែស្ត្របឺរីក៏មានផ្ទុកនូវវីតាមីន B9 និងប៉ូតាស្យូមផងដែរ។ ផ្លែស្ត្របឺរីមានសន្ទស្សន៍ glycemic ទាប ដូច្នេះពួកគេមានសុវត្ថិភាពសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមក្នុងការទទួលទាន៕