នៅលើលោកនេះគ្មានអ្នកណាដែលអាចគេចផុតពីការលំបាកបានទេ តែមនុស្សខ្លះគាត់ហាក់មានចិត្តទន់ខ្សោយខ្លាំង ដោយគ្រាន់តែជួបបញ្ហាគាត់បែរជាគិតខ្លីទៅវិញ។ ខុសពីមនុស្សដែលរឹងមាំ ដែលបើទោះបីជាជីវិតធ្លាក់ដល់បាតក៏គាត់នៅតែមានសង្ឃឹមរស់ដើម្បីកែប្រែវាសនារបស់គាត់ឡើងវិញ។ ដោយសារតែឃើញថាវាពិតជាពិបាកនឹងឆ្លងកាត់ពេលវេលាលំបាក ហេតុនេះយើងសូមណែនាំអ្នកនូវរឿងទាំង៤ដែលអ្នកអាចអនុវត្តបាននៅអំឡុងពេលជួបការលំបាក ដើម្បីស្តារអោយជីវិតមានដំណើរការរលូនមកវិញ៖
១.ដឹងពីរបៀបរស់នៅដោយស្ងៀមស្ងាត់៖ មានពេលខ្លះអ្នកត្រូវអ្នកដទៃយល់ខុស ហើយអ្នកមិនចង់ប្រកែក ដូច្នេះអ្នកអាចជ្រើសរើសភាពស្ងៀមស្ងាត់បាន។ ព្រោះមិនមែនគ្រប់គ្នាយល់ពីអ្នកទេ ដូច្នេះកុំព្យាយាមពន្យល់អ្វីទាំងអស់។ មានពេលខ្លះជំនួសឱ្យការនិយាយច្រើនឥតប្រយោជន៍ អ្នកគួរតែនៅស្ងៀមព្រោះនោះគឺជាចម្លើយដ៏ល្អបំផុត ទៅកាន់មនុស្សដែលមិនយល់ពីអ្នក។
២.ដឹងពីរបៀបគ្រប់គ្រងអារម្មណ៍៖ ទោះមានមនុស្សប្រើពាក្យជេរប្រមាថអ្នក ឬ ប្រើពាក្យមិនសមរម្យមកកាន់អ្នកក៏ចោយ។ បើមិនចូលចិត្តឈ្លោះ សូមអ្នកចាកចេញពីមនុស្សម្នាក់នោះ ព្រោះការដើរចេញគឺជាវិធីល្អបំផុតមួយដែលចៀសវាងកុំអោយអ្នកកាន់តែខូចអារម្មណ៍ជាងនេះ។ ត្រូវចាំថាបើអ្នកចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានកាន់តែល្អ អ្នកនឹងកាន់តែមានក្តីសុខ។
៣.ដឹងពីរបៀបបំភ្លេច៖ នៅពេលដែលអ្នកមិនចុះសម្រុងនឹងអ្នកដ៏ទៃ ឬ សូម្បីតែមានជម្លោះពាក្យសំដីជាមួយគ្នាក៏ដោយ អ្នកប្រាកដជាសោកសៅ និងមិនសប្បាយចិត្ត ដែលវានឹងធ្វើឱ្យអ្នកកាន់តែនឿយហត់។ ដូច្នេះជំនួសអោយអារម្មណ៍សោកសៅដែលអ្នកមាន សូមកុំគិតអីទៀត ចូរដកដង្ហើមវែងៗ ទៅរត់ហាត់ប្រាណ ដើម្បីឲ្យរាងកាយស្រួលខ្លួន និងស្រឡះខួរក្បាលជាងមុន។
៤.រៀនធ្វើជាមនុស្សចុះសម្រុង៖ បន្ទាប់ពីញ៉ាំអាហារជាច្រើនមុខដែលអ្នកចូលចិត្ត ពេលខ្លះអ្នកក៏គួរតែញ៉ាំអាហារតាមចិញ្ចើមផ្លូវផងដែរ ដើម្បីស្គាល់ពីរសជាតិប្លែកៗ និងទទួលបានបទពិសោធន៍ដែលអ្នកមិនធ្លាប់បានសាក។ ប្រសិនបើអ្នកមើលរឿងល្បីៗជាច្រើន សាកល្បងមើលរឿងវែងមួយដែលមានខ្លឹមសារមិនសមនឹងរសជាតិរបស់អ្នក ជួនកាលអ្នកក៏អាចមានអារម្មណ៍ល្អជាមួយវាផងដែរ។ ក្នុងជីវិតនេះអ្នកមិនគួរចងភ្ជាប់ខ្លួនឯងទៅនឹងរបស់ដែលចូលចិត្តមួយមុខនោះទេ ចូរអនុញ្ញាតឱ្យព្រលឹងរបស់អ្នកបើកចំហ និងសាកល្បងរឿងថ្មីទើបជារឿងល្អ៕