ទម្លាប់មិនល្អមួយចំនួន ដែលអ្នកបានធ្វើ ឬបានកើតឡើងមុនពេលងូតទឹក សុទ្ធតែជាសញ្ញាដែលអាចនាំឲ្យអ្នកជួបគ្រោះថ្នាក់ដល់ជីវិត ហើយមួយពព្រិចភ្នែកវាអាចឆក់យកជីវិតអ្នកបាន។ ជាពិសេសសម្រាប់មនុស្សដែលមានសុខភាពខ្សោយ និងរាងចំណាស់ត្រូវតែបញ្ចៀសទម្លាប់ទាំង ៣ ខាងក្រោម៖
៣) ទើបតែឈប់ហាត់ប្រាណភ្លាមៗ
យោងតាមអ្នកជំនាញសុខភាពបានឲ្យដឹងថា កំឡុងពេលហាត់ប្រាណ យើងរមែងបញ្ចេញសកម្មភាពខ្លាំង ដែលនាំឲ្យដំណើរការចរន្តឈាម វាធ្វើការទៅលឿនដូចគ្នា។ នៅពេលនេះប្រសិនអ្នក ទើបតែហាត់ប្រាណហើយ រួចទៅងូតទឹក នោះរន្ធញើសនឹងបើក ដែលនាំឲ្យឈាមនឹងច្រាលទៅផ្ទៃខាងលើ អាចបណ្តាលឲ្យគាំងបេះដូង ឬខួរក្បាលខ្វះអុកស៊ីហ្សែន នាំឲ្យអ្នកដួលសន្លប់មួយរំពេច។
ចំពោះករណីងូតទឹកក្រោយការហាត់ប្រាណហើយភ្លាមនេះ មិនថាតែអ្នកងូតទឹកត្រជាក់ ឬទឹកក្តៅនោះទេ គឺសុទ្ធតែប៉ះពាល់ដូចគ្នា។ បែបនេះល្អបំផុតគួរតែទុករាងកាយឲ្យសម្រាករយៈពេល ១ ម៉ោងសិនក្រោយហាត់ប្រាណ សឹមធ្វើការងូតទឹក។
២) ក្រោយភ្ញាក់ពីគេងភ្លាមៗ
មនុស្សជាច្រើនពេលភ្ញាក់ពីគេងភ្លាមៗ ទម្លាប់ទៅស្រូតងូតទឹកសម្អាតរាងកាយ ប៉ុន្តែបើស៊ីជម្រៅទៅពួកគេមិនបានដឹងនោះទេ ថានេះប៉ះពាល់សុខភាពខ្លាំងណាស់។
តាមការស្រាវជ្រាវបង្ហាញថា ការងូតទឹកភ្លាមៗក្រោយក្រោកពីដំណេក អាចធ្វើឲ្យមានកង្វះអុកស៊ីហ្សែនចូលទៅក្នុងខួរក្បាល ដែលនាំឲ្យអ្នកវិលមុខ និងឈឺក្បាល ហើយបើអ្នកសុខភាពខ្សោយទប់មិនជាប់អាចដួលបោកក្បាលមួយរំពេចនោះ។
១) ពេលអ្នកទទួលទានឆ្អែតពេក ឬឃ្លានពេក
អ្នកជំនាញបានណែនាំ គួរតែបញ្ចៀសទម្លាប់ងូតទឹកក្រោយពេល ទើបតែទទួលទានអាហារពេញពោះ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ហើយបើនិយាយពីការស្រូបយកសារធាតុចិញ្ចឹមមកកាន់រាងកាយក៏ត្រូវបានកាត់បន្ថយដែរ។
ដូចគ្នាទៅនឹងពេលងូតទឹកភ្លាមៗ ក្រោយពេលរាងកាយឃ្លានអាហារខ្លាំង នោះអាចនាំឲ្យធ្លាក់ចុះសម្ពាធឈាម ការដួលសន្លប់មួយរំពេច និងការដាច់សរសៃឈាមខួរក្បាល។ ល្អបំផុតអ្នកគួរតែងូតទឹកក្រោយរយៈពេល ៣០ នាទីពេលទទួលទានអាហាររួច ហើយគួរងូតទឹកក្ដៅឧណ្ហ៍ៗ ជៀសវាងត្រជាក់ខ្លាំងពេក ឬក្តៅខ្លាំងពេក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក