ផ្កាស្បៃរឿង មើលទៅយើងប្រហែលជាគិតថាវាគ្រាន់តែជាផ្កាតាំងលម្អផ្ទះ តែការពិតទៅផ្កាស្បៃរឿងក៏មានប្រយោជន៍ជារូបមន្តថែរក្សាសម្រស់ផ្ទៃមុខតាមបែបធម្មជាតិដែរ ដែលលោកអ្នកនឹកស្មានមិនដល់។
ដោយវាមានសារធាតុពិសេសៗជំនួយផ្ទៃមុខ ឱ្យទន់ រលោង ម៉ដ្ឋខៃ ស្រស់ស្អាត ក្មេងជាងវ័យបានផងដែរ ដោយគ្រាន់តែលាយគ្រឿងផ្សំបែបធម្មជាតិងាយរកតែប៉ុន្មានមុខតែប៉ុណ្ណោះ។
ដូច្នេះចង់ដឹងថាប្រើប្រាស់ផ្កាស្បៃរឿងតាមវិធីណាជួយឱ្យមុខស្អាត កុំឱ្យចាំយូរមករៀនពីវីធីធ្វើទាំងអស់គ្នា៖
# ផ្កាស្បៃរឿង និងទឹកដោះគោ
រូបមន្តនេះនឹងជួយកម្ចាត់មុខដែលខ្មៅខ្លោចដោយសារតែកម្តៅថ្ងៃ ជាពិសេសធ្វើឱ្យផ្ទៃមុខរបស់អ្នក ស ទន់ ម៉ដ្ឋខៃ ភ្លឺរលោងចែងចាំងស្អាតដូចស្បែកកូនក្មេង។
គ្រឿងផ្សំរួមមាន៖
១. ផ្កាស្បៃរឿង ១ទង
២. ម្សៅរមៀត (ទិញផ្សារស្រាប់ក៏បាន ឬយករមៀតស្រស់ៗហាន់ហាលថ្ងៃចាំបុកជាម្សៅក៏បាន) ចំនួន កន្លះស្លាបព្រាបាយ
៣. ទឹកដោះគោ ១ភាគ៤ពែង
ការអនុវត្ត៖
១. បេះស្រទាប់ផ្កាស្បៃរឿងត្រាំនៅក្នុងទឹកត្រជាក់ប្រមាណជា ១៥នាទី
២.បន្ទាប់មកយកផ្កានេះមកបុកឱ្យល្អិតលាយជាមួយម្សៅរមៀត និងទឹកដោះគោជាការស្រេច
៣. លុបលាងផ្ទៃមុខឱ្យស្អាត រួចយកម៉ាស់ល្បាយផ្កាស្បៃរឿងនេះលាបឱ្យសព្វផ្ទៃមុខ រួចលាបទុកចោលឱ្យស្ងួតល្អសិន ចាំលាងចេញជាមួយនឹងទឹកត្រជាក់។
៤. ដើម្បីប្រសិទ្ធភាពអ្នកអាចអនុវត្តវិធីមួយនេះ ២ដងក្នុងមួយសប្តាហ៍។
# ផ្កាស្បៃរឿង និងទឹកដោះគោជូរ
រូបមន្តមួយនេះអាចជួយកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខ លុបបំបាត់ជាតិខ្លាញ់លើស្បែក ជម្រុះកោសិកាចាស់ៗដែលងាប់ចេញពីស្រទាន់ស្បែក ហើយផ្តល់ឱ្យផ្ទៃមុខ ទន់ ភ្លឺ ម៉ដ្ឋរលោងស្អាតសឹងតែមិនគួរឱ្យជឿ។
គ្រឿងផ្សំរួមមាន៖
១. ផ្កាស្បៃរឿង ១ទង
២. ទឹកដោះគោជូរ ១ស្លាបព្រាបាយ
៣. ទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា ១ស្លាបព្រាបាយ។
ការអនុវត្ត៖
១. បេះស្រទាប់ផ្កាស្បៃរឿងត្រាំនៅក្នុងទឹកត្រជាក់ប្រមាណជា ១៥នាទី រួចយកទៅបុកឱ្យហ្មត់ សឹមលាយជាមួយនឹងទឹកដោះគោជុរ និងទឹកក្រូចឆ្មារ ហើយកូរចូលគ្នាឱ្យសព្វ
២. លុបលាងផ្ទៃមុខ រួចយកល្បាយដែលលាយរួចមកលាបឱ្យសព្វផ្ទៃមុខ
៣. ទុករហូតដល់ម៉ាស់លើផ្ទៃមុខស្ងួត ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
៤. ដើម្បីឱ្យមានប្រសិទ្ធភាព កុំភ្លេចអនុវត្តរូបមន្តនេះមួយអាទិត្យម្តង។
កុំភ្លេចសាកល្បងទាំងអស់គ្នាណា!