តើ​ “Bitcoin” គឺជាអ្វី?

Bitcoin គឺជារូបិយប័ណ្ណអេឡិចត្រូនិក ឬរូបិយប័ណ្ណឌីជីថលមួយប្រភេទ នៅក្នុង​ចំណោម​រូបិយប័ណ្ណ​ឌីជីថល ឬ​រូបិយប័ណ្ណ​គ្រីបតូ​ជាច្រើន​ (Crypto Currency) ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងរូបមន្តគណិតវិទ្យាដែលមានភាពស្មុគស្មាញ។​

អ្នកកាន់កាប់រូបិយប័ណ្ណអេឡិកត្រូនិក “Bitcoin” អាចផ្ទេរពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត បានយ៉ាងឆាប់រហ័ស ជាមួយកម្រៃជើងសារតិច និងពុំឆ្លងកាត់ធនាគារកណ្តាលឡើយ ពោល Bitcoin គឺជារូបិយប័ណ្ណឯករាជ្យ ដែលពុំមានរដ្ឋណាមួយគ្រប់គ្រងនោះទេ។

1

ថ្មីៗនេះ រូបិយប័ណ្ណអេឡិចត្រូនិកដ៏ល្បីមួយប្រភេទមានឈ្មោះថា “Bitcoin” បានឡើងតំលៃរហូតដល់ជាង ៧០,០០០ដុល្លារ ក្នុងមួយកាក់​ឬក្នុង​ 1Bitcoin ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សូមរំលឹកផងដែរថា Bitcoin ធ្លាប់ឡើងដល់ជាង ៦០,០០០ដុល្លារ នៅឆ្នាំ២០២១ និងធ្លាក់ចុះវិញនៅត្រឹមតែ ១៦,០០០ដុល្លារ ក្នុងឆ្នាំ២០២២។

បច្ចុប្បន្នយើងសង្កេតឃើញវត្តមាន មនុស្សជាច្រើនបានចាប់អារម្មណ៍ជាមួយរូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” រហូតឈានដល់ការបណ្តាក់ទុន ឬវិនិយោគជាមួយរូបិយប័ណ្ណអេឡិចត្រូនិកមួយនេះតាមរយៈឈ្មួញកណ្តាល ឬគេហទំព័រផ្សេងៗ ដែលយើងហៅថា “Broker ឬ Exchange”​ នៅលើប្រព័ន្ធអ៉ិនធឺណេត។

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការមិនទទួលស្គាល់ ឧបករណ៍ Bitcoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលនៅទីផ្សារប្រទេសកម្ពុជា”។ ពោល ប្រទេសកម្ពុជា ពុំទាន់ទទួលស្គាល់រូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” នៅឡើយនោះទេ។

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការវិនិយោគជាមួយរូបិយអេឡិចត្រូនិក “Bitcoin” និងរូបិយប័ណ្ណអេឡិកត្រូនិកផ្សេងទៀត ដែលអាចនាំឲ្យកើតមានហានិភ័យដូចជា៖

១. ប្រឈមនឹងការចាញ់បោកឈ្មួញកណ្តាល ប្រេីប្រាស់មធ្យោបាយអូសទាញ​ ប្រេីប្រាស់កម្មវិធី​ (App) ឬគេហទំព័រក្លែងបន្លំ

២. ប្រឈមនឹងការបាត់បង់​ ដែលបង្កដោយឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយករូបិយប័ណ្ណអេឡិចត្រូនិក ឬទ្រព្យសម្បត្តិឌីជីថល

៣. ជនខិលខូចអាចប្រើប្រាស់គម្រោងបោកប្រាស់បន្តគ្នា " PONZI SCHEME " ដែលលសន្យាថានឹងទទួលបានផលចំណេញខ្ពស់ដល់អ្នកវិនិយោគ ដោយមានហានិភ័យតិច និងចំណេញលឿន

៤. ធ្លាក់ចូលអន្ទាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផ្សេងៗដូចជា ឆបោក ជួញដូរគ្រឿងញៀន ល្បែងអនឡាញ ចាប់ជំរិត សម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម។