មនុស្សស្រីជាច្រើនខ្លាចការបែកបាក់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដោយសារតែហេតុផលគ្រួសារ និងកូន។ ដោយហេតុនេះហើយទើបពួកគេខ្លាចបាត់បង់ដៃគូ ដូច្នេះពួកគេជ្រើសរើសអធ្យាស្រ័យ និងនៅបន្តទ្រាំក្នុងរឿងជាច្រើន។ ប៉ុន្តែការពិតបានបង្ហាញថា បើស្ត្រីណាម្នាក់ព្រងើយកន្តើយនឹងដៃគូ នាងនឹងបាត់បង់ខ្លួនឯងបន្តិចម្តងៗ បាត់បង់សេចក្តីថ្លៃថ្នូរ ធ្វើឱ្យទំនាក់ទំនងប្តី-ប្រពន្ធមិនមានតុល្យភាព ហើយថែមទាំងបំផ្លាញអាពាហ៍ពិពាហ៍ទៀតផង។
បើស្ត្រីចង់រក្សាអាពាហ៍ពិពាហ៍ឱ្យបានល្អ នោះគេត្រូវដឹងពីអ្វីដែលត្រូវស៊ូទ្រាំ និងអ្វីដែលមិនគួរអត់ឱន។ ពេលខ្លះត្រូវចិត្តដាច់បន្តិច ប៉ុន្តែបើអ្នកទន់ជ្រាយ វានឹងទទួលបានលទ្ធផលផ្ទុយមកវិញ។ ជាពិសេសក្នុងទិដ្ឋភាពទាំង ៣ នេះ ស្ត្រីកាន់តែចិត្តដាច់ និងតឹងរឹង នោះគ្រួសារកាន់តែមានសុភមង្គល និងសុខដុមរមនាជាងមុន។
១. ត្រូវមានភាពតឹងរឹងជាមួយខ្លួនអ្នក និងឯករាជ្យផ្នែកហិរញ្ញវត្ថុ
ផ្ទះជាកន្លែងចែករំលែក ដូច្នេះទាំងប្ដីប្រពន្ធគួរតែធ្វើការរួមគ្នាចិញ្ចឹមបីបាច់ថែរក្សាគ្នាឱ្យបានល្អ។ ប្រពន្ធក៏គួរចេញទៅរកលុយ ដើម្បីកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុលើស្មាស្វាមី។ នៅពេលនោះ ស្ថានភាពសេដ្ឋកិច្ចគ្រួសារនឹងប្រសើរឡើង។ មិនត្រឹមតែមានប្រយោជន៍សម្រាប់គ្រួសារប៉ុណ្ណោះទេ ស្ត្រីដែលមានអាជីពផ្ទាល់ខ្លួន និងឯករាជ្យផ្នែកហិរញ្ញវត្ថុ ក៏មានភាពឯករាជ្យក្នុងជីវិតផងដែរ។ គេអាចទិញរបស់ដែលខ្លួនពេញចិត្តដោយមិនចាំបាច់សុំលុយពីប្ដីឡើយ។
ពួកគេអាចចិញ្ចឹម និងមើលថែខ្លួនឯបាន មិនមែនពឹងតែលើស្វាមី ដូច្នេះសម្ដីរបស់ពួកគេនឹងមានទម្ងន់កាន់តែច្រើននៅក្នុងគ្រួសារ។ ហើយទោះបីជាមានរឿងអកុសលកើតឡើង ហើយនៅពេលដែលនាងត្រូវចាកចេញពីអាពាហ៍ពិពាហ៍នេះ ស្ត្រីនោះមិនមានសេដ្ឋកិច្ចអសកម្មទេ ហើយនៅតែអាចរស់នៅបានល្អ។ ដូច្នេះក្នុងនាមជាស្ត្រី ត្រូវតឹងរឹងបន្តិចជាមួយខ្លួនឯង កុំនៅតែផ្ទះតែអ្នកត្រូវចេញទៅធ្វើការ ត្រូវមានអាជីពផ្ទាល់ខ្លួនដើម្បីធ្វើឱ្យអាពាហ៍ពិពាហ៍របស់អ្នកកាន់តែរីករាយ និងទុកផ្លូវសម្រាប់ខ្លួនអ្នក។
២. តឹងតែងជាមួយប្តី កុំចុះចាញ់គ្រប់ពេលវេលា គ្រប់ទីកន្លែង
ស្ត្រីជាច្រើនតែងតែចាត់ទុកស្វាមីរបស់ពួកគេជាព្រះ បម្រើ និងលះបង់ និងផ្តល់ភាពកក់ក្តៅដល់ពួកគេ។ ពួកគេជឿថា ការងារផ្ទះជាការងាររបស់ស្ត្រី ហើយបើទោះជាប្តីធ្វើរឿងហួសហេតុក៏ដោយ ក៏ពួកគេតែងតែអត់ធ្មត់ ស៊ូទ្រាំនឹងការងារនេះ ព្រោះខ្លាចប្រពន្ធរត់ចោល និងបំផ្លាញអាពាហ៍ពិពាហ៍។ ទោះយ៉ាងណាក៏ដោយ តាមរយៈការធ្វើដូច្នេះ អ្នកកំពុង "បំផ្លាញ" បុរសរបស់អ្នក បន្តិចម្តងៗ ជម្រុញឱ្យអាពាហ៍ពិពាហ៍របស់អ្នកឈានទៅដល់ការបែកបាក់។
បើចង់រក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានល្អ តួនាទីប្តីប្រពន្ធត្រូវមានភាពស្មើគ្នា និងកុំឱ្យបាត់បង់ភាពស្មោះត្រង់ ។ ចំពោះរឿងដែលស្វាមីអ្នកមិនចេះធ្វើ ចូរនៅក្បែរគាត់ដើម្បីណែនាំ គាំទ្រ និងលើកទឹកចិត្តគាត់។ ការចែករំលែកអ្វីៗទាំងអស់រួមគ្នាជាប្តីប្រពន្ធ មិនត្រឹមតែកាត់បន្ថយបន្ទុកលើអ្នកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបុរសកាន់តែមានទំនួលខុសត្រូវក្នុងគ្រួសារ ហើយទំនាក់ទំនងរវាងស្វាមីភរិយាកាន់តែជិតស្និទ្ធ និងចុះសម្រុងគ្នា។
៣. កុំគិតថាកូននឹងសប្បាយចិត្តពេលឪពុកម្តាយមិនសប្បាយចិត្ត ត្រូវរឹងមាំ ហើយដើរចេញពីអាពាហ៍ពិពាហ៍មិនសប្បាយចិត្ត
ជឿថាមនុស្សជាច្រើនមិនហ៊ានចាកចេញពីអាពាហ៍ពិពាហ៍ ដែលមិនសប្បាយចិត្តដោយសារតែកូនរបស់ពួកគេ។ ប៉ុន្តែតាមការពិត ក្មេងៗមិនមែនជាឧបសគ្គក្នុងការស្វែងរកសុភមង្គលរបស់អ្នកទេ។ អ្នកជាប់គាំងក្នុងអាពាហ៍ពិពាហ៍មិនសប្បាយចិត្ត ព្រោះអ្នកចង់ឱ្យកូនមានផ្ទះជាមួយឪពុកម្តាយទាំងសងខាង។ ប៉ុន្តែសូមសួរថា តើកូនអាចមានសុខភាពល្អទេពេលឪពុកម្តាយមិនសប្បាយចិត្ត? តើពួកគេអាចធំឡើងដោយមិនខ្វល់ខ្វាយ និងបញ្ចេញពន្លឺដោយស្នាមញញឹមពេលធំឡើងក្នុងគ្រួសារដែលគ្មានការសើច មានតែការស្តីបន្ទោស និងការយំរបស់ម្តាយពួកគេទេ?
កុមារមិនគួរត្រូវបានចាត់ទុកថាជាខ្សែចំណងដើម្បីចងអាពាហ៍ពិពាហ៍ឪពុកម្ដាយនោះទេ ប៉ុន្តែជាគ្រឹះនៃសេចក្ដីស្រឡាញ់។ ទាំងអ្នក និងកូនរបស់អ្នកសមនឹងទទួលបានសុភមង្គល។ ដូច្នេះបើអាពាហ៍ពិពាហ៍នោះមិនសប្បាយចិត្ត ត្រូវរឹងមាំឡើងហើយដើរចេញទៅ។ កុំគិតថាកូនសប្បាយចិត្តពេលមានឪពុកម្ដាយដែលរស់នៅមិនចុះសម្រុងគ្នា ហើយកុំសង្ស័យថាខ្លួនអ្នកនឹងមិនអាចមើលថែកូនបានល្អបើគ្មានប្ដី៕