ធម្មតា គ្រប់គ្នាតែងតែនិយាយថា ពីមិត្តអាចក្លាយជាស្នេហា តែពីស្នេហាមិនអាចក្លាយជាមិត្តបានឡើយ ដូច្នេះហើយ ទើបចុងក្រោយនៃជីវិតស្នេហា គឺមានតែជាសត្រូវនឹងគ្នាតែប៉ុណ្ណោះ។ តែជឿទេថា មានអ្នកខ្លះ គាត់ធ្លាប់ជាសង្សារនឹងគ្នា តែពេលបែកគ្នាក៏ដោយ ក៏គាត់នៅតែជាមិត្តល្អនឹងគ្នា ចេះមើលថែ ការពារ បារម្ភពីគ្នាជាងសង្សារទៅទៀត គ្រប់យ៉ាង វាកើតពីហេតុផលដូចខាងក្រោម ៖
១. ពីដំបូងអ្នកទាំងពីរមិនបានដាក់ចិត្តស្រឡាញ់គ្នាពិតប្រាកដ
អាចនិយាយបានថា ជាអារម្មណ៍មិនច្បាស់ថាស្រឡាញ់គ្នាឡើយ គឺនៅស្ទាក់ស្ទើរ ស្នេហាមិនចំស្នេហា មិត្តភក្តិក៏មិនចំមិត្តភក្តិ បែបនេះហើយ ទើបអាចឱ្យគេមិនពិបាកនឹងធ្វើជាមិត្តល្អនឹងគ្នា។
២. ដល់ចំណុចមួយដែលមានអារម្មណ៍ថាអស់ចិត្តរៀងៗខ្លួន
គ្រប់មនុស្សដែលស្រឡាញ់គ្នា ទោះស្រឡាញ់ខ្លាំងកម្រិតណា ក៏មានពេលខ្លះ មានអារម្មណ៍ថា ធុញទ្រាន់ និងអស់ចិត្តនឹងស្រឡាញ់គ្នាដែរ។ មនុស្សយើងតែងមានពេលមួយគឺ ពេលដែលហត់នឿយចិត្តជាមួយគ្នា ក៏ព្រោះតែអាចមកពីទង្វើ កាយវិការព្រងើយកន្តើយ ឬមកពីអ្នកទាំងពីរនាក់ សម្លឹងឃើញអ្នកថ្មី ឬស្រឡាញ់អ្នកផ្សេងរៀងៗខ្លួន ទើបធ្វើឱ្យគេទាំងពីរ គ្មានមន្ទិល ក្នុងការធ្វើជាមិត្តល្អនឹងគ្នា បន្ទាប់ពីបែកចែកផ្លូវគ្នា។
៣. ព្រមទទួលយកការពិត ឬត្រៀមចិត្តបែកគ្នាទុកជាមុន
គូស្នេហ៍ខ្លះ ស្រឡាញ់គ្នាពិតៗ ទើបគេបើកចិត្ត ផ្ដល់សិទ្ធសេរីភាពឱ្យគ្នាទៅវិញទៅមក មានហេតុផលក្នុងការទទួលស្គាល់ការពិតនៃពាក្យថា " ធ្វើម្ដេចយើងមិនមែនជាគូនឹងគ្នា " ត្រូវហើយ មានដៃគូច្រើនណាស់ ដែលអាចស្រឡាញ់គ្នា តែមិនបានជួបគ្នា ត្រូវចាំថា មនុស្សខ្លះ អាចចូលមកនៅក្នុងចិត្តយើង តែមិនអាចមានវត្តមានក្នុងជីវិតយើងរហូតឡើយ អាចស្រឡាញ់ក៏អាចបែក សំខាន់ គឺបើកចិត្តព្រមទទួលយកថា មនុស្សយើងធ្លាប់ស្រឡាញ់ ទោះមិនអាចរួមរស់នឹងគ្នា តែក៏ត្រូវតែធ្វើជាមិត្តល្អនឹងគ្នាឱ្យបានដែរ។
៤. អស់ចិត្តស្រឡាញ់ តែមិនចង់បាត់បង់គ្នា
ទំនាក់ទំនងរវាងអ្នកទាំងពីរ គឺវាល្អអស់ពីចិត្ត ពេលស្រឡាញ់គ្នា គ្មានភាគីម្ខាងណាធ្វើឱ្យមានអារម្មណ៍ថាឈឺចាប់ អ្នកទាំងពីរចេះលះបង់ដើម្បីគ្នា ធ្វើអ្វីៗដើម្បីគ្នាដោយមិនខ្វល់ថា ថ្ងៃខាងមុខ ជួប ឬបែក តែក៏នៅតែធ្វើជាមិត្តល្អនឹងគ្នារហូតទៅ។
វាក៏នៅមានហេតុផលជាច្រើនទៀត ដែលធ្វើឱ្យមនុស្សពីរនាក់ប្ដូរទំនាក់ទំនងពីសង្សារ ក្លាយទៅជាមិត្តល្អនឹងគ្នា សំខាន់គឺស្ថិតនៅលើចិត្ត គំនិតអ្នកទាំងពីរនាក់នោះថាតើ អាចទទួលយកបានដែរឬទេ? ពេលខ្លះអ្នកត្រូវគិតថា ការដែលបានស្រឡាញ់គ្នា វាគឺជានិស្ស័យមួយដែលល្អ ហើយបើអាចប្ដូរពីសង្សារទៅជាមិត្តល្អនឹងគ្នាបាន វាក៏រឹតតែមានតម្លៃ ព្រោះមនុស្សម្នាក់ៗ មិនមែនសុទ្ធតែអាចមាននិស្ស័យបានជួបគ្នា ស្គាល់គ្នា ហើយស្រឡាញ់គ្នានោះឡើយ៕