ប្រសិនអ្នកអាចរក្សាជាប់នៅទម្លាប់ទាំង ៥ ខាងក្រោមមុនចូលគេង នោះជារឿយៗអ្នកនឹងទទួលបានសុខភាពល្អ ជាកត្តាជួយពន្យារអាយុរបស់អ្នកឲ្យកាន់តែវែង៖
៥) លំហាត់ប្រាណស្រាលៗ
ការធ្វើលំហាត់ប្រាណស្រាលៗមុនចូលគេង វាល្អទាំងសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ អ្នកអាចធ្វើចលនាយូហ្គាសាមញ្ញៗ ឬក៏ការលើកឡើងទល់ជញ្ជាំងពេលអ្នកទម្រេតខ្លួនទៅលើគ្រែ។ ម្យ៉ាងទៀតឬអាចដើរចុះឡើងទៅមកឲ្យមានសកម្មភាពបន្តិច នោះនឹងអាចជួយឲ្យអ្នកគេងលក់ស្កប់ស្កល់។
៤) ត្រាំជើង
មនុស្សអាយុវែងនៅប្រទេសចិន ឲ្យតែមុនចូលគេង ពួកគេមានទម្លាប់ត្រាំជើងទៅក្នុងទឹក ព្រោះជឿថាអាចជួយឲ្យគេងលក់ស្រួល និងចរន្តឈាមដើរល្អ។ អ្នកអាចត្រាំជើងទៅក្នុងទឹកក្តៅប្រហែល ៤០ អង្សាសេ រយៈពេល ១៥ ទៅ ៣០ នាទី រួចពេលត្រាំយើងអាចម៉ាស្សាបាតជើងថ្នមៗ ដើម្បីការពារដល់តម្រងនោម និងខ្យល់ចេញចូលពេញរាងកាយទាំងមូល។
៣) ម៉ាស្សាក្បាល
ក្បាលគឺជាកន្លែងសំខាន់ ដែលប្រមូលផ្តុំនៅប្រព័ន្ធប្រសាទជាច្រើនរបស់មនុស្ស។ តាមក្បួនចាក់ម្ជុលវិទ្យាសាស្រ្ត គេណែនាំឲ្យអ្នកប្រើម្រាមដៃទាំង ៥ ហើយសង្កត់ញីបែបម៉ាស្សាថ្នមៗលើផ្នែកនៃថ្ងាស ដែលវានឹងជួយឲ្យខួរក្បាលទទួលយកការផ្គត់ផ្គង់អុកស៊ីហ្សែនបានគ្រប់គ្រាន់។ នេះពង្រឹងទាំងការចងចាំ ជួយបំបាត់ភាពអស់កម្លាំង អាចគេងលក់ស្រួល។
២) ត្រដុសកំភួនជើង
បន្ទាប់ពីសកម្មភាពហត់នឿយពេញមួយថ្ងៃ អ្នកមានអាយុវែងទម្លាប់បន្ធូរសាច់ដុំជើងមុនចូលគេង ទើបអាចឲ្យពួកគេគេងលក់ស្រួល។ នោះគឺងាយទេ ត្រឹមតែយកដៃរបស់យើងមកចាប់ញីពីផ្នែកជង្គង់មកដល់កំភួនជើងថ្នមៗទាំងសងខាងរយៈពេល ៥ នាទីជាការស្រេច។
១) ផឹកទឹកមុនចូលគេង
ត្រូវប្រកាន់ខ្ជាប់ទម្លាប់ទទួលទានទឹក ១ កែវមុនចូលគេង នេះមិនត្រឹមតែជួយឲ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ តែក៏ជួយឲ្យស្បែកស្រស់ស្អាតទៀតផង។ សារធាតុទឹកដែលយើងស្រូបចូល វាជួយឲ្យរាងកាយកម្ចាត់ជាតិពុលបានល្អនៅពេលរាងកាយសម្រាក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក