យាយប្រាប់ថា! មកពីតារបស់ឯងពូកែធ្វើភ្លើ ទើបអាចរស់នៅជាមួយយាយដល់ចាស់ចំណាស់នេះ

ជារឿងពិត ជីវិតប្ដីប្រពន្ធ ទាល់តែម្ខាងពូកែអត់ធ្មត់ ចិត្តធ្ងន់ ចេះអត់ឱន អធ្យាស្រ័យ ហើយម្ខាងទៀតពូកែធ្វើគរ ធ្វើថ្លង់ ធ្វើល្ងង់ ធ្វើភ្លើ ទើបអាចរស់នៅជាមួយនឹងគ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួន។

ឈប់ឆ្ងល់ទៅថា " យាយ និងតាម៉េចបានស្រឡាញ់គ្នាម៉េះ? យាយ និងតា អត់ដែលឈ្លោះគ្នាទេមែន? យាយ និងតា ដែលគិតចង់លែងគ្នាដែរឬទេ?..." សំណួរទាំងនេះ មិនបាច់សួរទេ ព្រោះយើងក៏ដឹងចម្លើយរួចហើយ ។

- មិនមែនយាយតា ស្រឡាញ់គ្នាខ្លាំងនោះទេ តែមកពីយាយតា ចេះយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។

- មិនមែនយាយតា មិនធ្លាប់ឈ្លោះគ្នា ឬខឹងគ្នានោះទេ តែមកពីយាយឯងចិត្តធ្ងន់ ចេះអត់ធ្មត់ ហើយក៏ចិត្តទូលាយ ចំណែកតាឯង ពូកែធ្វើភ្លើ ចូលចិត្តធ្វើល្ងង់ ឈ្លោះគ្នាមិនទាន់អីផង ធ្វើដូចអត់មានរឿងអីកើតឡើង ចេះមកលួងចិត្តយាយ ចេះធ្វើល្អដើម្បីបន្ទន់ឆ្អឹងយាយ។

- មិនមែនយាយតា មិនធ្លាប់មានគំនិតចង់លែងគ្នានោះទេ រាល់ពេលដែលឈ្លោះទាស់គ្នាម្ដងៗ តាមចិត្តក្ដៅ លែងគ្នាចោល ទៅរកថ្មីមកបញ្ឈឺ តែដល់ពេលគិតយូៗទៅ វាដូចមិនទំនង ឈ្លោះគ្នាធ្វើអី ចង់ឈ្នះគ្នាធ្វើអី ចង់យកពានដេកឱបដល់ស្លាប់ អត់មានប្ដី មានប្រពន្ធនៅក្បែរមែន?

9a17116b7a461e2336f4b8d4869b70c2

ពេលឈ្លោះគ្នាម្ដងៗ ជាពិសេសគឺ ពេលខឹងដាច់ក្បាលដាច់កន្ទុយ គឺតែងតែមានគំនិតឆ្កួតៗជាច្រើនចូលមកក្នុងខួរក្បាល ហើយប្រាប់ថា កុំទ្រាំ លែងគ្នាទៅៗៗ វាជារឿងដែលធ្វើឱ្យចិត្តនេះពិបាកនឹងសម្រេចណាស់។

ប៉ុន្តែដោយសារតែចិត្តធ្ងន់ ទើបអត់ធ្មត់ឱ្យផុតមួយគ្រាៗ ព្រោះតែគិតដល់ជីវិត និងអនាគតវែងឆ្ងាយនឹងគ្នា ទើបមិនដាច់ចិត្ត ព្រោះតែនឹកឃើញដល់រឿងល្អៗជាច្រើនជាមួយគ្នា ទើបចេះស្ដាយ ដូច្នេះហើយ ជីវិតប្ដីប្រពន្ធ ត្រូវគិតច្រើនរឿងណាស់ តែអ្វីដែលសំខាន់គឺ ចិត្តត្រូវតែធ្ងន់ កុំឆេវឆាវ ពេលឈ្លោះ អាចគិតបានថាចង់លែង តែហាមនិយាយចេញបេលដែលអារម្មណ៍កំពុងតែពុះកញ្ជ្រោល ជីវិតគូ ត្រូវចេះតស៊ូ ចេះអត់ធ្មត់ គ្រប់យ៉ាង គឺស្ថិតលើយើងខ្លួនឯងអាចធ្វើបានដែរឬទេ?

ប្ដីចេះធ្វើភ្លើ ធ្វើល្ងង់ ព្រមចុះចាញ់ប្រពន្ធ ចំណែកប្រពន្ធ ចេះគិតវែងឆ្ងាយ ចេះធ្ងន់ ចេះអត់ធ្មត់ សង្កត់ចិត្ត ហើយបើកចិត្តឱ្យទូលាយ ចេះអត់ឱន អធ្យាស្រ័យឱ្យគ្នា ទើបអាចមានសំណាងបានរស់ជួបជុំ បានឃើញមុខចៅ ចៅទួតជាមួយនឹងគ្នា៕

2ca3bd7fe4fcb38b1e7a1b005a4192b5

A6703b10058925ef57f72b20039ef113

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក