វាហាក់ដូចជាគ្រាន់តែជារឿងសាមញ្ញមួយតែប៉ុណ្ណោះ ប៉ុន្តែមានមនុស្សមិនតិចទេដែលដឹងពីរបៀបទទួលទានទឹកឱ្យបានត្រឹមត្រូវ ដើម្បីជួយបន្សាបជាតិពុល និងថែរក្សាសុខភាពយ៉ាងមានប្រសិទ្ធភាព។
៧០% នៃសារពាង្គកាយមនុស្សយើងគឺជាទឹក ហើយវីតាមីន និងសារធាតុរ៉ែនៅក្នុងអាហារត្រូវតែរលាយក្នុងទឹក មុនពេលដែលពួកវាអាចដឹកជញ្ជូនក្នុងឈាមទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ក្រៅពីនេះ ទឹកក៏ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ យកកាកសំណល់ និងដើរតួជាទឹករំអិលក្នុងសន្លាក់។ ដូច្នេះតើត្រូវបន្ថែមទទួលទានទឹកដោយរបៀបណា ទើបបានផលល្អបំផុតសម្រាប់សុខភាព?
១. កំណត់ការទទួលទានទឹក ជំនួសភេសជ្ជៈផ្សេងទៀត
មានមនុស្សជាច្រើនដែលគិតថា ភេសជ្ជៈផ្សេងទៀតដូចជា កាហ្វេ តែ ទឹកផ្លែឈើ ឬភេសជ្ជៈទាំងអស់ គឺជាប្រភពទឹកបន្ថែម។ ប៉ុន្តែតាមពិត ថ្វីដ្បិតតែភេសជ្ជៈទាំងនេះ អាចបំពេញជាតិទឹកបានក៏ដោយ ក៏កោសិកាមនុស្សស្ថិតក្នុងស្ថានភាពខ្វះជាតិទឹករួចទៅហើយ។ ដូច្នេះ អ្នកគួរតែកំណត់ការជំនួសទឹកចម្រោះ ដោយភេសជ្ជៈផ្សេងទៀត ហើយវាជាការល្អបំផុតដើម្បីបង្កើតទម្លាប់នៃការផឹកទឹកចម្រោះឱ្យបានគ្រប់គ្រាន់។
២. ផឹកទឹកក្នុងបរិមាណតិចតួច និងច្រើនដង
រាងកាយរបស់យើងអាចស្រូបយកទឹកប្រហែល 200CC ក្នុងរយៈពេល 20 នាទី។ ដូច្នេះ ប្រសិនបើអ្នកផឹកទឹក 500cc ក្នុងពេលតែមួយ តម្រងនោមនឹងទទួលសញ្ញា "ទឹកច្រើនពេក" និងបង្កើនអត្រានៃការនោម ដែលនាំឱ្យបាត់បង់ទឹក ហើយរាងកាយមិនអាចស្រូបយកបាន។ អ្នកគួរតែផឹកទឹកក្នុងបរិមាណតិចតួច និងច្រើនដងក្នុងមួយថ្ងៃ បរិមាណទឹកដែលអ្នកផឹកម្តងៗគឺប្រហែល 100-200cc ។
៣. តើអ្នកគួរផឹកទឹកប៉ុន្មានក្នុងមួយថ្ងៃ?
ដើម្បីដឹងថាយើងត្រូវផឹកទឹកប៉ុន្មានក្នុងមួយថ្ងៃ ចូរយក 90 គីឡូក្រាមជាការកំណត់។ វាត្រូវបានណែនាំឱ្យមនុស្សលើសពី 90 គីឡូក្រាម ផឹកទឹក 3000cc (3 លីត្រ) ក្នុងមួយថ្ងៃ មនុស្សក្រោម 90 គីឡូក្រាមផឹក 2000cc (2 លីត្រ) ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់។
៤. កុំរង់ចាំរហូតដល់ស្រេកទឹក ទើបផឹក
យោងតាមអ្នកជំនាញ នៅពេលដែលយើងមានអារម្មណ៍ស្រេកទឹក សរីរាង្គខាងក្នុងបានស្ថិតក្នុងស្ថានភាពខ្វះជាតិទឹករួចទៅហើយ។ ដូច្នេះកុំរង់ចាំរហូតដល់អ្នកស្រេកទឹក ទើបអាចផឹកទឹកបាន។ នៅពេលដែលរាងកាយមនុស្សបាត់បង់ប្រហែល 5% នៃទឹកសរុប រាងកាយនឹងមានអារម្មណ៍អស់កម្លាំង និងមិនស្រួលខ្លួន ផ្ទុយទៅវិញ ការផឹកទឹកច្រើនពេកក៏អាចនាំឱ្យកើតជំងឺ ឬការពុលទឹកផងដែរ។
៥. ផឹកទឹកនៅពេលយប់
មួយម៉ោងមុនពេលចូលគេង ការផឹកទឹកក្តៅ 100-150ml អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ ជាពិសេសសម្រាប់មនុស្សចាស់ ឬអ្នកដែលមានជំងឺសរសៃឈាមបេះដូង គួរបន្ថែមទឹកបន្តិចមុនពេលចូលគេង។ ពេញមួយយប់ដោយមិនបានផឹកទឹកនឹងធ្វើឱ្យឈាមឡើងក្រាស់ បង្កើតកំណកឈាម បង្កជាជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានត្របកភ្នែកហើម និងហើមនៅក្រោមភ្នែក មិនគួរផឹកទឹកមុនពេលចូលគេង ដើម្បីចៀសវាងការធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ លើសពីនេះ អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ដែលកំពុងទទួលការលាងឈាម មិនគួរផឹកទឹកច្រើនមុនពេលចូលគេងទេ ព្រោះវានឹងបង្កើនបរិមាណទឹកក្នុងខ្លួន ធ្វើឱ្យហើមស្បែក។ សម្រាប់អ្នកដែលមានមុខងារខ្សោយបេះដូង និងតម្រងនោម ការផឹកទឹកច្រើនមុនពេលចូលគេងអាចនាំឱ្យខ្សោយបេះដូង។
៦. ផឹកទឹកនៅពេលព្រឹក
ការផឹកទឹកនៅពេលព្រឹក អាចជួយឱ្យរាងកាយកម្ចាត់កាកសំណល់ក្នុងក្រពះ និងបំពេញជាតិទឹកដែលបាត់បង់នៅពេលយប់។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរផឹកទឹកត្រជាក់នៅពេលព្រឹកទេ ព្រោះថាមពលរបស់រាងកាយកើនឡើងនៅពេលព្រឹក ហើយទឹកត្រជាក់នឹងរារាំងការកើនឡើងនៃថាមពល ដែលជាហេតុធ្វើឱ្យរាងកាយមនុស្សចុះខ្សោយ។ សីតុណ្ហភាពទឹកល្អបំផុតគឺពី 20 ទៅ 25 អង្សាសេ។ ពេលផឹកទឹកពេលព្រឹក យកមួយស្លាបព្រាតូច បរិមាណគឺ ២០០-៣០០ml ។
៧. ផឹកទឹកនៅពេលរសៀល
ក្នុងអំឡុងពេលពីម៉ោង 5 ល្ងាច ដល់ម៉ោង 7 យប់ គឺជាពេលវេលាដែលប្រព័ន្ធរំលាយអាហារ និងបន្សាបជាតិពុលក្នុងរាងកាយសកម្មបំផុត ជាតិពុលក្នុងរាងកាយទាំងមូលត្រូវបានកម្ចាត់ចេញតាមរយៈប្លោកនោម និងតម្រងនោម។ ដូច្នេះហើយ ការទទួលទានទឹកនៅពេលនេះ អាចជម្រុញចលនាឈាមរត់ និងការបន្សាបជាតិពុល។
ការផឹកទឹកនៅពេលនេះ ក៏អាចជម្រុញការស្រូបចូលក្រពះពោះវៀនដែរ ព្រោះនេះជាពេលវេលាមុនអាហារពេលល្ងាច។ លើសពីនេះទៅទៀត វាក៏អាចកាត់បន្ថយការញុំាអាហារពេលល្ងាច ដែលមានប្រយោជន៍ដល់ការសម្រកទម្ងន់៕