លោក ហង់រី ម៉ូហូត (Henri Mouhot) គឺជាអ្នកស្រាវជ្រាវរុករកផ្នែកធម្មជាតិ និងសត្វ ជនជាតិបារាំងដ៏ល្បីមួយរូបនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ដែលកើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៦ ។ ហើយរូបលោកបានសរសេររៀបរាប់អំពីប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរ និងខេត្តមួយចំនួនទៀតផងដែរ រហូតធ្វើឱ្យពិភពលោកបានស្គាល់វត្តមានអរិយអម៌ដ៏រុងរឿងរបស់កម្ពុជា។
លោកត្រូវបានគេទទួលស្គាល់ថាជាជនដ៏ល្បី ដែលស្រាវជ្រាវ និងផ្សព្វផ្សាយពីតំបន់អង្គរ នៃនគរខ្មែរនៅឆ្នាំ១៨៦០។ ម៉ូហូត តែងត្រូវគេច្រលំនិយាយថាបានរកឃើញអង្គរ តាមពិតអង្គរមិនដែលបានបាត់ទៅណាទេ និងមានពួកបស្ចិមប្រទេសជាច្រើនមកទស្សនាតាំងពីសតវត្សរ៍ទី១៦មក។ ម៉ូហូត បានពោលក្នុងសៀវភៅរបស់លោកថាមានបេសកជនបារាំងម្នាក់នៅបាត់ដំបង និងអ្នករុករកប៉ុន្មាននាក់ផ្សេងទៀតបានទៅដល់អង្គរ៥ឆ្នាំមុន លោកទៅដល់។ នៅក្នុងសៀវភៅ Travels in Siam, Cambodia and Laos ម៉ូហូត បានប្រៀបធៀបអង្គរវត្តទៅពីរ៉ាមីដ ព្រោះពួកបស្ចិមប្រទេសស្គាល់ ពីរ៉ាមីដយ៉ាងច្បាស់។
លោក ម៉ូហូតបានរួមចំនែកក្នុងការអោយបស្ចិមប្រទេសស្គាល់ច្បាស់ពីអង្គររបស់កម្ពុជា បើទោះជាលោកមិនមែនជាជនជាតិអឺរ៉ុបដំបូងទៅដល់អង្គរក៏ដោយ។ លោករៀបរាប់ថា៖ “អង្គរមហិមាជាងអ្វីដែលក្រិច និងក្រុងរ៉ូមបានបន្សល់ទុកអោយយើង”។
ប៉ុន្តែជាអកុសល លោក ហង់រី ម៉ូហូត បានទទួលមរណៈភាពនៅក្នុងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ១៨៦១ (១៥៩ឆ្នាំមុន) នៅម្តុំណាបាន ប្រទេសឡាវ ដោយជម្ងឺគ្រុនចាញ់ តែអ្វីដែលភ្ញាក់ផ្អើល ការពិតទៅហ្លួងព្រះបាំង គឺជាអតីតអាណាចក្រខេត្តខ្មែរនៅសម័យមហានគរ ដែលពេលនេះបច្ចុប្បន្នធ្លាក់ជាទឹកដីរបស់ប្រទេសឡាវ )។ សាកសពរបស់លោកត្រូវបានបញ្ចុះនៅភូមិ ផានុម (ភ្នំ) នៅភាគខាងកើតខេត្តហ្លួងព្រះបាងនេះតែម្តង។
ក្រោយមរណភាពរបស់លោក សៀវភៅកំណត់ត្រារបស់លោក ត្រូវបានគេបោះពុម្ពឡើងនៅឆ្នាំ១៨៦៨ ដោយមានចំណងជើងថា "ដំណើរឆ្ពោះទៅកាន់រាជាណាចក្រសៀម កម្ពុជា និងឡាវ" (Le voyage dans les royaumes de Siam, de Cambodge, et de Laos)។ ដោយសារតែសៀវភៅនេះហើយ គឺបានធ្វើឱ្យអ្នកស្រាវជ្រាវនៅប្រទេសអឺរ៉ុបមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា និងចង់សិក្សាស្វែងយល់អោយកាន់តែច្បាស់អំពីវប្បធម៌ និងអារ្យធម៌ដ៏ចំណាស់របស់ប្រទេសមួយនេះ។
គួរឱ្យដឹងផងដែរថា សព្វថ្ងៃផ្នូររបស់ លោក ហង់រី ម៉ូហូត (Henri Mouhot) នៅសេសសល់ និងគង់វង្សរហូតដល់បច្ចុប្បន្ន ដែលយើងអាចចូលទៅទស្សនាបាន នៅក្នុងប្រទេសឡាវ៕
ប្រភពដកស្រង់កែសម្រួលពី៖ Wow Cambodian/ ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK)/ Mao Vutha