សន្តិភាពផ្លូវចិត្តដែលមនុស្សប្រុសត្រូវការ នៅក្នុងរឿងស្នេហា

នៅក្នុងរឿងស្នេហា យើងតែងនិយាយថា មនុស្សប្រុសគួរតែផ្តល់សនិ្តភាពផ្លូវចិត្តទៅឱ្យមនុស្សស្រីឱ្យបានច្រើន ទើបធ្វើឱ្យនាងទទួលអារម្មណ៍ថា ស្នេហាមួយនេះមានតម្លៃសម្រាប់នាង។ តាមពិតទៅ វាមិនមែនគ្រាន់តែជាកាតព្វកិច្ចរបស់មនុស្សប្រុសតែម្ខាងនោះទេ សូម្បីតែមនុស្សស្រីក៏ត្រូវបំពេញកាតព្វកិច្ចមួយនេះដែរ ព្រោះមនុស្សប្រុសក៏ត្រូវការសន្តិភាពផ្លូវចិត្តសម្រាប់ខ្លួនគេដែរ។

ស្នេហាគឺជារឿងរបស់មនុស្សពីរនាក់ តែបើមានតែមនុស្សម្នាក់ដែលលះបង់ ច្បាស់ណាស់ស្នេហាមួយនេះគ្មានសុភមង្គលឡើយ។ និយាយរួមទៅ សន្តិភាពផ្លូវចិត្តរបស់មនុស្សប្រុសដែលចង់បានពីដៃគូ គឺគ្មានអ្វីដែលពិបាកយល់នោះទេ មូលដ្ឋានសំខាន់ៗមានដូចខាងក្រោម ៖

1

១. ស្នេហាមួយ និងមួយ រក្សាគន្លាតជាមួយមនុស្សប្រុសដទៃ

មិនថាជាមនុស្សស្រី ឬមនុស្សប្រុសទេ សុទ្ធតែសង្ឃឹមថា មនុស្សដែលខ្លួនស្រលាញ់ កុំទៅស្និទ្ធិស្នាលជាមួយមនុស្សផ្ទុយភេទពេក ដូចជាការនិយាយលេងសើចបែបលេបខាយ ឬក៏ជាសម្ដីបែបស្នេហា។

នៅក្នុងចិត្តរបស់មនុស្សប្រុស បើគេឃើញមនុស្សដែលខ្លួនស្រលាញ់ ទៅនិយាយស្និទ្ធិស្នាលជាមួយមនុស្សប្រុសដទៃ គេនឹងគិតថានាងមិនមែនមានទំនាក់ទំនងត្រឹមតែគេម្នាក់ឡើយ និងកើតមានចិត្តសង្ស័យកាន់ច្រើន។ ទោះជានាងយល់ថានាងមិនបានធ្វើទង្វើអ្វីដែលមិនគប្បីនឹងមនុស្សដែលខ្លួនស្រលាញ់ក៏ដោយ តែជឿជាក់ថា មនុស្សប្រុសភាគច្រើនសុទ្ធតែជឿលើរឿងដែលខ្លួនបានឃើញផ្ទាល់ភ្នែក។

ពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ត្រូវមានចិត្តស្មោះជាមួយដៃគូ មិនថាទោះជាមានវត្តមាន ឬអវត្តមានរូបគេនៅក្បែរអ្នកក៏ដោយ ធ្វើយ៉ាងណាឱ្យទង្វើ និងសម្ដីរបស់អ្នកដូចគ្នា កុំឱ្យថ្ងៃក្រោយបណ្តាលឱ្យកើតមានការយល់ច្រលំដែលពិបាកក្នុងការបកស្រាយ។

២. ត្រូវមានការឆ្លើយតបដ៏ល្អមួយដល់គេ កុំនិយាយពាក្យបែកគ្នាងាយៗពេក

នៅក្នុងរឿងស្នេហា ភាគច្រើនមនុស្សប្រុសជាអ្នកដែលមកយកចិត្តអ្នកមុន និងធ្វើការលះបង់មុន ទន្ទឹមនឹងនេះ គេក៏សង្ឃឹមថាការលះបង់របស់គេនឹងទទួលបាននូវការឆ្លើយតបមួយដ៏ល្អផងដែរ។ តែបើអ្នកតែងតែមើលរំលងអំពីការលះបង់របស់គេ ទុកគេចោល ឬមិនឆ្លើយតបអ្វីសោះនោះ ហើយថែមទាំងឱ្យគេតែងតែទាយអំពីចិត្តរបស់អ្នកនោះ ព្រមទាំងពេលខ្លះ អ្នកតែងពោលពាក្យបែកគ្នាជាមួយគេដដែលៗទៀតនោះ ទាំងនេះសុទ្ធតែធ្វើឱ្យចិត្តគេរងរបួសយ៉ាងធ្ងន់ធ្ងរ។

2

ផ្ទុយមកវិញបើអ្នកសុខចិត្តបើកចិត្តនិយាយជាមួយគេ ឆ្លើយតបនូវអ្វីដែលគេបានធ្វើមកលើអ្នក អ្នកមិនដែលយកពាក្យបែកគ្នាមកគម្រាមគេ នោះហើយជាសន្តិភាពផ្លូវចិត្តដែលមនុស្សប្រុសភាគច្រើនចង់បាន។ បែបនេះឱ្យគេយល់ថាអ្នកពិតជាចង់ដើរលើផ្លូវមួយនេះជាមួយគេ អ្នកជឿជាក់ និង ផ្តល់តម្លៃលើស្នេហាមួយនេះ។

៣. យល់ពីគេ និងគាំទ្រគេឱ្យបានច្រើន កុំចេះតែបំបាក់ទឹកចិត្តគេ

យើងតែងនិយាយថា កើតជាមនុស្សស្រី គឺមិនងាយស្រួលនោះទេ ត្រូវទទួលរ៉ាប់រងការងារច្រើន ប៉ុន្តែតាមពិតទៅគ្មាននរណាស្រួលជាងនរណាឡើយ ព្រោះសង្គមបច្ចុប្បន្នមានតម្រូវការច្រើន ។ យើងមកក្រឡេកមើលមនុស្សប្រុសដែលមានទំនួសខុសត្រូវវិញម្តង ពួកគេក៏មិនងាយស្រួលដែរ ជួនកាលត្រូវរ៉ាប់រងការងារក្នុងផ្ទះ មានឪពុកម្តាយទាំងសងខាង មើលថែកូន ថ្លៃចំណាយ ការងាររកស៊ី ទំនុកបំរុងគ្រប់បែបយ៉ាង ។

ពេលដែលមនុស្សប្រុសម្នាក់បានខិតខំបំពេញតួនាទីរបស់ខ្លួនហើយ សូមអ្នកកុំព្យាយាមយកគេទៅប្រៀបធៀបជាមួយអ្នកដទៃ ឬក៏ស្អប់ខ្ពើមគេឱ្យសោះ។ ដ្បិតតែគេមិននិយាយអ្វីមែន ប៉ុន្តែមិនប្រាកដថាគេមិនចេះឈឺចិត្ត និងតូចចិត្តនោះឡើយ គេក៏ចេះបាក់ទឹកចិត្តដែរ។

តាមពិតទៅនេះមិនត្រឹមតែបណ្តាលឱ្យគេបាត់បង់ជំនឿចិត្តលើខ្លួនគេទេ ថែមទាំងធ្វើឱ្យគេបាត់បង់ជំនឿចិត្តចំពោះស្នេហាមួយនេះទៀតផង គេនឹងគិតថាអ្នកនឹងទៅចោលគេនៅក្នុងថ្ងៃណាមួយជាមិនខាន។ មនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរ សុទ្ធតែស្រលាញ់មុខមាត់ ទោះគេបង្ហាញភាពរឹងមាំនៅចំពោះមុខអ្នកក៏ពិតមែន ប៉ុន្តែគេក៏មានភាពទន់ជ្រាយដែលអ្នកមើលមិនឃើញដែរ ។

ដូច្នេះហើយ បើអ្នកឃើញគេកំពុងតែប្រឹងប្រែងដើម្បីអនាគតអ្នកទាំងពីរហើយ តែអ្នកគ្មានសមត្ថភាពជួយដល់គេនោះ វិធីល្អតែមួយគត់ សូមអ្នកជួយលើកទឹកចិត្ត និងគាំទ្រដល់រូបគេផង ឱ្យគេមានកម្លាំងបន្តដំណើររបស់ពួកគេតទៅទៀត៕

អត្ថបទ ៖ បក្សីទេព / Knongsrok