#ព្រមទទួលកំហុស
ខ្ញុំនៅតែមានជំនឿថា នៅលើផែនដីយើងនេះ ពុំមាននរណាម្នាក់អាចគេចផុតពីកំហុសបាននោះទេ បើទោះជាអ្នកនោះមានចំណេះចេះដឹងជ្រៅជ្រះឬមានប្រាជ្ញាឈ្លាសវៃលើសគេក៏ដោយចុះ ក៏នៅតែមានកំហុសខុសឆ្គងគេចមិនរួចដែរ។
កំហុសគ្មានអ្វីដែលគួរឱ្យអ្នកខ្លាចញញើតនោះឡើយ តែកំហុសគឺជាមេរៀនជីវិតដ៏ល្អដែលប្រាប់ពីផ្លូវមួយដ៏ប្រសើរដល់អ្នក។ កំហុសបង្កើតនូវបទពិសោធ និងជាជំហានស្វែងរកផ្លូវត្រឹមត្រូវមួយសម្រាប់ដើរបន្ដ។ ទម្រាំខ្ញុំដើរដល់កន្លែងដែលខ្ញុំអាចឈរជើងបានមួយនេះ គឺខ្ញុំធ្លាប់មានកំហុសច្រើនរាប់មិនអស់ទៅហើយ មិនថាពីមុនឬក្នុងពេលថ្មីៗនេះទេ។
កំហុសខ្ញុំ គឺត្រង់ជ្រួសជ្រុលពាក្យសម្ដី ជ្រួសជ្រុលកំហឹង ជ្រួសជ្រុលការយល់ឃើញចំពោះគេច្រើន។ គ្រប់កំហុសទាំងអស់នេះ ខ្ញុំពុំដែលដោះសាយករួចខ្លួនឡើយ។ ជាទម្លាប់ខ្ញុំ កំហុសដែលបានសាងមកពីអារម្មណ៍ស្រ្ដេសរបស់ខ្ញុំ គឺខ្ញុំមិនដែលខ្លាចក្នុងការទទួលកំហុសនោះទេ។ កំហុសដែលខ្ញុំសាងមក ខ្ញុំឆាប់ដឹងខ្លួនណាស់ ហើយខ្ញុំក៏បានសុំការអធ្យាស្រ័យពីគេ និងសូមទោសគេភ្លាមៗវិញដែរ ដោយមិនស្ទាក់ស្ទើរចិត្ដឡើយ។
ដូច្នេះ ខ្ញុំបានសាងកំហុសច្រើនណាស់ ហើយនឹងមានកំហុសផ្សេងៗទៀតរាប់មិនអស់ដែលខ្ញុំអាចនឹងសាងវាឡើង តែខ្ញុំព្រមទទួលយកកំហុសនោះ និងទាញយកកំហុសទាំងអស់នោះឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិខ្ញុំ។ បើនិយាយចំពោះខ្ញុំវិញនោះ បើខ្ញុំដឹងថាគេធ្វើខុសហើយ ហើយគេមកសូមទោសខ្ញុំតែមួយម៉ាត់ នោះខ្ញុំនឹងមានអារម្មណ៍ថា បំភ្លេចអស់នូវរាល់កំហុសឆ្គងរបស់គេ និងឆាប់អធ្យាស្រ័យឱ្យគេភ្លាមៗដែរ។
ការព្រមទទួលយកកំហុសផ្ដល់នូវគុណប្រយោជន៍ដូចជា៖
ទី១. បញ្ជាក់ថាខ្លួនឯងពិតជាខុស
ទី២. បញ្ជាក់ពីភាពក្លាហានអង់អាច ស្មោះត្រង់ និងការមោះមុតរបស់យើង
ទី៣. បញ្ជាក់ពីទំនួលខុសត្រូវ និងភាពជាចាស់ទុំរបស់យើង
ទី៤. បញ្ជាក់ពីឧត្ដមគតិ និងចំណេះដឹងរបស់យើង
ទី៥. អាចលុបលាងការរអៀសខ្លួនរបស់យើងបាន
ទី៦. បានបំពេញទឹកចិត្ដឱ្យគេ និងកុំឱ្យគេក្ដៅក្រហាយចិត្ដមកយើង
ទី៧. ធ្វើឱ្យខ្លួនឯង និងអ្នកដទៃសប្បាយចិត្ដមកវិញ
ទី៨. អាចប៉ះប៉ូវទឹកចិត្តគេបានមកវិញ
ទី៩. រក្សាបាននូវសម្ពន្ធភាពរវាងគ្នានិងគ្នាមកវិញ
ទី១០. ទទួលបានការទុកចិត្ដពីអ្នកជុំវិញខ្លួនយើង៕