ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េងលី៖​ ​…ចំណាយពេលពេលអានតែ១៥នាទីយ៉ាងតិច ខណៈលោកអ្នកកំពុងពិសាកាហ្វេ…

[…] អ្នកត្រូវតែកំណត់ពេលវេលាអានឱ្យបានជាប្រចាំ។ ឧ.ព្រលឹមឡើង ក្រោយអាហារពេលព្រឹក អ្នកគួរតែឆ្លៀតអានព័ត៌មាននៅលើកាសែត ឬគេហេទំព័រសារព័ត៌មានក៏បាន ព្រោះសម័យឥឡូវ គ្រប់សារព័ត៌មានទាំងអស់ គេមានគេហទំព័រផ្ទាល់ខ្លួន។

លេងហ្វេសប៊ុក លេងឱ្យចំណេញ។ យើងអាច Like ផេកព័ត៌មានទាំងនោះ ដែលផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីទទួលបានដំណឹងថ្មីៗទាន់ហេតុការណ៍ទាក់ទងនឹងបញ្ហាកើតឡើងក្នុងសង្គម។ ហើយក៏ពុំគួរអានព័ត៌មានដែលផ្សាយចេញពីមួយស្ថាប័ននោះដែរ។

អ្នកគប្បីអានឱ្យបានចាប់ពីពីរទៅបីស្ថាប័នយ៉ាងហោច ដើម្បីងាយទទួលបានទិន្នន័យច្បាស់ការ ជួយឱ្យអ្នកងាយនឹងវិភាគថ្លឹងថ្លែងរកការពិត។ ចំណាយពេលពេលអានតែ១៥នាទីយ៉ាងតិច ខណៈលោកអ្នកកំពុងពិសាកាហ្វេ។ អានដើម្បីដើរទាន់ហេតុការណ៍នានា។

អាន វិភាគ និងឈ្វេងយល់ នឹងធ្វើឱ្យអ្នករីកសាយគំនិត និងដើរទាន់ការប្រែប្រួលផ្សេងៗ។ ហើយបើអានអ្វីមួយ អានឱ្យច្បាស់ យល់ជាសាច់ការ ប្រាថ្នាឱ្យចេះ ទើបចំណេះមិនក្លែងក្លាយ។ អានច្រើន នឹងបណ្តុះគំនិតឱ្យចេះត្រិះរិះ ហាក់ដូចជាយើងបានសិក្សាស៊ីជម្រៅ ហើយមានចំណេះដឹងជ្រៅជ្រះដូច្នោះដែរ។

អានច្រើន ធ្វើឱ្យមនុស្សចេះពិចារណា។ ការពិចារណាថ្លឹងថ្លែងវែងឆ្ងាយ ធ្វើឱ្យមនុស្សមានហេតុផល យោគយល់ លើកលែង និងអនុគ្រោះ។

ខ្ញុំជឿជាក់ថាចំណេះដឹង នាំឱ្យមនុស្សយើងមានគំនិតគិតគូរទូលំទូលាយ អាចមើលធ្លុះធ្លាយរយពាន់បញ្ហា មានភាពអត់ធ្មត់ ម្ចាស់ការ និងយកយុត្តិធម៌ជាគោលការណ៍។ កាលបើយុវជនចាប់ផ្តើមអាន និងស្រាវជ្រាវ ខ្ញុំជឿថាយុវជននឹងហ៊ានចូលរួម ហ៊ានលើកយោបល់ ហ៊ានតស៊ូមតិ និងហ៊ានអភិវឌ្ឍខ្លួនដើម្បីដើរឱ្យទាន់គេទាន់ឯង។

ហើយយុវជនយើងកម្របរាជ័យណាស់ បើមានអ្នកចង្អុលបង្ហាញទិសដៅ បណ្តុះបណ្តាល ណែនាំ ប្រឹក្សាយោបល់ និងផ្តល់នូវទស្សនវិស័យច្បាស់លាស់។ មនុស្សដែលមានចំណេះដឹង គំនិតទូលំទូលាយ ចិត្តអត់ធ្មត់ មានភាពម្ចាស់ការ តម្លាភាព និងយុត្តិធម៌នៅក្នុងខ្លួន គេហៅថា បញ្ញាវន្តនិយម ដែលអ្នកដទៃមើលឃើញថាថ្លៃថ្នូរ និងទទួលបានសេចក្តីគោរពស្រលាញ់រាប់អានពីសង្គមជុំវិញ។ […]

ដកស្រង់​ចេញពីសៀវភៅ​ បណ្តុំទស្សនៈ​ ស្នាដៃនិពន្ធរបស់​ ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េងលី

លោក​អ្នក​ អាច​ស្វែង​រក​ជា​វសៀវភៅ​ បណ្តុំទស្សនៈ​ ស្នាដៃនិពន្ធរបស់​ ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េងលី​ នៅបណ្ណាគារ​ អន្តរទ្វីប​ ទាំង​ ៦ទីតាំង​។