មនុស្សមួយចំនួនធំ ជាពិសេសគឺស្រីៗតែម្ដង នៅពេលដែលនាងទទួលរងនូវការឈឺចាប់ព្រោះតែរឿងស្នេហាភ្លាមៗ នាងប្រាកដជាមានអារម្មណ៍ខ្លាចរអាខ្លាំង ក្នុងការចាប់ផ្ដើមស្នេហាជាថ្មីម្ដងទៀត នាងខ្លាចការឈឺចាប់ ខ្លាចត្រូវខកចិត្ត ខ្លាចជួបមនុស្សដែលធ្វើបាបចិត្តនាងជាថ្មី។ លើសពីនេះ ក៏មានមនុស្សស្រីខ្លះ ហាក់មានគំនិតគិតថា ការបែកបាក់ស្នេហា ការឈឺចាប់ និងខូចចិត្ត គឺជាចំណុចចុងក្រោយនៃជីវិតរបស់នាងថែមទៀតផង។
យ៉ាងណាមិញ ការបែកបាក់ស្នេហា មិនមែនជាដំណាក់កាលចុងក្រោយនៃជីវិតនោះទេ បើអ្នកគិតទៅរកផ្លូវល្អ ផ្លូវវិជ្ជមាន អ្នកនឹងដឹងថា ការពិតទៅ ការបែកបាក់ស្នេហា ការឈឺចាប់ និងខកចិត្ត វាមានចំណុចល្អជាច្រើនដែលអ្នកគួរតែឈ្វេងយល់បន្ថែមទៀត។
ខាងក្រោមនេះ ជាចំណុចល្អដែលអ្នកនឹងទទួលបានពីការបែកបាក់ស្នេហា ៖
១. ស្វែងយល់ពីពិភពលោក
បន្ទាប់ពីការបែកបាក់ស្នេហា បើអ្នកមិនផ្ដោតតែអារម្មណ៍ទៅលើចំណុចអវិជ្ជមានខ្លាំងពេក ឬអ្នកជាមនុស្សរឹងមាំគ្រប់គ្រាន់ អ្នកនឹងអាចឈ្វេងយល់បានថា ការពិតជីវិតបន្ទាប់ពីបែកបាក់ស្នេហា គឺអ្នកអាចរកឃើញនូវពិភពដ៏ធំធេងសម្រាប់ជីវិត វាមិនតូចចង្អៀត ដូចពេលដែលអ្នករស់នៅ និងសាងទំនាក់ទំនងជាមួយមនុស្សដែលមិនស្រឡាញ់អ្នក មិនស្មោះនឹងអ្នក មិនដែលឱ្យតម្លៃអ្នកនោះឡើយ។
២. បទពិសោធន៍នឹងបង្រៀនអ្នកដោយខ្លួនឯង
មេរៀននៃស្នេហាដែលបរាជ័យម្ដងនេះ ធ្វើឱ្យអ្នកបែកបាក់ជាមួយនឹងដៃគូ វាក៏នឹងបង្រៀនឱ្យអ្នកបានចេះដឹង និងឆ្លាតជាងមុន ចំពោះការសាងស្នេហាសម្រាប់លើកក្រោយ។ មិនថាអ្វីក៏ដោយ ឱ្យតែជាមេរៀនគឺសុទ្ធតែមានតម្លៃសម្រាប់យើងយកទៅគិតពិចារណា និងអនុវត្តជាថ្មីនៅថ្ងៃខាងមុខ។
៣. ដឹងពីគុណវិបត្តិ និងកែលម្អខ្លួនឯង
ជាការពិតណាស់ មិនថាយើងបែកគ្នាព្រោះតែម្ខាងទៀតមានថ្មី ក្បត់ចិត្តយើងយ៉ាងណាទេ តែយើងក៏មាននូវគុណវិបត្តិមួយចំនួនផងដែរក្នុងខណៈពេលដែលយើងទាក់ទងជាមួយនឹងគេ។ គុណវិបត្តិនោះមានដូចជា ភាពទន់ជ្រាយ ភាពល្ងង់ឆោត ជឿទុកចិត្តមិនគិតពិចារណា ភាពសាំញុំា រករឿង ឈ្លោះទាស់ សង្ស័យ ប្រចណ្ឌ ឬក៏ភាពព្រងើយកន្តើយ ជាដើម ...។ ចំណុចទាំងនេះហើយ ក៏អាចជាចំណុចអវិជ្ជមានដែលយើងគយរតែរៀនសូត្រ និងចៀសវាងនៅពេលដែលយើងចាប់ផ្ដើមស្នេហាជាថ្មីជាមួយនឹងអ្នកក្រោយ។
៥. មានឱកាសជួបមនុស្សដែលសម និងល្អគ្រប់គ្រាន់
បន្ទាប់ពីបែកបាក់ជាមួយអ្នកចាស់ ប្រាកដណាស់ថាយើងនឹងមានឱកាសបានជួបអ្នកថ្មី ហើយអ្នកថ្មីនេះដែរ គេប្រាកដជាល្អ និងសក្តិសមជាមួយយើងពិតប្រាកដ មិនដូចអ្នកចាស់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវសួរខ្លួនឯងសិនថា ស្នេហាលើកក្រោយនេះ យើងព្រមបើកចិត្តទទួលយកគេឬទេ? តើយើងត្រៀមខ្លួនរួចរាល់សម្រាប់សាងដៃគូជាថ្មីឬនៅ? ពេលខ្លះ បើយើងនៅមិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមទេ យើងក៏មិនគួរបើផ្លូវនោះដែរ។
៦. មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង
អ្នកនៅលីវ ឬអ្នកទើបបែកបាក់ស្នេហា ប្រាកដជាមានពេលវេលាច្រើនសម្រាប់ខ្លួនឯង ចេះផ្ដល់សេរីភាព និងអាចមើលថែខ្លួនឯងបានយ៉ាងល្អ តែសំខាន់ គឺស្ថិតលើយើងខ្លួនឯងចេះធ្វើខ្លួនឱ្យរឹងមាំ និងមានភាពក្លាហានក្នុងការមើលថែខ្លួនឯងដែរឬទេ? ដូច្នេះ អ្នកនៅលីវ ឬបែកបាក់ស្នេហា គឺតែងតែចំណាយពេលច្រើនដើម្បីខ្លួនឯង មិននៅត្រាំត្រែងនឹងខូចចិត្ត ឬក៏មមាញឹកដូចកាលមានស្នេហានោះឡើយ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ