រាងកាយរបស់យើងមិនអាចដំណើរការបានល្អនោះទេ បើគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ មិនចាំបាច់តែទៅសួរដល់អ្នកជំនាញនោះទេ អ្នកខ្លួនឯងផ្ទាល់ក៏អាចសង្កេតមើលដឹងបាន ថារាងកាយកំពុងខ្វះនូវអាហារូបត្ថម្ភ ឬសារធាតុចិញ្ចឹមឬអត់ ដោយត្រឹមមើលនៅសញ្ញាកើតឡើងទាំង ៨ នេះ៖
៨) ចុះថយប្រព័ន្ធភាពសាំ
ភាពសាំនៃរាងកាយនឹងត្រូវបានកាត់បន្ថយ ប្រសិនអ្នកមានកង្វះខាតនៅជាតិអំបិល វីតាមីន C និងប្រូតេអ៊ីនគុណភាពខ្ពស់។ វានឹងធ្វើឲ្យរាងកាយងាយទទួលរងជំងឺផ្តាសាយ ឬឆាប់ចុះខ្សោយ។
អ្នកគួរតែផ្លាស់ប្តូរមកទទួលទានរបបអាហារប្រចាំថ្ងៃ ដែលសម្បូរទៅដោយប្រូតេអ៊ីន មានដូចជាទឹកដោះគោ សណ្តែក សាច់គ្មានខ្លាញ់ និងត្រីជាដើម។
៧) របកស្បែកបាត់ដៃឬជើង
ជាសញ្ញាបង្ហាញថា អ្នកខ្វះខាតនៅវីតាមីន A ដែលវាល្អសម្រាប់សុខភាពស្បែក។ អ្នកគួរប្តូរមកទទួលទាននូវស៊ុត និងការ៉ុតឲ្យបានច្រើន។
៦) វិលមុខនិងស្លេកស្លាំង
នៅពេលដែលរាងកាយខ្វះជាតិដែក នោះការរំលាយអុកស៊ីហ្សែនក្នុងឈាមក៏ចុះខ្សោយ បណ្តាលឲ្យឧស្សាហ៍ឈឺក្បាល វិលមុខ និងស្លេកស្លាំង។ អ្នកគួរតែប្តូរមកទម្លាប់ទួលទានអាហារដែលមានជាតិដែកច្រើន ដូចជាសាច់ឈាមក្រហម សរីរាង្គសត្វ និងផ្សិតខ្មៅ។
៥) ពងមាត់កើតឡើងរឿយៗ
នៅពេលដែលប្រព័ន្ធ Endocrine ជួបបញ្ហា នោះនឹងងាយឲ្យអ្នកកើតដំបៅក្នុងមាត់។ នេះមកពីអ្នកមានកង្វះខាតវីតាមីន B ជាពិសេស B2។ ដូច្នេះអ្នកគួរតែទទួលទានឲ្យបានច្រើននៅការ៉ុត សណ្តែកសៀង និងល្ពៅ។
៤) ត្រជាក់ចុងដៃជើង
អ្នកដែលមានកង្វះជាតិសេលេញ៉ូម នឹងធ្វើឲ្យឈាមរត់យឺត បណ្តាលឲ្យមានអាការៈត្រជាក់ដៃជើងនេះកើតឡើង។ ចូរបន្ថែមអាហារដូចជាផ្សិត ខ្ទឹមស និងសំបកខ្យងឲ្យបានច្រើន។
៣) ហូរឈាមច្រមុះញឹកញាប់
មកពីអ្នកខ្វះវីតាមីន K បែបនេះអ្នកអាចបំពេញវាបាន ដោយទទួលទានស្ពៃក្តោប ស្ពៃខៀវ និងទឹកដោះគោជូរ។ ប៉ុន្តែបើវាស្ថិតនៅដំណាក់កាលធ្ងន់ធ្ងរ និងញឹកញាប់ខ្លាំងត្រូវប្រញាប់ទៅពេទ្យ។
២) ចុះថយការចងចាំ
ដោយសារតែខួរក្បាលស៊ីថាមពល ២០ ភាគរយពីរាងកាយ ដូច្នេះការចងចាំក៏មកពីកត្តាចំណីអាហារខ្លះដែរ។ អ្នកគួរតែទទួលទានឲ្យបានច្រើននៅដំឡូងជ្វា គ្រាប់ធញ្ញជាតិ ស៊ុត ត្រី និងសណ្តែក ដែលមានអាស៊ីដខ្លាញ់អូមេហ្គា ៣ និងកូរ៉ូលីន ដែលអាចចិញ្ចឹមកោសិកាខួរក្បាល។
១) ចាស់ជាងវ័យ
បើអ្នកស្ថិតនៅអាយុស្រករគ្នានឹងគេ តែអ្នកមើលទៅរាងចំណាស់ជាងវ័យ នោះអ្នកខ្វះសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាខារ៉ាទីន វីតាមីន និង Flavanoid។ ចូរបន្ថែមទទួលទានឲ្យបានច្រើននៅផ្លែប្ល៊ូបេរី ការ៉ុត និងប៉េងប៉ោះជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក