រក្សា​ឲ្យ​ជាប់​ទម្លាប់ ៥ នេះ​មុន​ចូល​គេង ព្រោះ​អាច​ជួយ​ឲ្យ​អ្នក​អាយុ​វែង គ្មាន​ជំងឺ​បៀតបៀន

ប្រសិន​អ្នក​អាច​រក្សា​ជាប់​នៅ​ទម្លាប់​ទាំង ៥ ខាង​ក្រោម​មុន​ចូល​គេង នោះ​ជារឿយៗ​អ្នក​នឹង​ទទួល​បាន​សុខភាព​ល្អ ជា​កត្តា​ជួយ​ពន្យារ​អាយុ​របស់​អ្នក​ឲ្យ​កាន់​តែ​វែង៖

៥) លំហាត់​ប្រាណ​ស្រាលៗ

1

ការ​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​មុន​ចូល​គេង វា​ល្អ​ទាំង​សម្រាប់​សុខភាព​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត។ អ្នក​អាច​ធ្វើ​ចលនា​យូហ្គា​សាមញ្ញៗ ឬ​ក៏​ការ​លើក​ឡើង​ទល់​ជញ្ជាំង​ពេល​អ្នក​ទម្រេត​ខ្លួន​ទៅ​លើ​គ្រែ។ ម្យ៉ាង​ទៀត​ឬ​អាច​ដើរ​ចុះ​ឡើង​ទៅ​មក​ឲ្យ​មាន​សកម្មភាព​បន្តិច នោះ​នឹង​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់។

៤) ត្រាំ​ជើង

2

មនុស្ស​អាយុ​វែង​នៅ​ប្រទេស​ចិន ឲ្យ​តែ​មុន​ចូល​គេង ពួក​គេ​មាន​ទម្លាប់​ត្រាំ​ជើង​ទៅ​ក្នុង​ទឹក ព្រោះ​ជឿ​ថា​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល និង​ចរន្ត​ឈាម​ដើរ​ល្អ។ អ្នក​អាច​ត្រាំ​ជើង​ទៅ​ក្នុង​ទឹក​ក្តៅ​ប្រហែល ៤០ អង្សា​សេ រយៈ​ពេល ១៥ ទៅ ៣០ នាទី រួច​ពេល​ត្រាំ​យើង​អាច​ម៉ាស្សា​បាត​ជើង​ថ្នមៗ ដើម្បី​ការពារ​ដល់​តម្រង​នោម និង​ខ្យល់​ចេញ​ចូល​ពេញ​រាងកាយ​ទាំង​មូល។

៣) ម៉ាស្សា​ក្បាល

3

ក្បាល​គឺ​ជា​កន្លែង​សំខាន់ ដែល​ប្រមូល​ផ្តុំ​នៅ​ប្រព័ន្ធ​ប្រសាទ​ជា​ច្រើន​របស់​មនុស្ស។ តាម​ក្បួន​ចាក់​ម្ជុល​វិទ្យាសាស្រ្ត គេ​ណែនាំ​ឲ្យ​អ្នក​ប្រើ​ម្រាម​ដៃ​ទាំង ៥ ហើយ​សង្កត់​ញី​បែប​ម៉ាស្សា​ថ្នមៗ​លើ​ផ្នែក​នៃ​ថ្ងាស ដែល​វា​នឹង​ជួយ​ឲ្យ​ខួរក្បាល​ទទួល​យក​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​បាន​គ្រប់គ្រាន់។ នេះ​ពង្រឹង​ទាំង​ការ​ចងចាំ ជួយ​បំបាត់​ភាព​អស់​កម្លាំង អាច​គេង​លក់​ស្រួល។

២) ត្រដុស​កំភួន​ជើង​

4

បន្ទាប់​ពី​សកម្មភាព​ហត់នឿយ​ពេញ​មួយ​ថ្ងៃ អ្នក​មាន​អាយុ​វែង​ទម្លាប់​បន្ធូរ​សាច់​ដុំ​ជើង​មុន​ចូល​គេង ទើប​អាច​ឲ្យ​ពួក​គេ​គេង​លក់​ស្រួល។ នោះ​គឺ​ងាយ​ទេ ត្រឹម​តែ​យក​ដៃ​របស់​យើង​មក​ចាប់​ញី​ពី​ផ្នែក​ជង្គង់​មក​ដល់​កំភួន​ជើង​ថ្នមៗ​ទាំង​សង​ខាង​រយៈ​ពេល ៥ នាទី​ជា​ការ​ស្រេច។

១) ផឹក​ទឹក​មុន​ចូល​គេង

5

ត្រូវ​ប្រកាន់ខ្ជាប់​ទម្លាប់​ទទួល​ទាន​ទឹក ១ កែវ​មុន​ចូល​គេង នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត​ទៀត​ផង។ សារធាតុ​ទឹក​ដែល​យើង​ស្រូប​ចូល វា​ជួយ​ឲ្យ​រាងកាយ​កម្ចាត់​ជាតិ​ពុល​បាន​ល្អ​នៅ​ពេល​រាងកាយ​សម្រាក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក