ធ្លាប់ឆ្ងល់និងគិតដែរទេ ហេតុអ្វីមនុស្សស្រីមួយចំនួនស្អាតក៏ស្អាត ពូកែក៏ពូកែ តែមិនទាន់មានគូជីវិតនឹងគេ? តាមពិតទៅវាមានហេតុផលជាច្រើននៅពីក្រោយនោះ ដែលពាក់ព័ន្ធនឹងអត្តចរិត និងភាពជាខ្លួនឯងខ្លាំងពេក ដែលមិនអាចផ្លាស់ប្តូរដើម្បីបំពេញចិត្តដៃគូម្ខាងទៀត។
ក្នុងអត្ថបទនេះ Knongsrok បង្ហាញ ៥ ចំណុចដែលធ្វើឲ្យនារីភាគច្រើនពិបាកនឹងរកបានប្តីខ្លាំងបំផុត ហើយបើមានដៃគូ ក៏មិនជាប់លាប់ ត្រឹមមួយរយៈពេល តែងកើតភាពប្រេះឆា៖
៥) ល្អពេក
ពាក្យថាល្អពេក អ្នកមិនខុសនោះទេ តែវាជារឿងធម្មតាទៅហើយ។ មនុស្សស្រីដែលមានការងារធ្វើខ្ពង់ខ្ពស់ អាចរកបានប្រាក់ចំណូលលើសលប់ដោយខ្លួនឯង ច្រើនតែអភ័ព្វមិនងាយនឹងបានស្វាមីនោះទេ។ នោះក៏ដោយសារតែបុរសល្មមៗក៏គេមិនហ៊ានចូលសួរ ព្រោះពួកគេគិតថា គេមិនសូវមានទំនុកចិត្តក្នុងការចាប់ផ្តើមទំនាក់ទំនងជាមួយអ្នក បែបនេះបើទាល់ខ្លាំង មានតែអ្នកបន្ទាបខ្លួនធ្វើរាងទន់ខ្សោយបន្តិច។
លាក់ទ្រព្យ លាក់សាវតា កុំសម្ញែងពេក បើអ្នកដាក់ដៃគូ លើបុរសដែលមានជីវភាពទាបជាងខ្លួន ព្រោះជាការពិត បុរសដែលស្រលាញ់អ្នក គេក៏គិតគូរខ្លាំងណាស់ដែរ គេមិនរំពឹងមកសប្បាយលើគំនរទ្រព្យ ឬឲ្យអ្នកចិញ្ចឹមគេនោះទេ។ បែបនេះ រឿងអស់នោះ សឹមព្យាយាមពន្យល់គ្នាតាមក្រោយម្តងបន្តិច ជាជាងស៊ីជម្រៅឲ្យឃើញភ្លែត ត្រឹមការណាត់ជួបដំបូង។
៤) ការអត់ធ្មត់នៅមានកម្រិត
មនុស្សគ្មានអ្វីធំជាងការអត់ធ្មត់នោះទេ មិនថាតែក្នុងជីវិតស្នេហា ឬជីវិតរស់នៅធម្មតានោះឡើយ។ ការដែលមានភាពអត់ធ្មត់ទាបពេក ឬឆាប់ខឹង ឆាប់ឆេវឆាវ ប្រសិនណាបុរសដែលរៀបស្រលាញ់អ្នក គេបានដឹង នោះគេក៏នឹងកាត់ចិត្តចាកចេញទៅដែរ។
ចាំថា មនុស្សកាន់តែពេញវ័យ ពេលវេលាកាន់តែស្តួចស្តើង មិនថាគេគ្មានពេលឲ្យអ្នកទេ តែដោយសារកត្តាជីវភាព ត្រូវខិតខំរកស៊ី បំពេញការងារ បែបនេះ ពេលវេលានៅជាមួយគ្នា គឺគេចង់សាងស្នាមញញឹម ជាជាងការតាមលួងឥតល្ហែរ។ មនុស្សប្រុសចាស់ទុំ ក៏ស្រលាញ់មនុស្សស្រី ដែលមានចរិតចាស់ទុំដូចគ្នា។
៣) មិនចុះចាញ់សោះ
ការដែលរឹងមាំខ្លាំងពេក ជឿជាក់លើខ្លួនឯងខ្លាំងពេក វាធ្វើឲ្យដៃគូម្ខាងទៀតពិបាកក្នុងការសម្របខ្លួនជាមួយ។ ជាក់ស្តែងគឺពេលឈ្លោះប្រកែកឬមិនត្រូវគ្នា ក្នុងទំនាក់ទំនងស្នេហា គឺទាមទារឲ្យមានការអត់ឱនទៅមុខ តែបើម្ខាងទាមទាររកឈ្នះរហូត ក៏មិនអាចរស់នៅជាមួយគ្នាបានដែរ។
គ្មាននរណាដែលថាមិនធ្លាប់ខុស តែបើអ្នកខុសហើយ អ្នកនៅតែរកចន្លោះ ទម្លាក់ឲ្យខាងប្រុសជាអ្នករែក ឬមិនខ្ចីហាមាត់ សូម្បីតែពាក្យ សុំទោស នោះក៏មិនអាចចុះសម្រុងបានយូរកើតដែរ។ ការអធ្យាស្រ័យ ការយោគយល់ ក្នុងអត្ថន័យស្នេហាដ៏ពេញលក្ខណៈ គឺទាមទារខ្ពស់ណាស់ ហើយក៏ត្រូវផ្តល់ឲ្យទៅវិញទៅមក មិនមែនតែម្ខាង។
២) និយាយដោយមិនឆ្លងកាត់ខួរក្បាល
ពាក្យនេះស្តាប់ទៅរាងធ្ងន់បន្តិច តែវាជាការពិត ការដែលមនុស្សស្រីនិយាយគ្រប់យ៉ាង ត្អូញត្អែរគ្រប់យ៉ាង ដោយមិនខ្វល់ពីអារម្មណ៍មនុស្សក្បែរខ្លួន នោះយូរទៅក៏គេធុញទ្រាន់លែងចង់នៅក្បែរដែរ។ នារីប្រភេទនេះ ពិបាករកឃើញស្នេហាពិតជាទីបំផុត ព្រោះនាងខ្លួនឯងផ្ទាល់ មិនទាន់យល់ច្បាស់អំពីពាក្យពេចន៍ដែលត្រូវប្រើជាមួយដៃគូផងនោះ។
សម្តីប្រល័យចិត្ត អ្វីដែលអ្នកនិយាយមួយម៉ាត់ពីរ ជួនខ្លះ អាចឲ្យគេចងចាំ ឆ្អែតចិត្តអស់មួយជីវិតក៏មាន។ រៀនចេះគ្រប់គ្រងអារម្មណ៍ ចេះឆ្លងកាត់ការពិចារណា មុនហាមាត់ និយាយពាក្យពេជន៍ណាមួយទៅខាងក្រៅ ជាពិសេសគឺពេលខឹង។
១) ស្វែងរកបុរសល្អឥតខ្ចោះ
ស្នេហាពិត វាកើតឡើងពីការកែតម្រូវគ្នាទៅមក មិនមែនចាប់ផ្តើមឡើង អ្នកអាចជួបបុរសដែលមានពិន្ទុ ១០០ ពេញនោះទេ។
បើអ្នកសម្លឹងចង់បានតែបុរសសង្ហារ មាន ពោរពេញដោយចំណេះដឹង មានគេរាប់រកច្រើន អ្នកប្រហែលជាពិបាករកបន្តិច តែបើត្រឹមរកបុរសដែលស្មោះត្រង់នឹងអ្នក ហើយសឹមបំពេញចំណុចផ្សេងទៀតមកតាមក្រោយ នោះប្រហែលជាមិនពិបាកពេកទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក