មនុស្សស្រី ទោះបីអ្នកស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ ក៏អ្នកត្រូវតែឱ្យតម្លៃខ្លួនឯង ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន កុំព្រោះតែស្រឡាញ់គេងប់ងុល ងើបមុខមិនរួច ក៏ចេះតែបណ្ដោយឱ្យគេធ្វើអ្វីតាមតែអំពើចិត្ត ធ្វើឱ្យខ្លួនអ្នកឈឺចាប់ ទឹកភ្នែកដោយសារគេម្ដងហើយម្ដងទៀត។ យ៉ាងណាមិញ ប្រសិនបើគេធ្វើរឿងទាំង ៣ នេះចំពោះអ្នក អ្នក៏គួរតែដឹងខ្លួនទៅ កុំទុកឱកាសឱ្យគេកែខ្លូនអី គ្មានថ្ងៃគេកែប្រែឡើយ ដូច្នេះហើយ ដើរចេញ រកក្ដីសុខឱ្យខ្លួនឯងវិញល្អជាង។
១. កុហក បោកប្រាស់អ្នកច្រើនដងពេក
អំពើផិតក្បត់រវាងប្តីប្រពន្ធ ប្រៀបដូចជាជំងឺដែលចូលមកហើយប៉ះពាល់ដល់សុភមង្គលគ្រួសារយ៉ាងខ្លាំង។ ផលប៉ះពាល់បន្ទាប់បន្សំរបស់វា កាន់តែគ្រោះថ្នាក់ដែលធ្វើឱ្យសមាជិកដែលនៅសេសសល់រងរបួសផ្លូវចិត្ត ប៉ះពាល់ដល់ជីវិតខាងវិញ្ញាណរបស់ពួកគេ។
ការក្បត់ត្រឹមតែម្ដង ក៏ជាបញ្ហាណាស់ទៅហើយ ប៉ុន្តែបើស្ថានភាពនេះបន្តកើតឡើងច្រើនដង ទោះបីអ្នកស្រឡាញ់គេខ្លាំងយ៉ាងណា ក៏មិនគួរអភ័យឱ្យគេនោះដែរ ព្រោះតែនេះជាទង្វើក្បត់ដ៏គួរឱ្យស្អប់ខ្ពើមបំផុត។ មនុស្សប្រុសក្បត់លើកទីមួយ ស្ត្រីអាចអត់ទោសឱ្យបាន។ ប៉ុន្តែបើគេក្បត់អ្នកម្តងហើយម្តងទៀត អ្នកមិនគួរអត់ឱន ទុកឱកាសដដែលៗឱ្យគេនោះឡើយ ព្រោះវាបញ្ជាក់ថា គេគ្មានថ្ងៃកែខ្លួនទេ។ មនុស្សស្រីត្រូវដឹងថា បើអ្នកកាន់តែបន្ទាបខ្លួន មនុស្សប្រុសកាន់តែមើលងាយ។ ដូច្នេះ រៀនចិត្តដាច់ចំពោះមនុស្សប្រុសដែលក្បត់អ្នក។ ប្រសិនបើអ្នកអត់ទោសម្ដងជាពីរដង ពួកគេនឹងគិតថាអ្នកល្ងង់ ហើយនឹងរកវិធីក្បត់អ្នកម្តងទៀត។
២. គ្មានទំនួលខុសត្រូវ
ភាពគ្មានទំនួលខុសត្រូវ នេះជាសញ្ញាដែលបង្ហាញថា មនុស្សប្រុសម្នាក់នោះ មិនអាចឱ្យអ្នកពឹងពាក់ជាដៃគូទៅថ្ងៃមុខបានឡើយ។ មនុស្សប្រុសប្រភេទនេះ បើបានជាគូ ច្បាស់ណាស់ថា គេនឹងទម្លាក់បន្ទុកជីវិតទាំងប៉ុន្មានមកលើអ្នក សូម្បីតែកំហុសរបស់គេ ក៏គ្មានឱ្យអ្នកជាអ្នកទទួលរ៉ាប់រងផងដែរ។ ដូច្នេះ បើអ្នករស់នៅជាមួយមនុស្សប្រភេទនេះ អ្នកនឹងគ្រាំចិត្តមួយជីវិត។
មនុស្សស្រី បើអ្នកយកប្ដី គឺត្រូវតែជាបុរសដែលមានទំនួលខុសត្រូវខ្ពស់ចំពោះជីវិតគូ រ៉ាប់រងរាល់បន្ទុក បញ្ហា ការលំបាកទាំងអស់នៅក្នុងគ្រួសារ ជាមនុស្សដែលហ៊ានលះបង់ ហ៊ានប្រឈមមុខ មិនមែនឱ្យអ្នកលំបាកតែម្នាក់ឯងនោះឡើយ។ មនុស្សប្រុសដែលមិនហ៊ានទទួលខុសត្រូវលើអ្វីដែលខ្លួនធ្វើ គឺជាប្រុសកំសាកបំផុត។ ប្រសិនបើអ្នកមានដៃគូបែបហ្នឹង អ្នកមិនគួរនៅទ្រាំ រង់ចាំគេកែខ្លួននោះឡើយ។ ការមិនទទួលខុសត្រូវគឺជាសញ្ញានៃមនុស្សអសមត្ថភាព ដែលព្យាយាមបន្ទោសអ្នកដទៃចំពោះអ្វីៗគ្រប់យ៉ាង។
៣. មនុស្សប្រុសអាត្មានិយម
ស្ត្រីដែលរៀបការមានទុក្ខរាប់សែន ប៉ុន្តែវេទនាបំផុតមួយគឺរៀបការជាមួយប្តីអាត្មានិយម។ រៀបការជាមួយប្ដីប្រភេទនេះ អ្នកនឹងមិនអាចរស់នៅបានសមដូចបំណងឡើយ។ មនុស្សប្រុសបែបហ្នឹង តែងតែចង់គ្រប់គ្រង ត្រួតត្រា និងដាកើសម្ពាធលើអ្នក។ អំពើផិតក្បត់អាចត្រូវបានលើកលែងទោសក្នុងករណីខ្លះ ប៉ុន្តែភាពអាត្មានិយម ឃុំគ្រង បិទសិទ្ធិសេរីភាពនេះ គឺមិនអាចអត់ឱនបានទេ។ ដូច្នេះក្នុងអាពាហ៍ពិពាហ៍បើអ្នកត្រូវប្តីធ្វើបាប អ្នកក៏មិនគួរនៅទ្រាំជាមួយនឹងមនុស្សបែបហ្នឹងនោះដែរ៕