មនុស្សខ្លះ គ្រាន់តែចៃដន្យដើរកាត់ជីវិតយើងប៉ុណ្ណោះ ដូច្នោះហើយ កុំដាក់មនោសញ្ចេតនាលើនរណាម្នាក់ខ្លាំងពេក

ជាធម្មតារាល់ការរាប់អាន ឬទំនាក់ទំនងណាមួយ​ រមែងទាមទារចង់បានភាពស្មោះត្រង់ និងមនោសញ្ចេតនាមួយដ៏ស៊ីជម្រៅ ព្រោះបើមិនមានមនោសញ្ចេតនា ឬអារម្មណ៍ចំពោះគ្នារាក់កំផែលពេក ក៏មិនអាចបន្តទំនាក់ទំនងស្អិតរមួត ឬជិតស្និទ្ធបានដែរ។ ប៉ុន្តែ សម្រាប់អទំនាក់ទំនងខ្លះ ឬសេចក្ដីរាប់អានខ្លះ សូមកុំដាក់មនោសញ្ចេតនា ឬការស្រឡាញ់លើគេងប់ងល់រហូតដល់ភ្លេចខ្លួនឯង ឬធ្វើបាបខ្លួនឯងខ្លាំងពេក ព្រោះមនុស្សខ្លះ ពេលខ្លះ គ្រាន់តែចៃដន្យឆ្លងកាត់ ជីវិតយើងតែមួយពេលខ្លីតែប៉ុណ្ណោះ មិនមែនគេចូលមកដើម្បីច្បាស់លាស់ជាមួយយើងរហូតនោះឡើយ។

Cover Copy

ជាពិសេសចំពោះស្នេហា មិនមែនរាល់ការស្រឡាញ់ ភាពស្មោះត្រង់ និងការលះបង់ដែលយើងបានផ្ដល់ឱ្យគេទាំងអស់នោះ សុទ្ធតែអាចទទួលបានពីគេត្រឡប់មកវិញនោះទេ ពេលខ្លះ ការលះបង់របស់យើង សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឱ្យគេ វាគ្រាន់តែជាការផ្ដល់ឱ្យតែម្ខាងប៉ុណ្ណោះ ចំណែកគេវិញ គេគ្រាន់តែចៃដន្យដើរចូលមកក្នុងជីវិតយើង ឬគ្រាន់តែចង់ចូលមកក្នុងជីវិតយើងដើម្បីកំដរអារម្មណ៍មួយពេលរបស់គេ មិនមែនគេចង់ច្បាស់លាស់ ឬប្រាកដប្រជាជាមួយយើងឡើយ អ៊ីចឹងហើយ ត្រូវឱ្យតម្លៃដល់ខ្លួនឯងផង ចូររក្សាចិត្ត និងទុកក្ដីស្រឡាញ់ឱ្យខ្លួនឯងឱ្យបានច្រើន កុំឱ្យគេអស់ រហូតដល់លែងសល់សូម្បីតែក្ដីសង្ឃឹម និងកម្លាំងចិត្តសម្រាប់ខ្លួនឯង។

A64b6ff1d8ce42490396408d3f961add

រៀនទទួលស្គាល់ការពិត រៀនគ្រប់គ្រងចិត្ត ចំពោះមនុស្សខ្លះ បើទោះជាគេធ្វើល្អនឹងយើងយកចិត្តទុកដាក់ជាមួយយើង ឬធ្លាប់លះបង់ឱ្យយើងក៏ពិតមែន តែមិនមែនមានន័យថា គេមានចិត្តឱ្យយើង ឬស្រឡាញ់យើងនោះឡើយ អ្នកខ្លះ គេឱ្យមនោសញ្ចេតនាមកយើង ត្រឹមជាមិត្តល្អ ឬបងប្អូនល្អរបស់គេប៉ុណ្ណោះ ឬអាចមកពីយើងល្អចំពោះគេ ទើបគេចង់តបស្នងយើងវិញតេប៉ុណ្ណឹង តែបើឱ្យលើសពីភាពជាមិត្ត ឬជាបងប្អូនល្អ គេក៏មិនបានគិតនោះដែរ ដូច្នេះហើយ ឱ្យចេះគ្រប់គ្រងចិត្តខ្លួនឯង​ កុំជ្រួលច្រាល ព្រោះតែទង្វើ ឬសម្ដីល្អរបស់គេ ក៏ដាក់ចិត្ត និងមនោសញ្ចេតនាទៅគេអស់ ពេលនោះ អ្នកប្រាកដជាត្រូវឈឺចាប់ និងអស់សង្ឃឹមកាន់តែខ្លាំងមិនខានឡើយ ឱ្យដឹង និងទន្ទេញឱ្យចាំថា មនុស្សខ្លះ គេគ្រាន់តែចៃដន្យឆ្លងកាត់ជីវិតយើងមួយពេលខ្លី ឬអាចនិយាយបានថា គេគ្រាន់តែចូលមកបង្កើតការចងចាំ អនុស្សា និងមេរៀនមួយចំនួនឱ្យយើងតែប៉ុណ្ណឹងឯង មិនមែនមានចិត្តឱ្យយើងនោះឡើយ៕