អ្វីដែលសំខាន់បំផុតមិនមែនត្រឹមតែទ្រព្យសម្បត្តិ លុយកាក់ប៉ុណ្ណោះទេ តែការមានសុខភាពល្អទើបជារឿងសំខាន់ក្នុងជីវិតរបស់មនុស្ស។ សុខភាពល្អ គ្មានជំងឺគឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន អាចរស់នៅបានយូរអង្វែង បើគ្មានសុខភាពទេ ទោះជាអ្នកមានពេលវេលាច្រើនប៉ុនណា មានប្រាក់ច្រើនប៉ុនណាអាចទិញរបស់គ្រប់យ៉ាង ក៏អ្នកសោយសុខមិនបានដែរ ។
ចង់បានសុខភាពល្អ គឺត្រូវមានទម្លាប់ល្អ ទម្លាប់ទាំង ៨ នេះ អាចជួយឱ្យសុខភាពរឹងមាំបាន ឃ្លាតឆ្ងាយពីជំងឺ ចូលអានអត្ថបទខាងក្រោមនេះថាតើអ្នកត្រូវបានប៉ុន្មានចំណុចខ្លះ។
១. ឆាប់គេងឆាប់ក្រោក
ឆាប់ចូលគេងឆាប់ក្រោក មានប្រយោជន៍ណាស់ចំពោះសុខភាព បើដំណេកមិនគ្រប់គ្រាន់ទេ មានទម្លាប់គេងយប់ជ្រៅ គឺអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ បែបនេះបង្កឱ្យមានជំងឺដោយមិនដឹងខ្លួន។ ដូច្នេះត្រូវបង្កើតទម្លាប់ល្អឆាប់គេងឆាប់ក្រោកនេះ ធ្វើឱ្យខ្លួនប្រាណមានការសម្រាកបានគ្រប់គ្រាន់ ទើបមិនអាចត្រូវបានជំងឺវាយាយី។
២. មិនខឹងឆេវឆាវ
ពាក្យចាស់ពោលថា ៖ “ខឹងខុស ខឹងខូច ខឹងខាត” ដោយហេតុនេះ យើងអាចឃើញបានថា ឱ្យតែយើងកើតក្តីខឹងក្រោធច្រើន នឹងធ្វើឱ្យខូចប្រយោជន៍ជាមិនខាន។ បើអ្នកឧស្សាហ៍ខឹងនោះ យូរទៅកំហឹងទាំងនេះប្រមូលផ្តុំក្នុងខ្លួនមិនរំសាយ នឹងធ្វើឱ្យរាងកាយរងការប៉ះពាល់គ្រប់ប្រភេទ។ ល្អបំផុតគឺបើកចិត្តឱ្យទូលាយ កុំខឹង ទើបអាចរក្សាលំនឹងសុខភាព ឃ្លាតឆ្ងាយពីជំងឺបាន។
៣. របបអាហារ
ថាមពលនៃរូបរាងកាយ មានប្រភពមកពីអាហារ។ ត្រូវបរិភោគអាហារទៀងពេលគឺ មួយថ្ងៃទទួលទានអាហារ៣ពេល មិនត្រឹមតែត្រូវការតុល្យភាពនៃសារជាតិចិញ្ចឹមនោះទេ កាន់តែត្រូវប្រុងប្រយ័ត្នទៅលើរបបអាហារ កុំហូបប្រៃពេក ប្រេងពេក ហឹរពេក និងរស់ជាតិដិតពេក ហើយបដិសេធចំពោះអាហារបំពង ចៀសវាងការធាត់ខ្លាំង។ បង្កើតទម្លាប់បរិភោគរស់ជាតិសាប ទើបអាចរក្សាសុខភាពរាងកាយកាន់តែល្អ។
៤. កាត់បន្ថយចំណង់វត្ថុ
កាត់បន្ថយចំណង់វត្ថុ គឺជាការចេះស្កប់ស្កល់ កុំលោភលន់ហួសប្រមាណ។ ពុំដូច្នោះទេដោយសារតែចិត្តចង់បានពេក អ្នកខំប្រឹងប្រើគ្រប់មធ្យោបាយទៅរកប្រាក់មិនគិតសុខភាព ដូច្នេះហើយអ្នកត្រូវគ្រប់គ្រងការទាមទារ និងចំណង់របស់ខ្លួន ពេលណាក្នុងចិត្តអ្នកគ្មានការទាមទារច្រើនពេក អារម្មណ៍អ្នកធូរស្រាលហើយនោះ អាចជួយដល់សុខភាពមួយផ្នែកធំដែរ។
៥. ដឹងពីភាពក្តៅត្រជាក់
អាកាសធាតុប្រែប្រួល ត្រូវចេះមើលថែសុខភាពខ្លួន កុំចេះតែយល់ថាខ្លួននៅក្មេង មិនខ្វល់ពីភាពក្តៅត្រជាក់ ចេះតែបណ្តោយខ្លួនតាមចិត្ត ពេលក្តៅ និងពេលត្រជាក់ដឹងថាគួរហូប និងធ្វើរឿងអ្វី វាល្អជាងការហូបអាហារប៉ូវថ្លៃៗទៅទៀត។
៦. មើលសំខាន់លើរូបរាងកាយ
មានជំងឺជាច្រើនសុទ្ធតែផ្តល់សញ្ញាជាមុន មានមនុស្សមួយចំនួនពេលដែលខ្លួនមិនសូវស្រួលខ្លួន មិនបានចាប់អារម្មណ៍ឡើយ ទុកយូរៗទៅក្លាយទៅជាជំងឺធ្ងន់ធ្ងរ។ ពេលដែលរាងកាយចេញរោគសញ្ញានោះត្រូវចេះយកចិត្តទុកដាក់ឆាប់ៗសង្កេតមើល ។ ពេលហត់ត្រូវឆាប់សម្រាក មិនស្រួលឆាប់ទៅពិនិត្យ ពេលមានជំងឺតិចតួចឆាប់ព្យាបាលឱ្យទាន់ពេល។
៧. ហូបអាហារពេលព្រឹក
ពាក្យចាស់ពោលថា “ចង់បានសុខភាពល្អ ត្រូវហូបអាហារពេលព្រឹកឱ្យឆ្អែត” ការហូបអាហារពេលព្រឹកធ្វើឱ្យអ្នកឃ្លាតឆ្ងាយពីជំងឺឈឺក្រពះ ការកើតជំងឺគ្រោះក្នុងប្រមាត់ក៏មានកម្រិតទាបដែរ ធ្វើឱ្យមានសារជាតិចិញ្ចឹមគ្រប់គ្រាន់។ បើមានទម្លាប់មិនហូបអាហារពេលព្រឹក អាស៊ីតក្រពះបញ្ចេញច្រើនលើសលប់ បណ្តាលឱ្យកើតជំងឺក្រពះ។ សម្ពាធឈាមទាប ធ្វើឱ្យស្មារតីកាន់តែអន់ខ្សោយ ប៉ះពាល់ដល់ការងារ ខូចសុខភាព។ ការហូបអាហារពេលព្រឹក ទើបអាចធ្វើឱ្យរាងកាយផ្គត់ផ្គង់ថាមពលបានគ្រប់គ្រាន់។
៨. មានព្រំដែន
បច្ចុប្បន្នសង្គមរីកចម្រើន ភាពពង្វក់ច្រើនអនេក បើគ្មានវិន័យចំពោះខ្លួនទេ ធ្វើរឿងហួសប្រមាណ គឺអាចធ្វើឱ្យខ្លួនឈ្លក់វង្វេងក្នុងផលប្រយោជន៍ខ្លាំង ការមានព្រំដែននៅត្រង់នេះចង់បង្ហាញថា មិនដោយសារការខំរកប្រាក់ខ្លាំងពេកបំផ្លាញទាំងកិត្តិយស និងសុខភាពរបស់ខ្លួន គ្រប់រឿងរ៉ាវសុទ្ធតែត្រូវមានព្រំដែន ដឹងថាមួយណាសំខាន់ជាង ព្រោះថាពេលដែលគ្មានសុខភាពហើយ អ្វីៗគឺសូន្យ៕
អត្ថបទ ៖ បក្សី ទេព / Knongsrok