មនុស្សម្នាក់ៗ តើត្រូវខូចចិត្តប៉ុន្មានដង ទម្រាំបានជួបមនុស្សច្បាស់លាស់ និងជាគូជីវិតពិតនោះ? មានអ្នកខ្លះខូចចិត្តរាប់ភ្លេច ទម្រាំបានជួបដៃគូពិត មនុស្សដែលត្រូវចិត្ត មនុសសដែលសក្តិសមនឹងរួមដំណើរជីវិតជាមួយគ្នា ក៏មានទាំងអ្នកខ្លះ ខូចចិត្ត ឈឺចាប់ច្រើនដងពេក ក៏រៀងចាល ខ្លាចនឹងមានស្នេហា ខ្លាចនឹងស្រឡាញ់ ឬផ្ដើមស្នេហាថ្មីថែមទៀតផង។
ជាការពិត ធម្មតាទេ តែខូចចិត្តច្រើនដងពេក អាចនឹងស្បថ ឈប់ចង់ស្រឡាញ់មែនហើយ តែបើឱ្យត្រឡប់ការគិតមកវិញជាថ្មី ពេលខ្លះ អាចប្រហែលមកពីយើងជាប់កម្ម ជំពាក់ពៀរជាមួយអ្នកនេះ ឬអ្នកនោះច្រើនពេក ទើបត្រូវជួបបែកៗ ដើម្បីលាងកម្មនឹងគ្នាក៏ថាបានដែរ តែត្រុវចាំថា មនុស្សយើងម្នាក់ៗ គឺសុទ្ធតែមានគូ សុទ្ធតែអាចបានជួបមនុស្សដែលល្អ ត្រូវចិត្ត សក្តិសមនឹងរួមដំណើរជីវិតជាមួយយើងយ៉ាងពិតប្រាកដ គ្រាន់តែថា យើងអាចនឹងចំណាយពេលយូរបន្តិច ទម្រាំតែបានជួបគ្នា អ្នកខ្លះ សឹងតែថា ពាក់កណ្ដាលជីវិតឯណោះ ទើបអាចជួបមនុស្សដែលសក្តិសមពិតប្រាកដ។
មនុស្សដែលសក្តិសមនឹងយើង មនុស្សដែលជាគូជីវិតពិតរបស់យើង ទោះជាយ៉ាងណា មិនថានៅឆ្ងាយពីគ្នាបែបណា មិនថាគេត្រូវមកជួបយើងក្នុងកាលៈទេសៈ ឬស្ថានភាពបែបណា ក៏គេនៅតែអាចទទួលយកយើងបានជានិច្ច ហើយចូលមកបន្ថែមអត្ថន័យឱ្យជីវិតយើង បង្កើតសុភមង្គលពិតឱ្យយើងថែមទៀតផង។ ជឿថា ទោះជាយ៉ាងណា ក៏គេពិតជាមនុស្សចុងក្រោយ ដែលព្រមលះបង់ឱ្យយើងគ្រប់បែបយ៉ាង ក៏មានទាំងអ្នកខ្លះ ព្រមរង៊ចាំយើងដោយគ្មានការសោកស្ដាយទៀតផង៕
ក្នុងស្រុកសូមរក្សាសិទ្ធ