មានអាហារសាមញ្ញជាច្រើន ដែលយើងអាចទទួលទានដើម្បីបំពេញថាមពលជំនួសបាយ ហើយវាថែមទាំងសម្បូរទៅដោយសារធាតុចិញ្ចឹម និងល្អដល់ប្រព័ន្ធរំលាយអាហារទៀតផង។ យើងណែនាំអាហារទាំង ៥ ដូចខាងក្រោម៖
៥) ដំឡូងជ្វា
បើធៀបទៅនឹងបាយ ដំឡូងជ្វាមានជាតិខារ៉ូទីនខ្ពស់ ហើយក៏សម្បូរទៅដោយជាតិសរសៃជាងដែរ ពោលវាធ្វើឲ្យយើងឆ្អែតបានយូរ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងបញ្ចៀសការទល់លាមក។
លើសពីនេះដំឡូងជ្វាក៏មានកាឡូរីទាបជាងដំឡូងបារាំង និងបាយ ហើយក៏មានបរិមាណស្ករធម្មជាតិនៅក្នុងនោះតិចជាង ដែលល្អទាំងស្រុងចំពោះសុខភាពជាងការទទួលទានបាយ។
៤) ពោត
ពោតគឺជាកាបូអ៊ីដ្រាតស្រដៀងទៅនឹងស្រូវអង្ករដែរ។ យ៉ាងណាពោតសម្បូរទៅដោយជាតិសរសៃ (Fiber) ហើយខ្លាញ់ល្អ Omega-3 និង Omega-6។ យ៉ាងណាវាមានជាតិប្រូតេអ៊ីនទាប បើយល់ល្អគួរលាយវាជាមួយអាហារដទៃទៀត ដូចជាស៊ុត សាច់ ទឹកដោះគោជាដើម។
៣) ស្ពៃក្តោប
ស្ពៃក្តោបគឺជាបន្លែដែលអាចបរិភោគជំនួសបាយបានយ៉ាងអស្ចារ្យ ព្រោះវាសម្បូរទៅដោយជាតសរសៃ វីតាមីន C, K, កាល់ស្យូម និងម៉ាញេសូម។ អ្នកអាចយកស្ពៃក្តោបមកស្រុះដោយមិនប្រើប្រាស់ខ្លាញ់ ដើម្បីបន្ថែមជីវជាតិ និងងាយស្រួលទទួលទាន។
២) ផ្កាខាត់ណា
ផ្កាខាត់ណា សម្បូរទៅដោយសារធាតុចិញ្ចឹម និងជាជម្រើសល្អ ជំនួសបាយ ដោយវាមានសារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ អ្នកអាចយកវាទៅស្ងោរ យកមកទទួលទានក៏ល្អដែរ។
១) ប្រភេទសណ្តែក
វាមានជាតិកាបូអ៊ីដ្រាតខ្ពស់ ប្រូតេអ៊ីនកម្រិតមធ្យម និងខ្លាញ់ធាត់តិចតួចបំផុត។ ជាងនេះវាក៏ជួយបំពេញភាពឃ្លាន ជួយឲ្យយើងឆ្អែតបានរយៈពេលយូរផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក